ប្រធានាធិបតីកូរ៉េខាងត្បូងកំពុងស្ថិតក្នុងសភាពស្មុគស្មាញជុំវិញរឿងអាស្រូវមួយពាក់ព័ន្ធនឹងការចោទប្រកាន់លោកស្រីថាបានអនុញ្ញាតឲ្យមិត្តភក្តិរបស់លោកស្រីម្នាក់លូកដៃចូលទៅក្នុងកិច្ចការសំខាន់របស់រដ្ឋ។
ការគាំទ្រលោកស្រី Park Geun-hye បានធ្លាក់ចុះ ស្របពេលដែលមានការអំពាវនាវឲ្យលោកស្រីចុះចេញពីតំណែង ចាប់តាំងពីពេលដែលលោកស្រីបានប្រគល់សេចក្តីព្រាងសម្រាប់សុន្ទរកថារបស់លោកស្រីទៅឲ្យលោកស្រី Choi Soon-sil ដែលមិនធ្លាប់ឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខរបស់រដ្ឋាភិបាល។ ការកត់ត្រាបានបង្ហាញថា លោកស្រី Choi ក៏បានទទួលឯកសារសម្ងាត់ រួមទាំងឯកសារពាក់ព័ន្ធជាមួយនឹងជប៉ុននិងកូរ៉េខាងជើងផងដែរ។
លោកស្រី Park ដែលនៅសល់ពេលតែជាងមួយឆ្នាំប៉ុណ្ណោះក្នុងការកាន់តំណែងប្រធានាធិបតីនេះ បានធ្វើការសុំអភ័យទោស ហើយប្តេជ្ញាថានឹងបន្តកាន់តំណែង។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានធ្វើការសន្និដ្ឋានថា លោកស្រី Choi បានប្រើប្រាស់ឥទ្ធិពលរបស់លោកស្រីជាមួយនឹងប្រធានាធិបតីដើម្បីបញ្ចុះបញ្ចូលបណ្តាក្រុមហ៊ុននានាឲ្យឧបត្ថម្ភថវិកាដល់អង្គការសប្បុរសចំនួនពីររបស់លោកស្រីផ្ទាល់ ហើយប្រើប្រាស់អង្គការសប្បុរសទាំងនោះដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនរបស់លោកស្រី។
ឪពុករបស់លោកស្រី Choi គឺជាអ្នកដែលមានជំនឿស៊ប់ទៅលើសាសនា។ ក្រុមតំណាងរាស្ត្របារម្ភថាលោកស្រី Choi មានជំនឿស៊ប់ដូចឪពុករបស់លោកស្រី។ ហើយមេបក្សប្រឆាំងបានថ្លែងថា ឥទ្ធិពលរបស់លោកស្រី Choi ទៅលើលោកស្រីប្រធានាធិបតី Park អាចជារឿងគួរឲ្យខ្លាចមួយ។
លោកស្រី Park គឺជាមិត្តជិតស្និតរបស់ឪពុកលោកស្រី Choi ក្នុងអំឡុងទសវត្សរ៍ ១៩៧០ នៅពេលដែលឪពុករបស់លោកស្រី Park គឺអតីតប្រធានាធិបតីលោក Park Chung-hee ធ្វើជាមេដឹកនាំយោធាមួយរូប។ ហើយអ្នកទាំងពីរកាន់តែជិតស្និតនឹងគ្នានៅពេលដែលម្តាយលោកស្រី Park ស្លាប់នៅក្នុងឆ្នាំ ១៩៧៤ ហើយលោកស្រី Park នៅពេលនោះឡើងកាន់តំណែងជាស្ត្រីទី១ ជំនួសម្តាយរបស់លោកស្រី៕