ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​ប្រឆាំង​បារម្ភ​ថា​ប៉ូលិស​ទាហាន​ទៅ​បោះឆ្នោត​នៅ​ឃុំ​សង្កាត់​ដែល​មិន​មែន​ជា​លំនៅឋាន​ខ្លួន

  • ហ៊ាន សុជាតា

រូបឯកសារ៖ ទិដ្ឋភាពនៅការិយាល័យបោះឆ្នោតមួយនៅក្រុងកំពង់ចាម កាលពីថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣។ (ហេង រស្មី/VOA)

នា​ពេល​កន្លង​មក​ បញ្ជី​ឈ្មោះ​បោះឆ្នោត ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ គឺ​ជា​បញ្ហា​ចម្រូងចម្រាស​មួយ​យ៉ាង​ធំ​ចំពោះ​ការ​បោះឆ្នោត​អាណត្តិ​មុនៗ ដែល​ជារឿយៗ​គណបក្ស​ជំទាស់​ធ្វើ​ការ​តវ៉ា​ ដោយ​អះអាង​ថា​ លទ្ធផល​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ច្រើន។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ពិនិត្យ​និង​ចាត់​វិធានការ​លើ​ភាព​មិន​ប្រក្រតី​ដែល​គណបក្ស​នេះ​អះអាង​ថា​ មាន​ការ​ចាត់​តាំង​កង​កម្លាំង​ប្រដាប់​អាវុធ​យោធា​ និង​នគរបាល​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់ ដែល​មិន​មែន​ជា​ទីលំនៅឬ​ទី​សំណាក់​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​យោធា​ និង​នគរបាល​ទាំង​នោះ។ ក៏​ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​យោធា​ និង​នគរបាល​កម្ពុជា​លើក​ឡើង​ថា ​ការ​ចុះ​ឈ្មោះ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​យោធា​ និង​នគរបាល​ នោះ​ មិន​មាន​អ្វី​ផ្ទុយ​ពី​ច្បាប់​បោះ​ឆ្នោត​នោះ​ទេ។​

ការ​ស្នើសុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ ធ្វើ​ឡើង​តាម​រយៈ​លិខិតមួយ​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២ ខែ​កញ្ញា។​

លោក​ អេង​ ឆៃ​អៀង​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ប្រាប់ ​VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ភាព​មិន​ប្រក្រតី​នោះ​ បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​សៀម​រាប និង​ខេត្ត​ព្រះវិហារ។ លោក​ថា​ ​សកម្មភាព​ទាំង​នោះ​ គឺ​ជា​ការរំលោភ​ច្បាប់ និង​នីតិវិធីបោះឆ្នោត​ មាន​លក្ខណៈផ្ទុយ​ពី​ឆន្ទៈ​របស់​សាមី​ខ្លួន​ និងគំរាមកំហែង​ដល់​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ដទៃទៀត។

លោក អេង​ ឆៃ​អៀង​ បញ្ជាក់​ថា៖

«ជា​ការ​រៀប​ចំ​របស់​ស្ថាប័ន​ បើ​សិន​ជា​បុគ្គល​គាត់​ទៅ​ចុះ​ឈ្មោះ​ដោយ​ឆន្ទៈ​របស់​គាត់ ខ្ញុំ​អត់​ជំទាស់​ទេ‍។ ​ផ្ទុយ​ពី​ការ​បោះឆ្នោត​តំណាងរាស្ត្រ​ អត់​បញ្ហា​ទេ​ ព្រោះ​តំណាងរាស្ត្រ​ដែល​ជាប់​ឆ្នោត​ តំណាង​ឲ្យ​ប្រជាជាតិ​ខ្មែរ​ ទូទាំង​ប្រទេស។​ ប៉ុន្តែ​បោះឆ្នោត​មូលដ្ឋាន​នេះ​ អ្នក​ជាប់​ឆ្នោតត្រូវ​បម្រើ​ឆន្ទៈ ​អ្នក​នៅ​មូលដ្ឋាន ឬ​រស់​នៅ​ទីនោះ។ កង​ប្រដាប់​អាវុធ​ហ្នឹង​អត់​មាន​ទី​សំណាក់​នៅ​ហ្នឹង ដឹក​ពី​កន្លែង​ផ្សេង​មក​ ហើយ​ទៅ​ឲ្យ​មេ​ឃុំ​ បញ្ជាក់​ទី​លំនៅ​ឲ្យ ហើយ​យក​មនុស្ស​មក​ធ្វើ​សាក្សី​ ហើយ​សាក្សី​ហ្នឹង​ មិន​ទាំង​ស្គាល់​មនុស្ស​ហ្នឹង​ផង។​ ទី១​ ​វាអត់​ស្រប​នឹង​ឆន្ទៈ​សាមី​ខ្លួន​ផង​ ទី២​លទ្ធផល​ឆ្នោត​ហ្នឹង​ វា​អត់​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​នោះ»។

