ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​កម្ពុជា​ជាក្រុម​ឈាន​មុខ​ក្នុង​ចំណោម​​ប្រទេស​ជាង​៨០

  • ហ៊ាន សុជាតា

ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​អាមេរិក​ធ្វើសិក្ខាសាលា​ Half The Sky (Courtesy:​ Tee McCallister)

ភ្លាមៗ​បន្ទាប់ពី​លោក​ William E. Todd ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​នៅ​កម្ពុជា​ ប្រកាស​ពី​គម្រោង​បង្កើត​នូវ​ក្រុមយុវជន​ស្ម័គ្រ​ចិត្តមួយ​ក្រុម​ក្នុង​ឆ្នាំ​២០១២​មក ​វត្តមាន​របស់​ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​លេច​រូបរាង​ឡើង​ ដោយ​មាន​យុវជន​ចំនួន​១៥រូប​ត្រូវ​បាន​ជ្រើសជាសមាជិក។ ​ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ដែល​ហៅ​កាត់ថា​ AYC (The US Ambassador’s Youth Council) នេះ បាន​បង្កើត​ឡើង​ជាង​២ឆ្នាំ​ហើយ បើគិត​មក​ត្រឹម​ចុង​ឆ្នាំ​២០១៤នេះ។

ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅកម្ពុជា​ជាក្រុមឈាន​មុខ​ក្នុង​ចំណោម​ប្រទេស​នេះ​មាន​ក្រុមប្រឹក្សា​ដូចគ្នានេះនៅក្នុង​ប្រទេស​ជាង៨០។​

AYC​កម្ពុជា​ គឺ​ជា​ក្រុម​យុវជន​មួយ​ក្នុង​ចំណោម​ក្រុមប្រឹក្សា​យុវជន​របស់​ស្ថានទូត​អាមេរិក​ប្រមាណ​ជា​៨០ទៀត​ជុំវិញ​ពិភពលោក ដែល​ធ្វើការ​ផ្អែកលើ​មូលដ្ឋាន​ស្ម័គ្រចិត្ត​ ដើម្បី​យុវជន និង​ការ​អភិវឌ្ឍ​សង្គម។ AYCកម្ពុជា​ត្រូវ​វាយ​តម្លៃ​ថា​ ជា​ក្រុម​កំពូល​មួយ​ក្នុង​ចំណោម​ក្រុម​ប្រឹក្សាយុវជន​សកម្ម ​ទាំង​៥​ផង​ដែរ។ ​

សមាជិកក្រុម​ប្រឹក្សា​យុជន​ឯកអគ្គរដ្ឋទូត​សរអា(រូបថតផ្តល់ដោយ​ AYC)
សមាជិកក្រុម​ប្រឹក្សា​យុជន​ឯកអគ្គរដ្ឋទូត​សរអា(រូបថតផ្តល់ដោយ​ AYC)

លោក​លៀវ គឹមឡាយ​ស្ថិត​ក្នុង​វ័យ​២៤​ឆ្នាំ​ បច្ចុប្បន្នជា​ប្រធាន​ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​នេះ។​

ជានិស្សិត​ឆ្នាំ​ទី៤​ផ្នែក​សេដ្ឋកិច្ច​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ និង​ជានិស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​កម្ពុជា​ លោក​គឹមឡាយ ​បាន​ធ្វើ​ការ​ស្ម័គ្រចិត្ត​នៅក្នុង​ក្រុម​ប្រឹក្សា​នេះ​អស់រយៈពេល​ប្រមាណ​ជា​មួយ​ឆ្នាំ​ ៣ខែមក​ហើយ។​

រូប​លោក​ផ្ទាល់ ​ជា​អ្នក​ដែល​ឲ្យតម្លៃ​ខ្ពស់​ចំពោះ​ការងារ​ស្ម័គ្រចិត្ត ​និង​សកម្ម​ភាព​សង្គម​ ដោយ​ចង់ឃើញ​នូវ​ការ​ផ្លាស់​ប្តូរ​ជាវិជ្ជមានក្នុង​សង្គម។

លោក​បញ្ជាក់​ថា៖​ «ការ​ចូលរួម​ជា​សមាជិក​ AYC​ ​នេះ​ជាឱកាស​ដែល​អាច​ធ្វើឲ្យ​ខ្ញុំចូល​រួម​សកម្មភាព​សង្គម​កាន់​តែ​ស៊ី​ជម្រៅ​ជាង​ដែល​ខ្ញុំ​ធ្វើ​កន្លង​មក​ ហើយ​ដោយមើលឃើញ​ថា​ ក្រុម​សមាជិក​យុវជន​មាន​សកម្មភាព​ច្រើន​ ហើយ​សកម្មភាព​ទាំង​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ចូលរួម​ចែក​រំលែក​ឲ្យមាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»។ ​

