កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​នឹង​ព្យាយាម​​ដើម្បី​ដោះស្រាយ​វិបត្តិ​ក្រោយ​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា

រូបឯកសារ៖ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ដែលជាមេដឹកនាំរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈ ចូលរួមពិធីហែក្បួនព្យុហយាត្រាយោធា នៅរដ្ឋធានីណៃពិដោ មីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១។

នៅ​ពេល​សមាជិក​ទាំង​ ១០ ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពិសេស ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ដើម្បី​ពិភាក្សា​អំពី​ប្រទេស​មីយ៉ាន់ម៉ា ​អង្គការ​តំបន់​មួយ​នេះ​ផ្ទាល់ ​ក៏​នឹង​ត្រូវគេតាមដាន​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​ដូច​មេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា​ដែរ ដែលបាន​ដឹកនាំ​រដ្ឋប្រហារ​ កាលពី​ខែ​កុម្ភៈ​ ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី​ Aung San Suu Kyi។

ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ខឹង​សម្បារ​ ដែល​សមាគម​អាស៊ាន​ស្វាគមន៍​មេដឹកនាំ​យោធា គឺ​ឧត្តមសេនីយ៍​ជាន់​ខ្ពស់ ​Min Aung Hlaing ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា នៃ​ប្រទេស​ឥណ្ឌូណេស៊ី។

ពួកគេ​ប្រកែក​ថា​ ដោយសារ​តែ​លោក [Min Aung Hlaing] ​ប្លន់​អំណាច​ដោយ​ប្រើ​កម្លាំង លោក​មិន​មែន​ជា​មេដឹកនាំ​ស្រប​ច្បាប់​របស់​មីយ៉ាន់ម៉ា​នោះទេ។ ហើយ​ពួកគេ​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​អំពើ​ហិង្សា​យ៉ាង​សាហាវ​ឃោរឃៅ​ដោយ​កង​កម្លាំង​សន្តិសុខ​ ដែល​លោក [Min Aung Hlaing] ​បញ្ជា និង​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​របស់​មនុស្ស​រាប់​រយ​នាក់ ​ដែល​ភាគច្រើន​ជា​បាតុករដោយ​សន្តិវិធី​និង​អ្នក​ដែល​គ្រាន់​បាន​ស្ថិត​នៅ​ក្បែរ​នោះ។

លោក Brad Adams នាយក​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​ បាន​ថ្លែង​ថា៖ «លោក Min Aung Hlaing ដែល​ប្រឈម​នឹង​ទណ្ឌកម្ម​អន្តរជាតិ​ ដោយ​សារ​តែ​តួនាទី​របស់​លោក​ នៅ​ក្នុង​អំពើ​ឃោរឃៅ​របស់​យោធា និង​ការបង្ក្រាប​យ៉ាង​សាហាវ​ព្រៃផ្សៃ​ទៅ​លើ​បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ មិនគួរ​ត្រូវ​បាន​ស្វាគមន៍​នៅ​កិច្ច​ប្រជុំ​អន្តរ​រដ្ឋាភិបាល ​ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​លោក​បាន​បង្កើត​ឡើង​នោះ​ទេ»។

លោក Adams បានថ្លែងបន្តថា៖ «សមាជិក​អាស៊ាន​គួរ​យក​ឱកាស​នេះ​ ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មេដឹកនាំ​រដ្ឋាភិបាល​យោធា​នានា​ និង​ទៅ​លើ​ពាណិជ្ជកម្ម​ដែល​ផ្តល់​មូលនិធិ​ដល់​រដ្ឋាភិបាល​យោធា​នោះ​វិញ ហើយ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​យោធា​នោះ​ដោះលែង​អ្នក​នយោបាយ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ដាក់​សម្ពាធ​ឲ្យ​បញ្ចប់​ការ​បំពាន​និង​ស្តារ​ឡើងវិញ​នូវ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស»។

អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​បាន​ជំរុញ​គំនិត​ ដែល​ថា ​រដ្ឋាភិបាល​និរទេស​ខ្លួន​របស់​ក្រុម​ប្រឆាំង ដែល​មាន​ឈ្មោះ​ថា រដ្ឋាភិបាល​សាមគ្គីជាតិ​ ឬ National Unity Government ដែល​ត្រូវ​បាន​បង្កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ​ ដោយ​ក្រុម​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ ដែល​ត្រូវ​បាន​ក្រុម​កងទ័ព​រារាំង​មិន​ឲ្យ​ទទួល​អាសនៈ​ គួរ​តែ​ជា​អ្នក​តំណាង​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​ ឬ​យ៉ាង​ហោចណាស់​មាន​តួនាទី​ខ្លះ​ នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ហ្សាការតា។ ប៉ុន្តែ​ពួកគេ​មិនត្រូវ​បាន​អញ្ជើញឱ្យ​ចូល​រួម​នោះទេ។​

