កម្លាំងនៃទំនាក់ទំនងពិសេសបានត្រូវសាកល្បងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយមនុស្សរាប់ពាន់នាក់កំពុងប្រុងប្រៀបចេញទៅតាមផ្លូវនានាដើម្បីតវ៉ាប្រឆាំងដំណើរទស្សនកិច្ចនេះ។
សីតុណ្ហភាពនៅចក្រភពអង់គ្លេសកំពុងកើនឡើង ហើយសីតុណ្ហភាពខាងនយោបាយក៏កំពុងកើនឡើងដែរ។ ដំណើរទស្សនកិច្ចនៅពេលខាងមុខរបស់ប្រធានាធិបតីអាមេ រិក ដូណាល់ ត្រាំ បានផ្តល់កម្លាំងដល់អ្នកដែលជំទាស់ប្រឆាំងទស្សនៈរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលើបញ្ហានានាដូចជាជនអន្តោប្រវេសន៍និងការផ្លាស់ប្តូរអាកាសធាតុ។ អ្នកស្រី Terry អ្នកក្រុងឡុងដ៍បានថ្លែងថា៖ «ខ្ញុំនឹងចេញមកធ្វើបាតុកម្ម។ខ្ញុំមិនមែនជាអ្នកធ្វើបាតុកម្មទេ ក៏ប៉ុន្តែ ខ្ញុំមានអារម្មណ៍យ៉ាងខ្លាំងថា ប្រធានាធិបតី ដូណាល់ ត្រាំ មិនត្រូវបានទទួលការស្វាគមន៍នៅទីនេះទេ»។
លោក Cameron Smith ជាអ្នកក្រុងឡុងដ៍ម្នាក់ទៀតនិយាយថា៖ «ខ្ញុំមិនយល់ស្របចំណុចជាច្រើនដែលប្រធានាធិបតីត្រាំបានធ្វើ ក៏ប៉ុន្តែ នៅពេលជាមួយគ្នានោះដែរ ខ្ញុំគិតថា ប្រធានាធិបតីត្រាំធ្វើកិច្ចការបានយ៉ាងល្អសម្រាប់ប្រទេសអាមេរិក។ ដូច្នេះ ខ្ញុំគិតថា លោកគួរតែបំពេញទស្សនកិច្ចទីក្រុងឡុងដ៍ក្នុងនាមជាសម្ព័ន្ធមិត្ត»។
លោក Chris Antoine អ្នកទីក្រុងឡុងដ៍ដែរបាននិយាយថា៖ «វាជាការល្អសម្រាប់លោកត្រាំមកឃើញប្រតិកម្មរបស់ពលរដ្ឋនៅទីនេះ»។
ការតវ៉ាប្រឆាំងត្រូវបានគេគ្រោងឡើងនៅក្នុងទីក្រុងឡុងដ៍ ទោះបី ពួកបាតុករត្រូវគេឲ្យស្ថិតនៅឆ្ងាយពីប្រធានាធិបតីក៏ដោយ។ លោក David Sergeant នៅវិទ្យាស្ថានគោលនយោនបាយអភិរក្សនិយមរបស់អង្គការ BOW បាននិយាយថា៖ «យើងមិនចង់បានការតវ៉ាប្រឆាំងតូចទេ ក៏ប៉ុន្តែ ចង់បានសំឡេងភាគតិចដែលខ្លាំងនិងមានភាពគគ្លើនខ្លាំងដើម្បីឲ្យគេចាត់ទុកថា ជាសំឡេងតំណាងឲ្យពលរដ្ឋអង់គ្លេសទាំងមូល»។
ប្រធានាធិបតីត្រាំនិងលោកស្រីនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស Theresa May បានចាប់ផ្តើមទំនាក់ទំនងដ៏ល្អនៅឯសេតវិមានកាលពីឆ្នាំ២០១៧ ក៏ប៉ុន្តែ អ្វីដែលគេហៅថា «ទំនាក់ទំនងពិសេស»ឥឡូវនេះត្រូវបានសាកល្បង។ លោកស្រី Leslie Vinjamuri នៅអង្គការគោលនយោបាយ Chatham House បាននិយាយថា៖ «ការបញ្ចូនសារតាមប្រព័ន្ធ Twitter ម្តងហើយម្តងទៀតដោយប្រធានាធិបតីត្រាំ បានធ្វើឲ្យមានការសន្ទនាយ៉ាងខ្លាំងក្នុងសភានិងការតវ៉ាប្រឆាំងនៅតាមផ្លូវនានា។ ហើយលោកត្រាំនឹងមកទីនេះភ្លាមៗបន្ទាប់ពីការយកពន្ធគយលើសហភាពអឺរ៉ុប