ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ..អា៖ ​អាមេរិក​សង្ឃឹម​នឹង​មាន​ការ​រុះ​រើ​អាវុធ​ដ៏​សំខាន់​ដោយ​កូរ៉េខាង​ជើង​ក្នុង​រយៈ​ពេល​២ឆ្នាំ​កន្លះ


លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅ​ក្នុង​ប្រទេស​សិង្ហបុរី។
លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

សហរដ្ឋ​អាមេរិក​សង្ឃឹម​នឹង​មានការ​រុះរើ​អាវុធ​ដ៏​សំខាន់​ដោយ​កូរ៉េខាង​ជើង​ក្នុង​រយៈ​ពេល​២ឆ្នាំ​កន្លះទៀត ​នេះ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក Mike Pompeo ​កាល​ពី​ថ្ងៃ​ពុធ មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រធានា​ធិបតី​ត្រាំ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀងជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង​ គីម ​ជុង​អ៊ុនដែល​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ចប់​កម្មវិធីអាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

​បន្ទាប់​ពី​ថ្លែង​ប្រាប់​ពួក​មន្ត្រីកូរ៉េ​ខាង​ត្បូង​ក្នុង​រដ្ឋ​ធានី​សេអ៊ូល​ស្តី​ពី​ជំនួប​កំពូល​រវាង​លោក​ត្រាំ​និង​គីម ​ជុង​អ៊ុន ក្នុង​ប្រទេស​សិង្ហបុរី​មកអ្នក​ការទូត​កំពូល​សហរដ្ឋ​អា​មេ​រិក​រូប​នោះ ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ចង់​បាន​សកម្មភាព​ដែល​អាច​ពិនិត្យ​មើលផ្ទៀង​ផ្ទាត់​បានរបស់​កូរ៉េខាង​ជើង​ដើម្បី​លុបចោល​កម្មវិធី​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ​នៅពេល​បញ្ចប់​អាណត្តិទី១​របស់​ប្រធានា​ធិបតី​ត្រាំ​នៅ​ខែមករា ​ឆ្នាំ​២០២១។

​លោករដ្ឋ​មន្ត្រី​ការបរទេសអាមេរិក Mike Pompeo ​បាន​និយាយ​ថា «ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ​ពួកគេ​យល់​ថា ​នឹង​មានការ​ពិនិត្យ​ផ្ទៀងផ្ទាត់​យ៉ាង​ខ្លាំង»។ លោក​រដ្ឋ​មន្ត្រី​ការបរទេស Pompeo ​និយាយ​ទៀត​ថា ​ការ​ចរចា​បន្តទៀតរបស់​សហរដ្ឋ​អាមេរិក​ជាមួយ​កូរ៉េខាង​ជើងថាតើ​ធ្វើ​យ៉ាង​ដូចម្តេច​និង​នៅពេល​ណា​នឹង​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​ នឹង​បន្ត​នៅ​ពេល​ណាមួយក្នុង​សប្តាហ៍​ក្រោយ»។

លោក Pompeo មាន​ប្រសាសន៍​ទៀត​ថា ​លោក​ប្រធានា​ធិបតី​ត្រាំ​និង​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន ​បាន​ឈាន​ដល់​ការ​យល់​ពី​គ្នា​ ដោយ​មិន​មាន​ចែង​នៅ​ក្នុង​ឯកសារ​លោក​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​នោះ​ទេ។

​ពួក​អ្នក​រិះគន់កិច្ច​ព្រម​ព្រៀងនោះ​បាន​និយាយថា ​កិច្ច​ព្រម​ព្រៀង​នោះមាន​សេចក្តី​លម្អិត​ខ្លី​ពេក​ហើយ​ថា ​ប្រធានា​ធិបតី​ត្រាំ​បាន​ធ្វើ​សម្បទាន​ច្រើន​ពេក​ដល់​គីម ​ជុង​អ៊ុន ​ជា​ពិសេស​ការ​ប្រកាស​ដែល​គេ​មិនរំពឹង​ទុក​មួយ​របស់​មេដឹកនាំ​សហរដ្ឋ​អាមេ​រិក​ថា សហរដ្ឋ​អាមេរិក​នឹង​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​ខាង​យោធា​ជាមួយ​កូរ៉េខាង​ត្បូង​ដែល​ជា​ការ​ក្តៅ​ក្រហាយ​ជា​យូរយារ​ណាស់​មក​ហើយ​របស់​កូរ៉េខាង​ជើង៕

XS
SM
MD
LG