ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា​កិច្ច​ព្រមព្រៀង​ឆ្នាំ ២០១៥ ជាមួយ​នឹង​ជប៉ុន​ពាក់ព័ន្ធ​នឹង​ស្ត្រី​កំដរ​អារម្មណ៍​មាន​ការ​ខ្វះ​ចន្លោះ

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Moon Jae-in ថ្លែង​នៅ​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​ខ្លី​នៅ​ស្ថានីយ KTX កាលពី​ថ្ងៃទី​១៩ ធ្នូ ២០១៧។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​ឆ្នាំ ២០១៥ រវាង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ជប៉ុន មិន​បាន​ដោះស្រាយ​បញ្ហា​ស្ត្រី​កូរ៉េ​ដែល​ត្រូវ​ទាហាន​អាណានិគម​ជប៉ុន​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ​នោះ​ទេ ទោះបីជា​មាន​ការ​ប្រកាស​ពី​ភាគី​ទាំង​ពីរ​ថា កិច្ច​ព្រមព្រៀង​នេះ​ជា​កិច្ច​ព្រមព្រៀង «ចុង​ក្រោយ និង​មិន​អាច​កែប្រែ​បាន‍»។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក Moon Jae In បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​នេះ​មាន​ចំណុច​ខ្វះ​ចន្លោះ​ជា​ច្រើន នឹង​មិន​បាន​បញ្ចូល​នូវ​មតិ​យោបល់​របស់​ក្រុម​ស្ត្រី​ដែល​បម្រើ​នៅ​ក្នុង​ផ្ទះ​បន​របស់​យោធា​ជប៉ុន​កាល​ពី​សម័យ​នោះ ដែល​គេ​ហៅ​ថា «ស្ត្រី​កំដរ​អារម្មណ៍‍» នោះ​ទេ។

លោក Moon Jae In បាន​អំពាវនាវ​ឲ្យ​រដ្ឋបាល​របស់​លោក​បង្កើត «វិធានការ​បន្ទាប់‍» ដើម្បី​ធ្វើ​តាម​ការ​ទាមទារ​របស់​ជន​រងគ្រោះ​ជា​ស្ត្រី​ទាំង​នោះ។

ការ​លើក​ឡើង​របស់​លោក Moon Jae In បាន​ធ្វើ​ឡើង​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​របស់​ក្រុម​កង​កម្លាំង​ការងារ​ពិសេស​មួយ ដែល​លោក​បាន​បង្កើត​ឡើង​ភ្លាមៗ​ក្រោយ​ពី​លោក​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​កាល​ពី​ខែ​ឧសភា​ឆ្នាំ​នេះ​មក។ ក្រុម​កង​កម្លាំង​ការងារ​ពិសេស​នោះ​បាន​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​កិច្ច​ព្រមព្រៀង​នេះ​ឡើង​វិញ។ កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​អំឡុង​ពេល​លោកស្រី Park Geun Hye ដែល​ជា​អ្នក​មាន​ទស្សនៈ​អភិរក្ស​និយម កាន់​តំណែង​ជា​ប្រធានាធិបតី។

ជា​ការ​ឆ្លើយតប​មក​វិញ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Taro Kono បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បន្ត​គោរព​ទៅ​តាម​កិច្ច​ព្រមព្រៀង​នេះ ដោយ​បាន​ព្រមាន​ថា ទំនាក់ទំនង​ទ្វេភាគី​នឹង​ត្រូវ​បាន​បំផ្លាញ ប្រសិនបើ​កូរ៉េ​ខាង​ត្បូង​ព្យាយាម​កែប្រែ​កិច្ច​ព្រមព្រៀង​នេះ។

នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​យល់ព្រម​សុំ​អភ័យ​ទោស​ចំពោះ​សកម្មភាព​របស់​ទាហាន​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្តិ​ក្នុង​អំឡុង​ពេល​ត្រួតត្រា​សាហាវ​យង់ឃ្នង​របស់​ខ្លួន​នៅ​លើ​ឧបទ្វីប​កូរ៉េ​រវាង​ឆ្នាំ ១៩១០ និង​ឆ្នាំ ១៩៤៥ និង​បាន​ដាក់​ថវិកា​ចំនួន ៨ លាន​ដុល្លារ​អាមេរិក ចូល​ទៅ​ក្នុង​កញ្ចប់​ថវិកា​មួយ​ដែល​បង្កើត​ឡើង​ដើម្បី​ផ្គត់ផ្គង់​ជន​រងគ្រោះ​ជា​ស្ត្រី​ទាំង​នោះ។ ជា​ថ្នូរ​មក​វិញ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​យល់ព្រម​ថា​នឹង​មិន​ហៅ​ស្ត្រី​រងគ្រោះ​ទាំង​នោះ​ថា​ជា «ទាសករ​ផ្លូវ​ភេទ‍» នោះ​ទេ និង​ព្រាង​គម្រោង​មួយ​ដើម្បី​ដក​រូប​សំណាក​មួយ​នៅ​ពី​មុខ​ស្ថានទូត​ជប៉ុន ដែល​តំណាង​ឲ្យ​ស្ត្រី​រងគ្រោះ​ទាំង​នោះ៕