លោក Carles Puidgemont មេដឹកនាំតំបន់ Catalonia នៃប្រទេសអេស្ប៉ាញ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាសភា Catalonia នឹងជម្រុលទៅមុខជាមួយការបោះឆ្នោតមួយអំពីឯករាជ្យប្រសិនបើរដ្ឋាភិបាល អេស្ប៉ាញ មិនធ្វើការសន្ទនាហើយធ្វើតាមការគំរាមកំហែងរបស់ខ្លួនថានឹងដកស្វ័យភាពពីតំបន់នេះ។
លោកនាយករដ្ឋមន្ត្រី Mariano Rajoy នៃប្រទេសអេស្ប៉ាញ បានផ្តល់ឱ្យលោក Puidgemont នូវពេលកំណត់ចុងក្រោយបង្អស់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះឱ្យធ្វើការបំភ្លឺថាតើលោកបានប្រកាសឯករាជ្យហើយឬនៅបន្ទាប់ពីមានការបោះឆ្នោតប្រជាមតិមួយកាលពីពេលមុននេះក្នុងខែនេះ។
លោក Puidgemont បានធ្វើសេចក្តីប្រកាសឯករាជ្យជានិមិត្តរូបមួយនៅក្នុងសុន្ទរកថាមួយកាលពីសប្តាហ៍មុន ក៏ប៉ុន្តែលោកបាននិយាយថាលោកបានផ្អាកវិធានការជាផ្លូវការទាំងអស់ដើម្បីធ្វើឱ្យមានកិច្ចចរចាជាមួយរដ្ឋាភិបាលក្រុង Madrid។ លោកបានបង្ហាញគោលជំហរថ្មីបំផុតរបស់លោកនៅក្នុងលិខិតមួយច្បាប់នៅថ្ងៃព្រហស្បតិ៍នេះក្នុងរយៈពេលខ្លីមុនការកំណត់ពេលចុងក្រោយបង្អស់។
ការិយាល័យលោក Rajoy បានឆ្លើយតបឆាប់រហ័សដោយនិយាយថាខ្លួនគ្រោងនឹងធ្វើការប្រជុំពិសេសមួយនៃគណៈរដ្ឋមន្ត្រីនៅថ្ងៃសៅរ៍ដើម្បីប្រើប្រាស់មាត្រាទី១៥៥នៃរដ្ឋធម្មនុញ្ញប្រទេសអេស្ប៉ាញ ដែលផ្តល់ឱ្យរដ្ឋាភិបាលនូវអំណាចដកយកស្វ័យភាពខ្លះឬស្វ័យភាពទាំងអស់នៃតំបន់ Catalonia។
ពួកអ្នកបោះឆ្នោតនៅក្នុងតំបន់ Catalonia បានគាំទ្រឯករាជ្យនៅក្នុងការបោះឆ្នោតប្រជាមតិកាលពីថ្ងៃទី១ខែតុលា ក៏ប៉ុន្តែក្រុមប្រជារាស្ត្រតិចជាងពាក់កណ្តាលចំនួនមនុស្សដែលមានសិទ្ធិបោះឆ្នោតក្នុងតំបន់នោះបានចូលរួមក្នុងការបោះឆ្នោតនោះ ដោយក្រុមប្រឆាំងមិនបានចូលរួមក្នុងការបោះឆ្នោតនោះទេ។ រដ្ឋាភិបាលលោក Rajoy បានបដិសេធការបោះឆ្នោតនោះថាមិនត្រឹមត្រូវតាមច្បាប់ឡើយ៕