ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង​នៅ​តែ​បន្ត​ព្យាយាម​ឲ្យ​ប្រធានាធិបតី​ចុះ​ចេញ​ពី​តំណែង

បាតុករស្រែក​នៅ​ពាក្យ​ស្លោក​ទាមទារ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ឲ្យ​ចុះ​ចេញ​ពី​តំណែង​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ថ្ងៃទី​១៩ វិច្ឆិកា ២០១៦។

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​រាប់​ម៉ឺន​នាក់​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​៤ចុង​សប្តាហ៍​ជាប់ៗ​គ្នា ដើម្បី​ទាមទារ​ឲ្យ​លោក​ស្រី​ប្រធានាធិបតី​ Park Geun-hye ចុះ​ចេញ​ពី​តំណែង។ ​

ប៉ូលិស​បាន​ថ្លែង​ថា មនុស្ស​ប្រមាណ​១សែន៧ម៉ឺន​នាក់​ បាន​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង សេអ៊ូល​ ដែល​ជា​រដ្ឋធានី​របស់​កូរ៉េ​ខាង​ត្បូង។ ប៉ុន្តែ​ក្រុម​អ្នក​រៀប​ចំ​ធ្វើ​បាតុកម្ម​បាន​ថ្លែង​ថា​ ចំនួន​អ្នក​ចូល​រួម​បាតុកម្ម​មាន​រហូត​ដល់​ទៅ​៦សែន​នាក់។

ក្រុម​បាតុករ​ភាគ​ច្រើន​មិន​ប្រើ​អំពើ​ហិង្សា​នោះ​ទេ។ មាន​ឆាក​បណ្តោះ​អាសន្ន​មួយ​ត្រូវ​បាន​រៀប​ចំ​ឡើង ហើយ​បាន​ក្លាយ​ទៅ​ជា​កន្លែង​ប្រមូល​ផ្តុំ​គ្នា​ មាន​មេក្រូ មាន​ឈុត​ឆាក​កំប្លែង និង​ក្រុម​តន្ត្រី​រ៉ុក ដូច​ជា​ក្រុម Deulgukhwa ជា​ដើម។

ក៏​មាន​សេចក្តី​រាយការណ៍​មក​ថា មាន​មនុស្ស​ពាក់​រូប​តុក្កតា​ផ្សេងៗ​ដើម្បី​ទាក់​ទាញ​កុមារ​ ដែល​បាន​ធ្វើ​ឲ្យ​ការ​ធ្វើ​បាតុកម្ម​នេះ​ក្លាយ​ទៅ​ជា​ព្រឹត្តិការណ៍​ដែល​ក្រុម​គ្រួសារ​អាច​នាំ​កូនៗ​របស់​ពួក​គេ​ទៅ​ចូលរួម​បាន។​

នៅ​ពេល​ល្ងាច​ ក្រុម​បាតុករ​បាន​ស្រែក​ថា «Park Geun-hye ចុះ​ចេញ​ទៅ» ហើយ​ពាក្យ​មាន​កាន់​បដា ទាន និង​ទូរស័ព្ទ​ដែល​មាន​ស្រោម ​មាន​ភ្លើង​ពណ៌ នៅ​ខាង​ក្រៅ​វិមាន​ប្រធានាធិបតី។

ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​មក​ពី​ទូទាំង​ប្រទេស​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​ដើម្បី​ចូល​រួម​ធ្វើ​បាតុកម្ម។

ការ​ធ្វើ​បាតុកម្ម​នេះ​គឺ​ជា​សកម្មភាព​ចុង​ក្រោយ​គេ​បំផុត​ដើម្បី​ទាមទារ​ឲ្យ​លោក​ស្រី​ Park ចុះចេញ​ពី​តំណែង ​ដោយ​សារ​តែ​រឿង​អាស្រូវ​ពុក​រលួយ​ ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋបាល​របស់​លោកស្រី​ជាប់​គាំង។ អត្រា​នៃ​ការ​គាំទ្រ​លោក​ស្រី​ធ្លាក់​ចុះ​៥ភាគរយ។

ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ប្រើ​ប្រាស់​អំណាច​ដើម្បី​ទាញ​យក​ប្រាក់​រាប់​លាន​ដុល្លារ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ធ្វើ​ឡើង​ដោយ​មិត្តភក្តិដ៏​យូរ​អង្វែង​របស់​លោកស្រី​គឺ​លោកស្រី Choi Soon-sil ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មុខ​មាត់​នយោបាយរបស់​លោកស្រី Park ថា​ជា​មេដឹកនាំ​ពុករលួយ ហើយ​បាន​ធ្វើ​ឲ្យ​លោកស្រី​កាន់​តែ​នៅ​ដាច់​សង្វែង​ពី​គេ​និង​គ្មាន​អំណាច។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​របស់​កូរ៉េ​ខាង​ត្បូង​នានា ដើម្បី​ឲ្យ​ផ្តល់​ប្រាក់​ ៧០លាន​ដុល្លារ​ឲ្យ​ទៅ​មូលនិធិ​ដែល​គ្រប់​គ្រង​ដោយ​លោកស្រី Choi។

លោកស្រី Choi ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ប្រើ​ប្រាស់​អំពើ​អូមអាម​ដើម្បី​ជះ​ឥទ្ធិពល​ទៅ​លើ​លោកស្រី Park និង​គ្រប់​គ្រង​ទៅ​លើ​បុគ្គលិក​របស់​លោកស្រី បើ​ទោះ​បី​ជា​លោកស្រី​មិន​មាន​តួនាទី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ក៏​ដោយ៕