ប្រទេសកូរ៉េខាងត្បូងបានយល់ព្រមបញ្ឈប់ការផ្សាយការឃោសនាទៅកាន់ប្រទេសកូរ៉េខាងជើងនៅក្រោយរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានសម្តែង«ការសោកស្តាយ»ដល់ការផ្ទុះគ្រាប់មីនមួយកាលពីពេលថ្មីៗនេះដែលបានបណ្តាលឱ្យទាហានកូរ៉េខាងត្បូងពីរនាក់ដាច់ជើង។
កិច្ចព្រមព្រៀងនេះដែលត្រូវបានសម្រេចនៅក្រោយកិច្ចចរចាគ្នាយ៉ាងតឹងតែងចំនួន៣០ម៉ោង បានធ្វើឱ្យធូរស្រាលការប្រឈមមុខដាក់គ្នាកាលពីពេលថ្មីៗបំផុតនេះនៅលើឧបទ្វីបកូរ៉េ ដែលបានគំរាមកំហែងដោយអាចក្លាយទៅជាការប្រឈមមុខគ្នាខាងយោធាថែមទៀតផង។
លោក Kim Kwan-jin ទីប្រឹក្សាខាងសន្តិសុខរបស់លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងបានមានប្រសាសន៍ថា ប្រទេសកូរ៉េទាំងពីរក៏បានព្រមព្រៀងគ្នាដែរថានឹងធ្វើការចរចាគ្នាក្នុងពេលឆាប់ៗនេះនៅក្នុងក្រុងសេអ៊ូលឬមួយក៏នៅក្នុងក្រុង ព្យុងយ៉ាង អំពីការកែលម្អការទាក់ទងគ្នាក្នុងរយៈពេល៦២ឆ្នាំនៅក្រោយប្រទេសទាំងពីរនេះបានបញ្ចប់សង្គ្រាមកូរ៉េ ដោយបន្សល់ទុកយុទ្ធសន្តិភាពមួយមិនមែនដោយសន្ធិសញ្ញាសន្តិភាពទេ។ ភាគីទាំងពីរបាននិយាយថា ពួកគេនឹងធ្វើឲ្យក្រុមគ្រួសារដែលបានបែកខ្ញែកគ្នាដោយសារជម្លោះនៅក្នុងសម័យសង្គ្រាមត្រជាក់ជួបជុំគ្នាជាថ្មីឡើងវិញក្នុងខែកញ្ញា។
ស.រ.អា.ដែលជាសម្ព័ន្ធមិត្តដ៏ខ្ជាប់ខ្ជួនមួយរបស់ប្រទេសកូរ៉េខាងត្បូងបានស្វាគមន៍ដល់កិច្ចព្រមព្រៀងនេះ ហើយបាននិយាយថា ខ្លួនសង្ឃឹមថាភាពតានតឹងនៅលើឧបទ្វីបកូរ៉េនឹងមានការថមថយ៕