នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំរវាងមេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំសហរដ្ឋអាមេរិក ដោយបាននិយាយថា កិច្ចប្រជុំនេះបានជួយជំរុញឲ្យតំបន់អាស៊ីខាងកើតឆ្ពោះទៅរកសន្តិភាព។
លោក Moon Jae In បានជួបរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីកិច្ចប្រជុំជាប្រវត្តិសាស្ត្រនោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយអំពាវនាវឲ្យមានការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ជាថ្នូរនឹងការធានារបស់សហរដ្ឋអាមេរិកសម្រាប់សន្តិសុខប្រទេសកូរ៉េខាងជើង និងការសន្យាបង្កើតទំនាក់ទំនងថ្មីមួយរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង និងដើម្បីស្វែងរកអដ្ឋិធាតុនៃអ្នកទោសសម័យសង្គ្រាមកូរ៉េ។
លោក Moon Jae In បាននិយាយថា លោកចង់ឭអំពីវិធីដែលភាគីទាំងពីរនឹងអនុវត្តកិច្ចព្រមព្រៀងនេះឲ្យបានពេញលេញ និងឆាប់រហ័ស។
លោក Pompeo បានបង្ហាញភាពជឿជាក់ថា សហរដ្ឋអាមេរិក «បានឈានជំហានដ៏សំខាន់ និងល្អបំផុតមួយ» នៅឯកិច្ចប្រជុំនៅក្នុងប្រទេសសិង្ហបុរីនោះ។
បន្ទាប់ពីបានពិភាក្សាជាមួយនឹងមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងនានានៅក្នុងទីក្រុងសេអ៊ូលមក លោក Pompeo បានបញ្ជាក់ថា សហរដ្ឋអាមេរិកពិតជាចង់ឲ្យកូរ៉េខាងជើងលុបបំបាត់អាវុធនុយក្លេអ៊ែរដែលអាចផ្ទៀងផ្ទាត់បាននៅលើឧបទ្វីបកូរ៉េនៅត្រឹមចុងអាណត្តិជាប្រធានាធិបតីរបស់លោក Trump នៅខែមករា ឆ្នាំ ២០២១ ខាងមុខនេះ៕