ក្របីទឹកត្រូវបានគេនាំចូលទៅក្នុងដែនដី Northern Territory របស់ប្រទេសអូស្ត្រាលីក្នុងសតវត្សរ៍ទី១៩ ដើម្បីជួយការងារនិងធ្វើជាសាច់សម្រាប់អ្នកតាំងលំនៅនៅកន្លែងឆ្ងាយដាច់ស្រយាល។ ពេលសហគមន៍ទាំងនោះចាកចេញ សត្វទាំងនេះក៏ត្រូវបានប្រលែងចូលទៅក្នុងព្រៃ។
ចំនួនរបស់ពួកវាបានកើនឡើង ហើយក្របីព្រៃអាចបង្កការខូចខាតខ្លាំងដល់បរិស្ថានផងដែរ។ នៅតំបន់ដីសើម ពួកវាផ្លាស់ទីតាមផ្លូវទឹកហូរ ដែលបណ្តាលឱ្យទឹកប្រៃហូរចូលទៅក្នុងវាលទំនាបទឹកសាប។ ការណ៍នេះបាននាំឱ្យមានការរិចរឹល និងបាត់បង់ផ្ទៃដីព្រៃក្រដាសដ៏ធំនិងរន្ធទឹកធម្មជាតិ ក៏ដូចជានាំចូលស្មៅទៅកន្លែងផ្សេងផងដែរ។
នៅក្រោមកម្មវិធី Space Cows នេះ គេប្រើឧទ្ធម្ភាគចក្រដេញនិងកៀងសត្វគោនិងក្របីព្រៃ ចងភ្ជាប់នឹងដើមឈើ និងបំពាក់ស្លាកសញ្ញាដើរដោយថាមពលព្រះអាទិត្យ ដែលអាចតាមដានត្រួតពិនិត្យដោយផ្កាយរណបបាន។
អ្នកវិទ្យាសាស្ត្របានថ្លែងថា ទិន្នន័យដែលអាចមើលបានភ្លាមៗ នឹងមានសារៈសំខាន់ក្នុងការគ្រប់គ្រងនិងព្យាករណ៍ ពីការផ្លាស់ទីរបស់ហ្វូងសត្វព្រៃ ដែលល្បីខាងការបំផ្លិចបំផ្លាញទេសភាពនោះ។
ក្របីព្រៃភាគច្រើនត្រូវបានរកឃើញនៅលើដីជនជាតិដើមភាគតិច ហើយអ្នកស្រាវជ្រាវកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីអនុរក្សព្រៃជនជាតិដើមភាគតិចទាំងនោះ។ ពួកគេធ្វើការសម្លាប់ក្របីដោយកន្លែង ហើយមានក្តីសង្ឃឹមថា សហគមន៍ជនជាតិដើម First Nations អាចទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចពីការគ្រប់គ្រងហ្វូងសត្វព្រៃបានល្អប្រសើរ។
បច្ចេកវិទ្យានេះនឹងអនុញ្ញាតឱ្យមន្ត្រីអនុរក្សព្រៃជនជាតិដើមភាគតិច អាចប៉ាន់ស្មានពីកន្លែងដែលគោនិងក្របីព្រៃនឹងត្រូវទៅ ហើយចាប់ពួកវា ឬធ្វើរបងការពារកន្លែងវប្បធម៌ ឬទីតាំងបរិស្ថានសំខាន់ៗ។ ទិន្នន័យនេះនឹងជួយដល់មន្ត្រីល្បាតព្រៃ បញ្ឈប់សត្វព្រៃទាំងនោះមិនឱ្យជាន់ទន្ទា្រនលើតំបន់ដែលមានការគោរពដ៍ពិសិដ្ឋនានា ក៏ដូចជាការបំផ្លាញផ្លូវទឹកវប្បធម៌ដ៏សំខាន់ផងដែរ។
អ្នកវិទ្យាសាស្ត្របាននិយាយថា ព័ត៌មានពីផ្កាយរណបនឹងអនុញ្ញាតឱ្យពួកគេអាចប៉ាន់ស្មានបាន នៅពេលណាដែលហ្វូងសត្វព្រៃអាចធ្វើដំណើរទៅកាន់ផ្លូវទឹកដ៏ជាក់លាក់ណាមួយក្នុងអាកាសធាតុក្តៅ ដែលអនុញ្ញាតឱ្យក្រុមមន្ត្រីអនុរក្សព្រៃអាចជួយធ្វើអន្តរាគមន៍បាន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្របីព្រៃរាប់ពាន់ក្បាលត្រូវបាននាំចេញពីប្រទេសអូស្ត្រាលីទៅកាន់តំបន់អាស៊ីអាគ្នេយ៍។