ក្រុម​ប្រឹក្សា​យុវជន ​AYC​ នេះ​ទទួល​បាន​ការ​គាំទ្រ​ខាង​ផ្នែក​ហិរញ្ញ​វត្ថុ​ទាំង​ស្រុង​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅកម្ពុជា​ ពោល​គឺស្ថានទូត​អាមេរិក​ដើរ​តួនាទី​ដូច​ជា​អាណាព្យាបាល​របស់​ AYC​ មាន​ន័យ​ថា​ រាល់​ការ​សម្រេច​ចិត្ត​របស់ AYC ​ត្រូវ​មាន​ការ​ពិភាក្សា​ជាមួយ​ស្ថានទូត​អាមេរិក។​

លោក​លៀវ គឹមឡាយ​ ប្រធាន​ក្រុម​ប្រឹក្សា​យុវជន​នេះ​រៀបរាប់​បន្ត​ពី​គោល​បំណង​សំខាន់​របស់​ក្រុម​យុវជន​ខ្លួន៖​ «ទី១ដើម្បី​បង្កើត​ឲ្យមាន​ការ​សហការ​គ្នា ​ឲ្យកាន់​តែ​មាន​ប្រសិទ្ធិ​ភាព​រវាង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ ទី២​គឺ​ដើម្បី​បង្កើត​ឡើង​ឲ្យមាន​យុវជន​ជាអ្នក​ដឹក​នាំទូទាំង​ប្រទេស​កម្ពុជា​ ទី៣​គឺ​ដើម្បី​ផ្សារភ្ជាប់​យុវជន​ខ្មែរ​ទាំង​អស់ជាមួយ​នឹង​បញ្ហា​សង្គម​ តាម​រយៈ​សកម្មភាព​ស្ម័គ្រចិត្ត​ ទី៤​គឺ​ផ្តល់ជា​មតិចំពោះ​ប្រសិទ្ធភាព​គោល​នយោបាយ​របស់​អាមេរិក​មក​លើ​កម្ពុជា។ ​ជា​រៀង​រាល់​ខែ​ តែង​តែ​មាន​ការ​ប្រជុំ​រវាង​យុវជន​ AYC ​និង​អគ្គរដ្ឋទូត។ ​លោក​ផ្តោត​សំខាន់​លើយុវជន»។​

ប្រធាន​បទធំៗ​៣​សំខាន់​ ដែល​ក្រុម​ប្រឹក្សា​យុវជន ​AYC​ បាន​និង​កំពុង​ធ្វើ​ការ​គឺ​បញ្ហា​បរិស្ថាន ​ការ​អប់រំ​ និង​ការងារ។ ​មក​ទល់​ពេល​នេះ​ ក្រុម​ប្រឹក្សា​យុវជន​ AYC ​បាន​អនុវត្ត​គម្រោង​ផ្ទាល់ខ្លួន​បាន​ចំនួន​១៧​ហើយ​ ព្រម​ទាំង​នៅ​មាន​គម្រោង​ចំនួន១៥​ទៀត​ ដែល​បាន​អនុវត្ត​សហការ​ជា​ដៃ​គូ​ជាមួយ​អង្គការ​យុវជន​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដទៃ​ទៀត​ ដូចជា​ Winrock ​សម្ព័ន្ធ​សត្វ​ព្រៃ​ United Nations Volunteers​ (UNV) និង​ Khmer Youth Association​ (KYA)​ជាដើម។​

គម្រោង​ទាំង​នោះ​រួមមាន៖​ គម្រោង​ផ្តល់កម្ម​សិក្សា​ដល់និស្សិត​ឲ្យ​ទទួល​បាន​បទ​ពិសោធន៍​ការងារ​ និង​ស្វែង​យល់​ពី​បរិបទ​ការងារ​ ​គម្រោង​ Wild Life Our Life ​ជាការ​រៀបចំ​សិក្ខា​សាលា​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​យុវជន​អំពី​ការជួញ​ដូរ​ខុសច្បាប់។ មួយ​វិញ​ទៀត បច្ចុប្បន្ន​នេះ​ AYC​ កំពុង​រៀបចំ​គម្រោង​មួយ​សប្តាហ៍​ឆ្ពោះ​ទៅ​ភាព​ជា​សហគ្រិន​នៅ​ខេត្ត​ស្វាយ​រៀង​ ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​សៀមរាប​ ដើម្បី​បណ្តុះ​បណ្តាល​យុវជន​ឲ្យយល់ពីសហ​គ្រិនភាព​ និងគម្រោង​នៃការ​ប្រគុំ​តន្ត្រី​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ក្នុង​ការ​ការពារ​សត្វព្រៃ​នៅ​ដើមឆ្នាំ​២០១៥​នេះ​ផង​ដែរ។ ​