លោក​វេជ្ជបណ្ឌិត Sasa រដ្ឋមន្ត្រីខាង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិនៃ​រដ្ឋាភិបាល​និរទេស​មីយ៉ាន់ម៉ា​បាន​ថ្លែង​ថា៖ «យើង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ​ដែល​ពួកគេអញ្ជើញ​ Min Aung Hlaing មេ​បញ្ជាការ​ឃាតករ​ដែល​បាន​សម្លាប់​មនុស្ស​ជាង ​៧៣០ នាក់ ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​។ ហើយ​ខ្ញុំ​គិតថា ​គួរ​ឲ្យ​សោកស្តាយ​ខ្លាំង​ណាស់​ដែល​សមាគម​អាស៊ាន​ម្តង​ហើយ​ម្តង​ទៀត ​និយាយ​ជាមួយ​មេបញ្ជាការ​យោធា​ និង​មិន​និយាយ​ជាមួយ​រដ្ឋាភិបាល​ស៊ីវិល​របស់​មីយ៉ាន់ម៉ា ​គឺ​រដ្ឋាភិបាល​សាមគ្គីជាតិ NUG»។

រូបឯកសារ៖ ក្រុមអ្នកតវ៉ាប្រឆាំងរបបយោធាមីយ៉ាន់ម៉ា កំពុងប៉ះទង្គិចគ្នជាមួយប៉ូលិសមីយ៉ាន់ម៉ា នៅភូមិ Tharyar ក្នុងក្រុងរ៉ង់ហ្គូន កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១។

លោក Evan Laksmana អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ​ CSIS ​របស់​ឥណ្ឌូណេស៊ី​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​ជិតស្និត​នឹង​រដ្ឋាភិបាល​ បាន​ប្រាប់ទីភ្នាក់ងារព័ត៌មាន ​Associated Press ថា មាន​ហេតុផល​ជាក់​ស្តែង​ ដែល​ត្រូវ​ជួប​ផ្ទាល់​ជាមួយ​លោក Min Aung Hlaing។

លោក Laksmana ថ្លែង​ថា៖ «អាស៊ាន​ទទួល​ស្គាល់​ពី​តថភាព​ជាក់ស្តែងដែល​ថា​ភាគី​ម្ខាងកំពុង​ប្រព្រឹត្ត​អំពើ​ហិង្សា គឺ​យោធា ដូច្នេះ​ហើយ​ទើប​យោធា​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​នេះ។ ដូច្នេះ​ការ​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​ មិន​មែន​មាន​ន័យ​ថា ជា​ការ​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​នៃ​របប​យោធា​នេះ​នោះទេ។ តាមរយៈការ​និយាយ​ទៅ​កាន់​ឧត្តម​សេនីយ៍​រូប​នេះ ​អាស៊ាន​សង្ឃឹម​ថា ​នឹង​អាច​ផ្តួចផ្តើម​ដំណើរការ​ក្របខណ្ឌ​យូរ​អង្វែង​មួយ​ ចាប់​ផ្តើម​ដោយ​ការ​បញ្ចប់​អំពើ​ហិង្សា ដែល​សង្ឃឹម​ថា​ នឹង​ជួយ​សម្រួល​ដល់​កិច្ច​ចរចា​រវាង​ភាគី​នានា​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា មិនមែន​តែ​ភាគីយោធា​នោះទេ»។

ក្រុម​អ្នក​មាន​មន្ទិលយល់ថា អាស៊ាននឹង​ត្រូវ​ប្រឈម​នឹង​បញ្ហាជាមូលដ្ឋាន​របស់​ខ្លួន នៅ​ពេលស្វែង​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។ ពួកគេចង្អុល​បញ្ហាញ​ពី​កត្តា​ផល​ប្រយោជន៍ខុសៗគ្នា​របស់​ប្រទេស​សមាជិក​អាស៊ាន​នានា​ ដែល​កិច្ចព្រមព្រៀង​ជាយូរ​មកហើយ​របស់​ពួកគេ​ ចង់​ស្វែង​រក​ការ​មូលមតិ​គ្នា​តាម​កុងសង់ស៊ីស​ និង​ការ​ជៀសវាង​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​រវាង​គ្នា និង​ភាព​រឹងទទឹង​ជា​ប្រវត្តិសាស្ត្រ​នៃ​ឧត្តមសេនីយ៍​នានា​របស់​មីយ៉ាន់ម៉ា។