នា​ពេល​កន្លង​មក​ បញ្ជី​ឈ្មោះ​បោះឆ្នោត ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ គឺ​ជា​បញ្ហា​ចម្រូងចម្រាស​មួយ​យ៉ាង​ធំ​ចំពោះ​ការ​បោះឆ្នោត​អាណត្តិ​មុនៗ ដែល​ជារឿយៗ​គណបក្ស​ជំទាស់​ធ្វើ​ការ​តវ៉ា​ ដោយ​អះអាង​ថា​ លទ្ធផល​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ច្រើន។ ​

លោក​ សំ​ គន្ធាមី​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និកហ្វិក ឲ្យ​ដឹង​ថា​ ពិត​ជា​មាន​ករណី​ទាហាន ឬ​ប៉ូលិស​ក្នុង​ឯកសណ្ឋាន​ស៊ីវិល​ ​មក​សុំ​បញ្ជាក់​ទី​សំណាក់​ជា​បន្តបន្ទាប់​ ដើម្បីទៅ​ចុះ​ឈ្មោះ​នៅ​ក្នុង​ខេត្ត​សៀមរាប​ពិត​មែន។​ ក៏ប៉ុន្តែ​លោក​ថា​ ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​បដិសេធ​ ដោយសារ​ពួក​ទាហាន​ទាំង​នោះ​មិន​មែន​ជា​អ្នក​រស់​នៅ​ទីនោះ។

«ខាង​ខ្ញុំ​នៅ​សៀមរាប អ្នក​សង្កេតការណ៍​ខ្ញុំ​រាយការណ៍​ថា ពួក​ទាហាន​ គាត់​មក​សុំ​ចុះឈ្មោះ​[បោះឆ្នោត​ ] នៅ​ក្រុង​សៀមរាប សង្កាត់៧។ ប៉ុន្តែ​មេឃុំ​អត់​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ​ឲ្យ​ទេ ព្រោះ​ទាហាន​នៅ​ស្រុក​ផ្សេង។ ដូច្នេះ​ គាត់​អត់​បាន​ចុះ​ឈ្មោះ​ទេ»។

លោក​ សំ​ គន្ធាមី​ ​មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​ចំនួន​ទាហាន ឬ​នគរបាល​ ដែល​បាន​សុំ​បញ្ជាក់​ទី​សំណាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះ​នៅ​ឡើយ​ទេ។​

លោក​ ឈុំ សុជាតិ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ មិន​បាន​បដិសេធចំពោះ​ការ​ទៅ​ចុះឈ្មោះ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​យោធា​នោះ។ ក៏​ប៉ុន្តែ​លោក​ថា ការ​ចុះ​ឈ្មោះនោះ​មិន​មាន​អ្វីខុស​នឹង​នីតិវិធី​ចុះ​ឈ្មោះ​ថ្មី​របស់​គ.ជ.ប.​នោះ​ទេ។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​រូប​នេះ​បញ្ជាក់​ប្រាប់ VOA ថា៖

«ដឹក​ច្រើន​ ឬ​តិច ជា​រឿង​របស់​ទាហាន ព្រោះ​គេ​ផ្លាស់​ប្តូរ​កម្លាំង​ទៅ​យាម​នៅ​សមរភូមិ​មុខ។ គេ​មិន​អាច​ដឹកនាំ​មក​ម្តង​ម្នាក់ៗ​ទេ​ ពេល​ដែល​ទំនេរ​គេ​ដឹក​មក​ ហើយ​គេ​ទៅ​បំពេញ​ភារកិច្ច​គេ​វិញ។​ ការ​ចុះ​ហើយ​ទាហាន​អស់​នឹង​ សុទ្ធ​តែ​ជា​អ្នក​ឈរ​ជើង​នៅ​ភូមិសាស្ត្រ​នឹង​ទេ​ អត់​មាន​អ្នក​មក​ពី​ឆ្ងាយ​ទេ»។​