កញ្ញា ​ជិន សុភ័ក្រ្តា ​វ័យ​២២​ឆ្នាំ​ ជា​មន្ត្រី​គម្រោង ​និង​ជា​សមាជិក​ស្ម័គ្រ​ចិត្ត​នៅ​ក្រុម​ប្រឹក្សា​យុវជន​ AYC​ នេះ។ ​សុភ័ក្រ្តា ដែល​បាន​ធ្វើការ​ស្ម័គ្រ​នៅ​ AYC ​អស់​រយៈ​ពេល​២ឆ្នាំ​មក​ហើយ​នេះ​ គូស​បញ្ជាក់​បន្ថែម​ចំពោះ​សកម្មភាព​ក្រុម​យុវជននេះ។​

សុភ័ក្រ្តា​និយាយថា៖​ «គម្រោង​នេះ​ពួក​ខ្ញុំ​បាន​រៀបចំ​ជា​ដំណាក់​កាលៗ។ ​ ដំណាក់​កាល​ទីមួយ​ហ្នឹងគឺ​ពួក​ខ្ញុំ​បាន​រៀបចំ​សិក្ខា​សាលា​ដើម្បី​ Raise Awareness​ [បង្កើនការយល់ដឹង] ​ដល់​យុវជន​ទាក់ទង​ទៅ​នឹង​ការ​ជួញ​ដូរ​សត្វព្រៃ​ខុសច្បាប់ ​ហើយ​បន្ទាប់មក​យើង​រើស​យក​យុវជន​ស្ម័គ្រចិត្ត​សកម្ម​មួយ​ក្រុម​ដើម្បី​សិក្សា​បន្ថែម​ពី​ប្រភេទ​សត្វព្រៃ​ ​ សិក្សា​ពី​ច្បាប់នៃ​ការ​ការពារ​ព្រៃឈើ ​និង​សត្វព្រៃ ​ទៅសិក្សា​ពីអ្នក​ជំនាញ​នៅ​ភ្នំ​តាម៉ៅ​ និង​ដាំ​កូនឈើ ​បន្ទាប់មក​យើង​រៀបចំ​ដំណើរ​កម្សាន្ត​មួយ​ទៀត​នៅ​ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ​ដើម្បី​ស្វែង​យល់​ពី​ជីវភាព​របស់​ប្រជាជន​នៅ​ទីហ្នឹង​ ស្វែង​យល់​ពី​ក្រុម​សកម្ម​ជន​បរិស្ថាន​ ដែល​ពួក​គាត់​ធ្វើការ​ការពារ​ការ​កាប់ព្រៃ​ឈើ​ខុស​ច្បាប់​នៅតំបន់​ព្រៃឡង់»។​

ដោយសារ​តែ​កញ្ញា​ត្រូវ​ធ្វើ​ការងារ​៣​ក្នុង​ពេល​តែមួយ ​ក្នុង​នោះរួម​មាន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​ភាសា​បរទេស ​ធ្វើការងារ​ក្រៅម៉ោង ​ព្រម​ទាំង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ឲ្យ ​AYC​ ផង​នោះ ​សុភក្ត្រា​លើក​ឡើងពី​បញ្ហា​ប្រឈម​របស់​ខ្លួន​ថា៖ ​«ទីមួយ​គឺ​ការ​បែង​ចែក​ពេល​វេលា ​ទី​២គឺ​ការ​ធ្វើការ​ជាក្រុម។ ​ដើម្បី​ឲ្យលទ្ធផល​នៃ​ការសិក្សា​ ក៏ដូចជា​ការធ្វើការ ​ក៏ដូច​ជា​ការ​ស្ម័គ្រចិត្ត​ ឬ​គម្រោង​ទាំង​នេះ​ ឲ្យបាន​ជោគជ័យ​ ខ្ញុំ​ត្រូវ​ធ្វើការ​ងារ​តាម​កាល​វិភាគ​ដែល​បាន​ចាត់ចែង​យ៉ាង​ច្បាស់លាស់។​ ការ​លំបាក​មួយ​ទៀត​គឺ​ការ​ធ្វើការ​ជាក្រុម។ ​ Background [ប្រវត្តិបទ​ពិសោធន៍]​ ផ្សេងៗ​គ្នា​ អត្តចរិក​ខុសៗ​គ្នា​ ពេល​ធ្វើការ​ជាក្រុម​ដោយ​មិន​បាន​ស្វែង​យល់ពី​គ្នា​គឺ​មាន​ការ​ពិបាក​មែនទែន។​ តែ​ក្នុង​រយៈពេល​២ឆ្នាំ​ហ្នឹង​គឺពួក​យើង​ព្យាយាម​ស្វែង​យល់ពី​គ្នា​ ស្តាប់​ការ​ផ្លាស់​ប្តូរ​យោបល់​ពី​គ្នា​ដើម្បី​អភិវឌ្ឍ​ AYC​ ឲ្យកាន់​តែ​ប្រសើរ​ គឺ​យើង​ត្រូវ​ការ​ Team Spirit [ស្មារតី​ជាក្រុម]។ ​គម្រោង​នីមួយៗ​យើង​មិន​អាច​ធ្វើការ​តែឯង​បាន​ទេ​គឺ​ត្រូវ​ការជួយ​ពី​សមាជិក​ក្រុម​ផ្សេងៗ​ទៀត»។​

