ប៉ូលិស​កូរ៉េខាងត្បូង​ធ្វើការ​ស៊ើបអង្កេត​លើ​​ទំនាក់ទំនង​រវាង​ជនវាយប្រហារ​លើឯក​អគ្គរដ្ឋទូត​អាមេរិក​ ជាមួយ​នឹង​កូរ៉េខាងជើង​

ថ្លែង​ពី​កៅអី​រុញ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ​ ជន​សង្ស័យKim Ki-jong (ខាងលើ) ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុង​ទីក្រុង​សេអ៊ូល​ថា ​ខ្លួន​មិន​បាន​ទទួល​ការ​បញ្ជារ​ដោយ​ផ្ទាល់​ណាមួយ​ពី​កូរ៉េខាង​ជើង​ទេ។

ប៉ូលិស​ប្រទេស​កូរ៉េខាង​ត្បូង ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ពួកគេ​កំពុង​ស៊ើប​អង្កេតពី​លទ្ធ​ភាព​នៃ​ការជាប់​ទាក់​ទង​រវាងរដ្ឋាភិបាល​កូរ៉េខាង​ជើង និង​បុរស​ម្នាក់​ដែល​បាន​វាយ​ប្រហារ​លោក​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅប្រទេស​កូរ៉េខាង​ត្បូង។

ក្រុម​អាជ្ញាធរ​ ក៏​បាន​និយាយ​ផង​ដែរ​ថាKim Ki-jong អាយុ​៥៥​ឆ្នាំ ប្រឈម​ការ​ចោទ​ប្រកាន់ពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​បន្ទាប់ពីយក​កាំបិទ​ឆូត​នៅលើ​មុខ​និងកដៃរបស់​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ Mark Lippert ​ដោយ​ធ្វើ​ឲ្យ​លោក​មាន​របួស​ដោយ​ដេរ​៨០​ថ្នេរ។

ថ្លែង​ពី​កៅអី​រុញ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ​ជន​សង្ស័យ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុង​ទីក្រុង​សេអ៊ូល​ថា ​ខ្លួន​មិន​បាន​ទទួល​ការ​បញ្ជារ​ដោយ​ផ្ទាល់​ណាមួយ​ពី​កូរ៉េខាង​ជើង​ទេ។

ទី​ភ្នាក់​ងារ​ព័ត៌មាន​មជ្ឈឹម​ផ្លូវការ​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង ​បាន​ឆ្លើយ​តប​ដល់​ការ​វាយ​ប្រហារ​នេះ​ដោយ​បាន​ហៅ​ថា ​វា​ជា​ការ​ដាក់ទ័ណ្ឌកម្ម​ ហើយ​ជា​សម្តែង​នូវការ​ប្រឆាំងដល់​សមយុទ្ធខាង​យោធា​ដែល​កំពុង​ធ្វើឡើង​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង។

លោក Lim Byeong-cheon ​អ្នកនាំ​ពាក្យ​ក្រសួង​បង្រួប​បង្រួម​កូរ៉េខាង​ត្បូង​ ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ឧបទ្ទវហេតុ​នេះ​ជា​សកម្មភាព​បង្កគ្រោះ​ថ្នាក់​ប្រឆាំង​បេសកជន​ការទូតដែល​មិន​អាច​អត់ឱន​ឲ្យ​បាននៅ​ក្រោម​កាលៈ​ទេសៈ​ណាក៏​ដោយ។​ យើង​ប្រកាស​ប្រឆាំងយ៉ាង​ខ្លាំងដល់​កូរ៉េខាង​ជើងចំពោះ​ការ​ប្រឌិត​ពី​ឧបទ្ទ​វហតុ​នេះ​ និង​ការ​គាំទ្រ​សកម្មភាព​បែបនេះ។

លោក Yoon Myeong-seong ​ប្រធាន​ប៉ូលិស​ទី​ក្រុង​សេអ៊ូល ​បាន​និយាយ​ថា ​ជន​សង្ស័យ​ ​បាន​ទៅ​ទស្សនា​កូរ៉េខាង​ជើង​ប្រហែល៧​ដងរវាង​ឆ្នាំ​១៩៩៩​និង​ឆ្នាំ​២០០៧។

លោកឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិកប្រចាំ​ប្រទេស​កូរ៉េខាង​ត្បូង ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក​មាន​សុខភាព​ល្អ​និង​មាន​ស្មារតី​ល្អ​ហើយ​ក្រោយ​មក​លោក ​បាន​សរសេរ​ក្នុង Twitterថា ​លោកនិង​ក្រុម​គ្រួសារ​លោក​ ​មាន​ការ​រំភើប​ជាខ្លាំងចំពោះ​ការ​គាំទ្រ​ដ៏​សន្ធឹក​សន្ធាប់​ដែល​បាន​ផ្ញើទៅ​ជូន​លោក ហើយ​លោក​នឹង​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​នៅ​ពេល​ឆាប់​ៗ​នេះដើម្បី​ជួយ​ពន្លឿន​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​កូរ៉េខាង​ត្បូង៕