លោក ​ខៀវ ​សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​ថ្លែង​ថា​ លោក​មិន​ទាន់​បាន​ដឹង​រឿង​នេះ​ទេ​ ក៏​ប៉ុន្តែ​លោក​អះអាង​ថា ​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គឺ​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​គ.ជ.ប.​ ដែល​ជា​ស្ថាប័ន​ជំនាញ​ និង​មាន​អ្នក​សង្កេត​ការណ៍​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។

​លោក​ ហង្ស ​ពុទ្ធា ​អ្នក​នាំ​ពាក្យ​គ.ជ.ប. ​បញ្ជាក់​ប្រាប់ VOA ​ថា ​គ.ជ.ប​បាន​បញ្ចូល​ក្រុម​ការងារ​របស់​ខ្លួន​ដើម្បីធ្វើ​ការ​ស្រាវជ្រាវករណី​នេះ​ហើយ។ រីឯចំណាត់​ការ​យ៉ាងណា​នោះ​ លោក​ថា​ នឹង​ធ្វើ​ឡើង​ក្រោយ​ការ​ស៊ើប​អង្កេត​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់ និង​ស្ថានភាព​ជាក់ស្តែង។​

«ច្បាប់​ចែង​អំពី​ការ​សម្រេច​ចិត្ត​របស់​គាត់​អាច​ចែង​បាន​នៅ​ទី​សំណាក់។ ចឹង ប៉ូលិស ទាហាន​ ​ ដែល​នៅ​តាម​ព្រំ​ដែន​ ឬ​នៅ​ចំណុច​ណាមួយ​ គាត់​ច្បាស់​ជា​ត្រូវ​ធ្វើការ​ នៅ​កន្លែង​ផ្សេង​ខុស​ពី​ផ្ទះ​គាត់។ ទី​សំណាក់​របស់​គាត់​ បន្ទាយ​ទាហាន​នៅ​កន្លែង​ណា​ក៏​ដោយ ប្រាកដ​ជា​ស្ថិត​ក្នុង​ឃុំ​សង្កាត់​ណា​មួយ​ ចឹង​គាត់​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ចុះឈ្មោះ​នៅ​ទី​នោះ​តែ​ម្តង ដើម្បី​បំពេញ​តួនាទី​ជា​អ្នក​ការពារ​សន្តិសុខ​ផង​ និង​ជា​ពលរដ្ឋ​ក្នុង​ការ​ចុះឈ្មោះ​បោះឆ្នោត​ផង»។

​លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ទៀត​ថា​ សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ​គ.ជ.ប.​នឹងសហការ​ជាមួយ​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហាផ្ទៃ​ ​ធ្វើការបែងចែកក្រុម​មន្ត្រី​ប៉ូលិស​ ឬ​ទាហាន​យ៉ាង​ហោច​ណាស់​៣​រូប​ ឲ្យ​ទៅ​ចុះឈ្មោះ និង​បោះឆ្នោតនៅ​តាម​ការិយាល័យបោះ​ឆ្នោត​នីមួយ។​ ជា​សរុប ​គ.ជ.ប.​ នឹង​រៀបចំ​មន្ត្រី​ប៉ូលិស​ ឬ​ទាហាន​ដែល​មាន​ជំនាញ​ការពារ​សន្តិសុខ​ ​ប្រមាណ​៧​ម៉ឺន​នាក់ សម្រាប់​ ការិយាល័យ​បោះឆ្នោត​ទាំង​ជាង​២ម៉ឺនទូទាំង​ប្រទេស។​

ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​អ្នក​បោះឆ្នោត​ បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី១​ ខែ​កញ្ញា​នេះ​ ហើយ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ខាង​មុខ។​

គិត​ត្រឹម​ថ្ងៃ​ទី​២២​ ខែ​កញ្ញា ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ មាន​ចំនួន​ជាង​៣លាន​នាក់​ហើយ៕

XS
SM
MD
LG