ចំពោះ​បញ្ហា​ផ្សេងៗ​ទៀត​ដែល​យុវជន​ AYC​ ប្រឈម​ក្នុងពេល​អនុវត្ត​គម្រោងគឺ​មាន​ដូចជា៖ ​ការ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ក្នុង​ការ​សហការ​គ្នា​ជាមួយ​មន្ត្រី​ថ្នាក់​មូលដ្ឋាន ​ដោយ​ទាមទារឲ្យមាន​លិខិត​ស្នាម​តាម​ផ្លូវ​ច្បាប់​ ច្បាស់លាស់​ដែល​មាន​ការ​អនុញ្ញាត​ពី​រដ្ឋ​មន្ត្រី​ជាដើម។ AYC​ មិន​មាន​បញ្ហា​ខាង​កញ្ចប់​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​ឡើយ ​ដោយ​ហេតុ​ថា​ AYC​ ទទួល​បាន​ការ​ឧបត្ថម្ភពី​ស្ថានទូត​អាមេរិក​យ៉ាង​ពេញ​លេញ។​

គួរ​គូស​បញ្ជាក់​ផង​ដែរ​ថា ​ពីដំបូង​ឡើយ​ ក្រុមប្រឹក្សា​យុវជន​ AYC​ មាន​សមាជិក​តែ​១៥​រូប​តែ​ប៉ុណ្ណោះ។​ មួយ​ឆ្នាំ​បន្ទាប់មក​គឺ​នៅឆ្នាំ​២០១៣ ​ទើប ​AYC ​មាន​សមាជិក​១០​រូបទៀត ​ដែលត្រូវ​បាន​ជ្រើសរើស​បន្ថែម។​

បច្ចុប្បន្ន​នេះ​ សមាជិក​សរុប​របស់​ AYC​ មាន​ចំនួន​២៥​រូប។​

អណត្តិ​របស់​សមាជិក​របស់​ AYC​ គឺ​មាន​រយៈ​ពេល​២ឆ្នាំ​ មាន​ន័យ​ថា​ រៀង​រាល់​២​ឆ្នាំ​ម្តង​ AYC​ នឹង​ធ្វើការ​ជ្រើសរើស​សមាជិក​ថ្មី​ដើម្បី​ចូល​ធ្វើ​សកម្មភាព​ស្ម័គ្រចិត្ត​ជំនួស​សមាជិក​ចាស់​ដែល​ផុត​អាណត្តិ។​

លោក​គឹមឡាយ​អះអាង​ពីភាព​លេច​ធ្លោ​របស់​ AYC​ថា៖​ «ទីមួយ ​ដោយសារ​សកម្មភាព​ច្រើន​ មិន​ត្រឹម​តែ​ក្នុង​ប្រទេស​ទេ ​សូម្បី​តែ​ប្រៀប​ធៀប​ទៅ​នឹង​ក្រុម​ប្រឹក្សា​ទូទាំង​ពិភព​លោក​ ដែល​មាន​ជាង​៨០​ប្រទេស​ ក៏​ AYC​ [កម្ពុជា]​ ស្ថិត​ក្នុង​ AYC​ សកម្ម​ជាង​គេ​ទាំង​៥​ដែរ។​ ហើយ​បើ​និយាយ​ពី​សមាជិក​ AYC​ កម្ពុជា​ទាំង​២៥​រូប​វិញ គឺ​មាន​ការ​សហការ​គ្នា​ល្អ​មែនទែន​ ហើយ​សកម្មភាព​ទាំង​នេះ​មាន​ Impacts​ [លទ្ធផល]​ទៀត ​មាន​Impacts​ [លទ្ធផល] ទៅលើ​ការ​យល់​ដឹង​របស់​យុវជន​ទាក់ទង​នឹង​បញ្ហា​ការអប់រំ»។​

