ចៅក្រមស៊ើបអង្កេតសហព័ន្ធ ដែលបានធ្វើការស៊ើបអង្កេតទៅលើការជ្រៀកជ្រែតរបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ កាលពីថ្ងៃសុក្រ បានសម្រេចចោទប្រកាន់ជនជាតិរុស្ស៊ីចំនួន១៣នាក់ រួមទាំងបុគ្គលិកចំនួន១២ នាក់របស់ក្រុមហ៊ុនរុស្ស៊ី មានទីតាំងនៅក្នុងទីក្រុង St. Petersburg ដែលបានចូលជ្រៀតជ្រែកតាមប្រព័ន្ធអ៊ីនធឺណែត តំណាងឲ្យរដ្ឋាភិបាលក្រុងមូស្គូ។
ការចោទប្រកាន់នោះបានចោទប្រកាន់ទីភ្នាក់ងារស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណែតដែលជាទីភ្នាក់ងារឃោសនាមានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងរដ្ឋាភិបាលវិមានគ្រឹមឡាំង ថា មានជាប់ពាក់ព័ន្ធទៅនឹង«ប្រតិបត្តិការជ្រៀតជ្រែកក្នុងការបោះឆ្នោត និងដំណើរការនយោបាយក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក»។
យោងតាមការចោទប្រកាន់នោះបានបញ្ជាក់ថា បុគ្គលិកក្រុមហ៊ុនទាំង១២នាក់នេះត្រូវបានចោទប្រកាន់ពីការ«ចូលរួមក្នុងប្រតិបត្តិការជ្រៀតជ្រែកក្នុងនយោបាយសហរដ្ឋអាមេរិក»ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ពេលបច្ចុប្បន្ន។
លោក Rod Rosenstein អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានថ្លែងថា«គោលបំណងនៃការចូលជ្រៀតជ្រែកនេះគឺដើម្បីបង្កើនឲ្យមានភាពបែកបាក់កាន់តែខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណៈទៅលើលិទ្ធប្រជាធិបតេយ្យ។ យើងមិនត្រូវអនុញ្ញាតឲ្យក្រុមនេះបានជោគជ័យជាដាច់ខាត»។ ការិយាល័យរដ្ឋអាជ្ញាពិសេសរបស់លោក Robert Mueller បានប្រកាសពីការចោទប្រកាន់ទាំងនេះ។
ការស៊ើបអង្កេតរបស់លោក Mueller ទៅលើការជ្រៀតជ្រែករបស់រុស្ស៊ី បាននាំឲ្យមានការចោទប្រកាន់លោក Paul Manafort អតីតប្រធានយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក ត្រាំ និងសហការីរបស់លោកគឺលោក Rick Gates។
លោក Michael Flynn អតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ និង លោកGeorge Papadopoulo អតីតទីប្រឹក្សាយុទ្ធនាការគោលនយោបាយការបរទេស បានសារភាពកំហុសថាបាននិយាយកុហក FBI អំពីការទាក់ទងរបស់ពួកគេជាមួយពួកមន្រ្តីរុស្ស៊ីនៅអំឡុងពេលធ្វើយុទ្ធនាការ និងអំឡុងពេលផ្ទេរអំណាច៕