បន្ទាប់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយប្រហែលនៅពេលថ្មីៗបំផុតនេះគឺសេចក្តីរាយការណ៍ដ៏អាក្រក់បំផុតរបស់សារព័ត៌មានអំពីគោលនយោបាយនៃការបំបែកក្រុមគ្រួសារអន្តោប្រវេសន៍គ្មានក្រដាសស្នាមពីឪពុកម្តាយនិងកូនរបស់ពួកគេ»។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីត្រាំកើតមានឡើងនៅពេលវេលាដ៏សំខាន់នៅពេលដែលចក្រភពអង់គ្លេសប្រុងប្រៀបចាកចេញពីសហភាពអឺរ៉ុប។ រដ្ឋាភិបាលមើលឃើញទំនាក់ទំនងដ៏ខ្លាំងខាងសេដ្ឋកិច្ចនិងសន្តិសុខជាមួយសហរដ្ឋអាមេរិកថាជា ការសំខាន់ដល់ភាពជោគជ័យនៅពេលអនាគតនៅខាងក្រៅសហភាពអឺរ៉ុបនោះ។ លោកDavid Sergeant នៃវិទ្យាស្ថានគោលនយោបាយអភិរក្សនិយមរបស់ក្រុម BOW បាននិយាយថា៖ «ក្នុងសករាជនៃការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុបឬ Brexit យើងចាំបាច់ស្ថាបនាសម្ព័ន្ធភាពនៅជុំវិញសាកលលោក។ ហើយមិនមានសម្ព័ន្ធភាពណាមួយរឹងមាំជាងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកទេ»។
ក៏ប៉ុន្តែ តើប្រធានាធិបតី ដូណាល់ ត្រាំនៅតែភ្ជាប់ទៅនឹងអាទិភាពដដែលជាមួយចក្រ ភពអង់គ្លេសដែរឬទេ?។ លោកស្រី Leslie Vinjamuriនៃក្រុមគោលនយោបាយ Chatham House បាននិយាយថា៖ «ខ្ញុំសង្ស័យថា នឹងមានការបញ្ជាក់បន្ថែមនៃទំនាក់ទំនងរបស់អាមេរិកជាមួយចក្រភពអង់គ្លេស ការតាំងចិត្តដល់កិច្ចព្រមព្រៀងពាណិជ្ជ កម្មខ្លះ ក៏ប៉ុន្តែ ខ្ញុំសង្ស័យថា យើងនឹងឃើញការរីកចម្រើនតិចតួចបំផុតបន្ទាប់ពីប្រធានាធិបតីត្រាំចាកចេញពីអង់គ្លេស។ ពួកអស់លោកនឹងវិលត្រឡប់ទៅប្រធានបទដែលយើងនឹងរំពឹងដូចជា កិច្ចសហប្រតិបត្តិការខាងសន្តិសុខ អង្គការអូតង់»។
សន្និសីទកំពូលរបស់អង្គការអូតង់នៅក្នុងទីក្រុងប្រ៊ុចសែល នឹងធ្វើឡើងមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីត្រាំទៅកាន់ទីក្រុងឡុងដ៍ ហើយបន្ទាប់មក លោកត្រាំមានគម្រោងធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុង Helsinki ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅថ្ងៃទី១៦ ខែកក្កដា។ លោកស្រីLeslie Vinjamuri នៃក្រុមគោលនយោបាយ Chatham House បាននិយាយទៀតថា៖ «ដំណើរទស្សនកិច្ច២ផ្សេងទៀតមានសារៈសំខាន់យ៉ាងខ្លាំងបំផុតដល់ប្រធានាធិបតីអាមេរិកាំង»។
នៅពេលដែលបាតុកររាប់ពាន់នាក់ត្រៀមខ្លួនចេញមកតាមផ្លូវនានា គេនៅមិនទាន់ដឹងថា តើដំណើរទស្សនកិច្ចនេះនឹងមានតួនាទីសំខាន់យ៉ាងដូចម្តេចនៅត្រើយទាំងសងខាងនៃមហាសមុទ្រអត្លង់ទិចនេះ៕
ប្រែសម្រួលដោយជឹង ប៉ូជីន