កញ្ញា​កូវ ច័ន្ទនិច ​វ័យ​២០​ឆ្នាំ ​ជា​យុវជន​ស្ម័គ្រចិត្ត​មួយ​រូប​ក្នុង​គម្រោង​Wildlife​ របស់​ AYC។ ​ច័ន្ទនិច​យល់​ថា ​ដោយសារ​តែ​ AYC ​ជា​ផ្នែក​មួយ​របស់​ស្ថានទូត​អាមេរិក ​ហេតុនេះ​សកម្មភាព​របស់​ AYC​ នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​ខ្លាំង​ទៅ​លើ​សង្គម។ ​មួយ​វិញ​ទៀត ​ច័ន្ទនិច​គិត​ថា ​ការ​ធ្វើ​ការ​ស្ម័គ្រចិត្ត​ក្នុង​ AYC​ អាច​ជួយ​បង្កើន​សមត្ថភាព​ និង​ការ​ទទួល​ខុសត្រូវរបស់​កញ្ញា​ផ្ទាល់​ផង​ដែរ។​

ច័ន្ទនិច​លើក​ឡើង​ថា៖​ «កាល​មុន​ធ្លាប់​ Volunteer​ ឲ្យ​គេ​ដែរ​ តែ​ដូច​ខ្លួន​ឯង​នៅ​ក្មេង​នៅឡើយ​ ធ្វើ​អី​តាម​តែ​គេ​ប្រាប់។​ តែ​ដល់​ពេល​ចូល​ក្នុង​ AYCគឺ​គេ​បង្រៀន​យើង​ឲ្យចេះ​ឯករាជ្យ​ ហើយ​ចេះ​គិត​ច្រើន​ជាង​មុន។​ ​ចេះ​ដឹង​ច្រើន​របៀប​ទំនាក់ទំនង​ដើម្បី​ឲ្យគម្រោង​ដំណើរការ។ ​ស្គាល់គេ​ច្រើន​ ហើយ​ធ្វើ​ឲ្យខ្ញុំ​មាន​ការ​ទទួល​ត្រូវ​ច្រើន​ជាង​មុន»។​

លោក​គឹមឡាយ​លើក​ទឹក​ចិត្ត​ឲ្យយុវជនចូលរួម​សកម្មភាព​ស្ម័គ្រចិត្ត ដោយ​សារ​តែ​នេះ​ជា​កត្តា​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម​ និង​ផ្លាស់​ប្តូរ​សង្គម​ឲ្យមាន​ភាព​រីកចម្រើន។​ លោក​និយាយ​ថា៖​ «ការណ៍​ពិត​ទៅ​យុវជន​អត់​ដឹង​ថា​ ខ្លួនឯង​អាច​ធ្វើឲ្យមាន​ការ​ផ្លាស់​ប្តូរ​ប៉ុណ្ណា​ទេ​ រហូត​ទាល់​តែ​ខ្លួន​ឯង​ចូល​ក្នុង​សកម្មភាព​សង្គម ​ទើប​ដឹង​ថា ​ខ្លួន​ឯង​អាច​ធ្វើ​បាន​ច្រើន។​ ទីមួយ​គាត់​អាច​នឹង​រៀន​ពី​របៀប​របប​ធ្វើការងារ​ជា​ក្រុម​ ទី២​គឺ​គាត់អាច​សិក្សា​ពី​ការ​ធ្វើការងារ​ ដែល​មាន​ជន​ជាតិ​បរទេស​ ទី៣​គឺ​ពង្រឹង​សមត្ថភាព​ជា​អ្នក​ដឹកនាំ។ ​លើសពី​ហ្នឹង​ទៅ​ទៀត ​គាត់​អាច​រៀនពី​របៀប​ទំនាក់​ទំនង។ ​កិត្តិនាម​របស់​ AYC​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ ដែល​អាច​ឲ្យយុវជន​ទទួល​បាន​ឱកាស​ការងារ​ល្អ ​និង​ឱកាស​ទៅ​សិក្សា​នៅ​បរទេស​ជាដើម»៕

XS
SM
MD
LG