អ្នកស្រី Beatriz Flamini ដែលជាអត្តពលិកលំដាប់ខ្ពស់ជនជាតិអេស្ប៉ាញវ័យ ៥០ ឆ្នាំ បានចេញពីរូងភ្នំមួយនៅភាគខាងត្បូងប្រទេសអេស្ប៉ាញកាលពីថ្ងៃទី ១៤ ខែមេសា ដែលនៅទីនោះអ្នកស្រីបានរស់នៅក្នុងជម្រៅ ៧០ ម៉ែត្រក្រោមដីអស់រយៈពេល ៥០០ ថ្ងៃ ដែលជាផ្នែកមួយនៃការធ្វើពិសោធន៍អំពីឥទ្ធិពលនៃភាពឯកោលើសតិនិងរាងកាយមនុស្ស។
ដោយមានការដាក់កំហិតពីក្រុមការងាររបស់អ្នកស្រីដល់បណ្តាញផ្សព្វផ្សាយនានានៅពេលអ្នកស្រីចេញពីរូងភ្នំនោះដើម្បីការពារមិនឱ្យអ្នកស្រីមានអារម្មណ៍ធុញថប់ អ្នកស្រី Flamini បានចេញពីរូង Los Gauchos ជិតក្រុង Montril ហើយញញឹម និងបានបក់ដៃទៅកាន់ហ្វូងមនុស្ស។
អ្នកស្រី Elena Mera ដែលជាអ្នកនាំពាក្យគម្រោងពិសោធន៍ដែលគេស្គាល់ថា Timecave នេះ បានប្រាប់ទីភ្នាក់ងារព័ត៌មានអេស្ប៉ាញ EFE ថា ការធ្វើពិសោធន៍ខាងលើគឺជាគំនិតផ្ទាល់របស់អ្នកស្រី Flamini។
ក្នុងនាមជាអ្នកមានបទពិសោធន៍ឡើងភ្នំតែម្នាក់ឯង និងជាអ្នកជំនាញផ្នែកផ្គត់ផ្គង់សម្រាប់ខ្លួនឯង អ្នកស្រី Flamini បានទាក់ទងក្រុមហ៊ុនផលិតកម្ម Dokumalia កាលពីឆ្នាំ ២០២១ អំពីគំនិតនៃការរស់នៅក្នុងរូងភ្នំតែម្នាក់ឯងដោយមិនមានទំនាក់ទំនងជាមួយមនុស្សខាងក្រៅរយៈពេល ៥០០ ថ្ងៃនេះ។
យោងតាមក្រុមការងាររបស់អ្នកស្រី អ្នកស្រី Flamini បានចូលក្នុងរូងភ្នំនោះកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយយកនូវកាមេរ៉ា GoPro ចំនួនពីរគ្រឿងទៅជាមួយ សៀវភៅ ៦០ ក្បាល ទឹកមួយពាន់លីត្រ និងគ្រឿងបរិភោគផ្សេងៗ។ អ្នកស្រីមិនមានមធ្យោបាយដើម្បីឱ្យដឹងអំពីពេលវេលាបានទេ។ ពួកគេនិយាយថា អ្នកស្រីបានចំណាយពេលធ្វើលំហាត់ប្រាណដើម្បីឱ្យមានរាងកាយមាំមួន គូររូប និងចាក់មួកពីរោមចៀម។
អ្នកស្រី Flamini ត្រូវបានតាមដានដោយក្រុមអ្នកជំនាញផ្នែកចិត្តសាស្រ្ត អ្នកស្រាវជ្រាវ អ្នកជំនាញផ្នែកសិក្សារូងភ្នំ និងអ្នកជំនាញផ្នែកហ្វឹកហាត់រាងកាយ ដែលតាមដានអ្នកស្រីគ្រប់ជំហានលើផ្នែកសុខុមាលភាពរាងកាយនិងផ្លូវចិត្ត បើទោះបីជាពួកគេមិនបានទាក់ទងអ្នកស្រីដោយផ្ទាល់ក៏ដោយ។
ទីភ្នាក់ងារព័ត៌មាន EFE បានរាយការណ៍ថា បទពិសោធន៍របស់អ្នកស្រីត្រូវបានប្រើដោយអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យនានានៅទីក្រុង Granada និងទីក្រុង Almeria និងគ្លីនិកផ្នែកដំណេកដែលមានមូលដ្ឋាននៅក្រុងម៉ាឌ្រីដ។
ខណៈក្រុមការងាររបស់អ្នកស្រីអះអាងថា ពេលវេលា ៥០០ ថ្ងៃក្រោមដីដោយមិនមានទំនាក់ទំនងជាមួយពិភពខាងក្រៅនេះគឺជាកំណត់ត្រាពិភពលោកថ្មីមួយ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកនាំពាក្យសៀវភៅឯកទគ្គកម្មពិភពលោក Guinness មិនអាចបញ្ជាក់បានភ្លាមៗថាការអះអាងនេះត្រឹមត្រូវនោះទេ៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Reuters និងទីភ្នាក់ងារព័ត៌មាន AFP។
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា