ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​កូរ៉េ​ខាងត្បូង​ជុំវិញ​ជំនួប​កំពូល​រវាងលោក Trump និង​លោក Kim

មនុស្ស​ម្នា​មើល​កម្មវិធី​ទូរទស្សន៍​ដែល​បង្ហាញ​ពី​កិច្ចប្រជុំ​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក​ គីម ជុនអ៊ុន​ មេដឹកនាំ​កូរ៉េ​ខាង​ជើង នៅ​ក្នុង​ប្រទេស​សិង្ហបុរី នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ទីក្រុង​សេអ៊ូល​នៅ​ថ្ងៃអង្គារ​នេះ​បាន​និយាយ​ថា​ ពួកគេ​សប្បាយ​រីករាយ​ដែល​បាន​ឃើញ​លោក​ប្រធានាធិបតី Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un ​ជួប​ចរចា​គ្នា​ជាជាង​គំរាមកំហែង​សង្គ្រាម​ពាណិជ្ជកម្ម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ លោក Lee Jun-keun អ្នក​លក់ដូរ​ម្នាក់​នៅក្នុង​ទីក្រុង​សេអ៊ូល​បាន​និយាយ​ថា «ខ្ញុំ​មាន​ក្តី​រំភើប​ខ្លាំង​ណាស់​ពីព្រោះ​ថា​ការ​ចរចា​នេះ​គឺ​ជា​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ​ការបែកបាក់​គ្នា​រវាង​កូរ៉េ​ទាំងពីរ​អស់​រយៈពេល​៧០មក​ហើយ»។

កាល​ពី​ឆ្នាំ​មុន​មេដឹកនាំ​ទាំងពីរ​នេះ​បាន​រិះគន់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​លោក Trump បាន​ហៅ​លោក Kim ថា «អាល្អិត​រ៉ុក្កែត» ហើយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un ​បាន​ហៅ​លោក Trump ដែល​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថា​ជា «មនុស្ស​ល្ងង់»។ មេដឹកនាំ​ទាំងពីរ​បាន​គំរាមកំហែង​ប្រើប្រាស់​អំណាច​យោធា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ខណៈ​ភាពតានតឹង​បាន​កើនឡើង​កាន់​តែ​ខ្លាំង​ជុំវិញ​ការបាញ់​សាកល្បង​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​ និង​កាំជ្រួច​មីស៊ីល​ផ្លោង​ឆ្លងទ្វីប​របស់​ប្រទេស​កូរ៉េខាងជើង។

ក៏ប៉ុន្តែ​បន្ទាប់​ពី​កូរ៉េខាងជើង​បាន​ទទួល​ជោគជ័យ​ពី​ការបាញ់​សាកល្បង​កាំជ្រួច​មីស៊ីល ដោយ​បាន​អះអាង​ថា​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មាន​សមត្ថភាព​បាញ់​ដល់​សហរដ្ឋ​អាមេរិក​នោះ​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ផ្តោត​សំខាន់​លើ​បញ្ហា​ការទូត​ និង​បាន​ផ្អាក​សកម្មភាព​បង្កហេតុ​នានា​ និង​បាន​បង្ហាញ​ពី​ឆន្ទៈ​ចូលរួម​ចរចា​អំពី​ការ​ធ្វើ​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ។ លោក Trump ក៏​បាន​ធ្វើ​ឲ្យ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ និងប្រទេស​ជា​សត្រូវ​នានា​ភ្ញាក់ផ្អើល​ដោយ​លោក​បាន​ឆ្លើយ​យល់ព្រម​ជួប​លោក Kim​ ភ្លាមៗ​នៅ​មុន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាក់លាក់​នេះ​អាច​ត្រូវ​បាន​ចរចា​ឡើង។

ជំនួប​កំពូល​ជា​លើក​ទីមួយ​រវាង​លោកប្រធានាធិបតី​សហរដ្ឋអាមេរិក​ និង​មេដឹកនាំ​កូរ៉េ​ខាងជើង​នៅ​ថ្ងៃអង្គារ​នេះ​បាន​ចេញ​ជា​លទ្ធផល​ដោយ​បាន​ប្រកាស​ពី​ការ​លុបចោល​អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​ទាំងមូល​ និង​បង្កើត​សន្ធិសញ្ញា​សន្តិភាព​មួយ​ដើម្បី​បញ្ចប់​អរិភាព​ដែល​មាន​ជា​យូរ​មក​ហើយ​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេសកូរ៉េខាងជើង។

លោក Trump បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា​ជា​កិច្ចព្រមព្រៀង​ទូលំទូលាយ​មួយ​ ប៉ុន្តែ​វា​នឹង​អាស្រ័យ​ទៅ​លើ​ភាគី​ចរចា​ដើម្បី​ដោះស្រាយ​ភាពខុសគ្នា​នៅ​ពេល​បន្ទាប់​ទៀត​ រវាង​អ្វី​ដែល​ក្រុងវ៉ាស៊ីនតោន​អាច​ចាត់ទុក​ថា​ជា​ការ​បញ្ចប់​ និង​អាច​ផ្ទៀងផ្ទាត់​បាន​ពី​ការ​ធ្វើ​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ​ មុន​នឹង​ទណ្ឌកម្មនានា​ត្រូវ​បាន​ដកចេញ​ ហើយ​សម្បទាន​នានា​ចំពោះ​ក្រុង​ព្យុងយ៉ាង​នឹង​ចាប់ផ្តើម​ដំណើរការ​ផ្អែក​លើ​ការវិវត្តន៍​នៃកិច្ចព្រមព្រៀង​នេះ៕