លោក Andrew Hoskins ជាអ្នកជីវវិទ្យានៅអង្គការស្រាវជ្រាវឧស្សាហកម្ម និងវិទ្យាសាស្ត្រ Commonwealth (CSIRO) ដែលជាទីភ្នាក់ងារវិទ្យាសាស្ត្រជាតិរបស់ប្រទេសអូស្ត្រាលី។
លោកបានថ្លែងប្រាប់កម្មវិធី AM របស់វិទ្យុអូស្ត្រាលីថា នេះជាលើកទីមួយហើយដែលសត្វព្រៃត្រូវបានត្រួតពិនិត្យពីលំហអាកាស។ លោកថ្លែងដូចនេះថា៖ «នេះពិតជាគម្រោងតាមដានខ្នាតធំមួយ ដែលប្រហែលជាធំជាងគេ ក្នុងទិដ្ឋភាពតាមដានសត្វព្រៃឬក្របីព្រៃដែលមិនធ្លាប់មានពីមុនមក។ ខ្ញុំគិតថា អ្វីដែលថ្មីនិងប្លែកនោះគឺថា វាភ្ជាប់ទៅនឹងប្រព័ន្ធផ្កាយ រណបដែលមានមូលដ្ឋានពីលំហអាកាស»។
ប្រទេសអូស្ត្រាលីធ្លាប់មានបទពិសោធន៍អាក្រក់ៗជាញឹកញាប់ ជាមួយនឹងការនាំសត្វពីបរទេសចាប់តាំងពីការធ្វើអាណានិគមអឺរ៉ុបនៅចុងទសវត្សរ៍ ១៨០០ មក។ មិនមែនគ្រាន់តែសត្វក្របីមួយមុខទេដែលបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់បរិស្ថាននោះ។
សត្វគីង្គក់អំពៅ ដែលត្រូវបាននាំចូលក្នុងប្រទេសអូស្ត្រាលី ក្នុងបំណងឱ្យជួយបំផ្លាញសត្វល្អិតនៅក្នុងចម្ការអំពៅក្នុងទសវត្សរ៍ ១៩៣០ ប៉ុន្តែត្រូវបានបរាជ័យនោះ បានបង្កាត់ពូជនិងស៊ីចំណីដែលអាចវាយប្រហារសត្វល្អិត កង្កែប សត្វល្មូន និងសត្វតូចៗដទៃទៀតដែលមានដើមកំណើតនៅអូស្ត្រាលី។ ស្បែករបស់វាផ្ទុកនូវពិសពុល ដែលអាចសម្លាប់សត្វស៊ីសាច់ដែលមានដើមកំណើតនៅអូស្ត្រាលីបានផងដែរ។
សត្វឆ្មាព្រៃបានសម្លាប់សត្វស្លាបរាប់លានក្បាលក្នុងប្រទេសអូស្ត្រាលីជារៀងរាល់ឆ្នាំ ខណៈដែលពពួកសត្វកញ្ជ្រោង ជ្រូក និងសត្វអូដ្ឋ បង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីនៅទូទាំងប្រទេសអូស្ត្រាលី។
ដោយឡែកសត្វស្រមោចលឿង ជាប្រភេទសត្វរាតត្បាតដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។ អាជ្ញាធរជឿថា ពួកវាបានមកដល់ប្រទេសអូស្ត្រាលីដោយចៃដន្យតាមរយៈកំពង់ផែដឹកជញ្ជូន។
ពួកវាត្រូវបានរកឃើញនិងកត់ត្រានៅក្នុងរដ្ឋ Queensland និង New South Wales ក៏ដូចជាក្នុងទឹកដី Northern Territory ផងដែរ។ ស្រមោចនេះជាប្រភេទសត្វដែលមានឥទ្ធិពលខ្លាំង ហើយវាបញ្ចេញទឹកមាត់ដែលមានជាតិអាស៊ីត ដែលអាចដុតបំផ្លាញស្បែកសត្វដែលជាចំណីរបស់វា ដែលរួមមានថនិកសត្វតូចៗ កូនអណ្តើកនិងកូនបក្សីជាដើម៕