ក្រុមមួយ​នៃ​សមាគម​នេះ ​រួម​មាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​សិង្ហបុរី​ ជឿ​ថា ​អស្ថិរភាព​ដែល​បង្កដោយ​រដ្ឋប្រហារ​នេះ​គំរាម​កំហែង​ដល់​តំបន់​នេះ​ទាំង​មូល ក៏​ដូចជា​ប៉ះពាល់​ដល់មុខមាត់​សមត្ថភាពរបស់​អាស៊ាន​ ថា​ជា​ក្រុម​មួយ​ដែល​មាន​អំណាច​គ្រប់គ្រាន់​ ដើម្បី​ដើរតួ​ឯករាជ្យ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​មហា​អំណាច​នានា។

ពួកគេ​ក៏​បាន​លើកឡើង​ថា​ ធម្មនុញ្ញ​អាស៊ាន ដែល​ត្រូវ​បាន​អនុម័ត​ក្នុង​ឆ្នាំ ២០០៧ គឺ​ ៤០ឆ្នាំ​ក្រោយ​ការ​បង្កើត​សមាគម​នេះ ​រួម​បញ្ចូល​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស អភិបាលកិច្ច​ល្អ និង​នីតិរដ្ឋ​ជា​គោលការណ៍​ណែនាំ។

លោក​សាស្ត្រាចារ្យ Thitinan Pongsudhirak នាយក​វិទ្យាស្ថាន​សន្តិសុខ​និង​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ Chulalongkorn នៅ​ទីក្រុង​បាងកក​ ថ្លែង​ថា៖ «ឥឡូវ​នេះ​គឺ​ជា​ពេល​ដ៏​សំខាន់​សម្រាប់​តួនាទី​ស្នូលរបស់​អាស៊ាន ដែល​ជា​គំនិត​មួយ​ដែល​ថា អាស៊ាន​គឺជា​វេទិកា​ស្នូលក្នុង​តំបន់សម្រាប់​កិច្ចចរចា​ក្នុង​តំបន់ ដើម្បី​លើក​តម្កើង​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់»។

លោក​បាន​ថ្លែង​ថា គំនិត​ដើម​ក្នុង​ការ​បង្កើតអាស៊ាន​នៅ​ពេល​នេះ ​កំពុង​ប្រឈម​នឹង​ «បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​និង​គ្រោះថ្នាក់​បំផុត» តាំង​ពីអង្គការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈពេល ​៥៣ ​ឆ្នាំ​មក​នេះ។

បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ​ដែល​មាន​របប​មាន​និន្នាការផ្តាច់ការ​រួម​មាន​ ឡាវ កម្ពុជា និង​វៀតណាម​ មិន​មើលឃើញពីផល​ប្រយោជន៍អ្វី​ ក្រៅ​ពីការអ៊ឺអើ​ចំពោះ​គោលការណ៍​ទាំង​នេះ​ ហើយ​បាន​ចាត់ទុក​វិបត្តិ​មីយ៉ាន់ម៉ា​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​នេះ។

កិច្ចប្រជុំ​នៅ​រដ្ឋធានី​ហ្សាការតា ​គឺ​ជា​កិច្ចប្រជុំ​កូនកាត់​មួយ ដោយ​មាន​កិច្ច​ប្រជុំ​ផ្ទាល់​នៅ​កន្លែង និង​មាន​ការ​លើក​ទឹកចិត្ត​ឲ្យ​ចូល​រួម​តាមវីដេអូ​អនឡាញផងដែរ​ ដោយសារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

លោក​នាយករដ្ឋមន្ត្រី​ថៃ​លោក ​Prayuth Chan-ocha និង​ប្រធានាធិបតី​ហ្វីលីពីន​លោក​ Rodrigo Duterte បាន​ប្រកាស​ថា ​ពួកគេ​នឹង​នៅ​ផ្ទះ​ ហើយ​បញ្ជូន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​ខ្លួន​ទៅ​ជំនួស។​ ពួកគេថា​ ពួកគេកំពុង​ដោះស្រាយ​បញ្ហា​រីករាលដាលនៃ​ជំងឺ​កូវីដ ​ដែល​កំពុង​ផ្ទុះឡើង​យ៉ាង​ខ្លាំង ហើយ​ពួកគេក៏​មិន​បាន​ផ្តល់​សារ​នយោបាយ​អ្វី​អំពី​ការ​សម្រចចិត្ត​របស់​ពួកគេ​នោះទេ៕

ប្រែសម្រួល​ដោយ ស្រេង លក្ខិណា