ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអេស៉្បាញក្នុងការរារាំងដល់ការបោះឆ្នោតប្រជាមតិថ្នាក់តំបន់មួយទៅលើការផ្តាច់ខ្លួនរបស់តំបន់ Catalonia ចេញពីអេស៉្បាញ បានបង្កឲ្យទៅជាអំពើហិង្សា ខណៈដែលប៉ូលិសបានបិទមណ្ឌលបោះឆ្នោត និងរឹបអូសយកហិបឆ្នោត បើទោះបីជាមានការប្រឆាំងពីអ្នកបោះឆ្នោតនៅទូទាំងតំបន់នេះក៏ដោយ។
យោងតាមមន្ត្រីតំបន់ Catalonia មនុស្សជាង៧៦១នាក់ត្រូវទទួលការព្យាបាលដោយសារការរងរបួស នៅក្នុងការប៉ះទង្គិចនានាដែលកំពុងតែខ្លាំងក្លាឡើង ខណៈដែលការមិនពេញចិត្តរបស់អ្នកបោះឆ្នោតកើនឡើងនៅកន្លែងយាមល្បាតរបស់ប៉ូលិស នៅទូទាំងទីក្រុង Barcelona និងបណ្តាទីក្រុងនានានៅក្នុងតំបន់ Catalonia។
លោកស្រី Soraya Saenz de Santamaria ឧបនាយករដ្ឋមន្ត្រីអេស៉្បាញបានថ្លែងកាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុង Madrid ថា «មិនមានការបោះឆ្នោតប្រជាមតិឬអ្វីទេ»។ លោកស្រីនិយាយថា ការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតរបស់ប៉ូលិសទៅលើការិយាល័យជំរឿនប្រជាជនថ្នាក់តំបន់នោះបានបង្អាក់ដល់សមត្ថភាពក្នុងការរាប់សន្លឹកឆ្នោត។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលថ្នាក់តំបន់ Catalonia ដែលស្នើឲ្យមានការបោះឆ្នោតនេះ និយាយថា ៧៣ភាគរយនៃមណ្ឌលបោះឆ្នោតបានបើក ហើយអ្នកបច្ចេកទេសរបស់ពួកគេកំពុងតែព្យាយាមប៉ះប៉ូវបណ្តាញអ៊ីនធឺណិត។
លោក Jordi Turull អ្នកនាំពាក្យរដ្ឋាភិបាលតំបន់ Catalonia សារភាពថា អ្នកដែលទៅមណ្ឌលបោះឆ្នោតមិនអាចបោះឆ្នោតដោយធម្មតាបានទេ ដោយសារតែប៉ូលិសបានបិទមណ្ឌលបោះឆ្នោតចំនួន៣១៩កន្លែងក្នុងចំណោមមណ្ឌលបោះឆ្នោតសរុបទាំងអស់២៣១៥កន្លែង៕