ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតគោចរណ៍សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការឧក្រិដ្ឋកម្មសង្គ្រាម លោក ស្តេហ្វិន រ៉េបប៍ (Stephen Rapp) បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជានៅថ្ងៃពុធនេះ សម្រាប់អ្វីដែលក្រុមមន្ដ្រីផ្លូវការបញ្ជាក់ថាដើម្បីការគាំទ្រដល់ការបំពេញនូវអាណត្តិសាលាក្តីខ្មែរក្រហម។
ដំណើរទស្សនកិច្ចរបស់មន្ដ្រីជាន់ខ្ពស់សហរដ្ឋអាមេរិកធ្វើឡើងស្របពេលដែលសាលាក្ដីខ្មែរក្រហមកំពុងធ្វើការកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបីនាក់ក្នុងសំណុំរឿង០០២ ហើយសាលាក្ដីកូនកាត់នេះអាចប្រឈមនឹងវិបត្តិថវិកានៅចុងឆ្នាំ២០១។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះលោកស្តេហ្វិន រ៉េបប៍ នឹងជួបពិភាក្សាជាមួយមន្ដ្រីជាន់ខ្ពស់សាលាក្ដីខ្មែរក្រហម និងមន្ត្រីរដ្ឋាភិបាលខ្មែរ រួមទាំងភាគីដែលជាប់ពាក់ពន្ធ័ផងដែរ។ ហើយជំនួបនោះនឹងផ្តោតលើកិច្ចពិភាក្សាស្តីពីការគាំទ្រចាំបាច់ដល់សាលាក្ដីខ្មែរក្រហម។
លោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហមបានបញ្ជាក់ពីជំនួបរវាងលោកស្តេហ្វិន រ៉េបប៍ ជាមួយក្រុមចៅក្រមខ្មែរ។
«នៅរសៀលថ្ងៃនេះលោកស្តេហ្វិន រ៉េបប៍ បានមកធ្វើទស្សនកិច្ចនៅអ វ ត ក ហើយបានជួបជាមួយនឹងចៅក្រមនៃអង្គជំនុំជម្រះក្នុងតុលាការកម្ពុជាក្នុងការស្វែងយល់អំពីការវិវត្តថ្មីៗអំពីតុលាការនេះ»។
ក៏ប៉ុន្តែលោក ឌឹម សុវណ្ណរុំ លើកឡើងថា លោកមិនមានព័ត៌មានអ្វីចេញពីជំនួបខាងលើនេះទេ។
លោកឯកអគ្គរដ្ឋទូតគោចរណ៍អាមេរិកគ្រោងនឹងធ្វើបទបង្ហាញមួយនៅថ្ងៃស្អែកនេះក្នុងសិក្ខាសាលាស្តីពីកេរដំណែលនៃសាលាក្ដីខ្មែរក្រហម។
លោក ឌឹម សុវណ្ណារុំ បញ្ជាក់ថា លោក ស្តេហ្វិន រ៉េបប៍ គ្រោងនឹងជួបជាមួយនឹងលោក ក្រាញ់ តូនី និងលោក គ្នុត រ៉ូសិនហក ប្រធាននិងអនុប្រធានរដ្ឋបាលសាលាក្ដីខ្មែរក្រហមនៅថ្ងៃនោះដែរ។
«ហើយបន្ទាប់មកទៀតគាត់ក៏គ្រោងនឹងជួបជាមួយនឹងថ្នាក់ដឹកនាំរដ្ឋបាលនៃអង្គជំនុំជម្រះក្នុងតុលាការកម្ពុជាផងដែរនៅក្រោយឱកាសដែលគាត់ចូលរួមក្នុងសិក្ខាសិលាស្តីពីកេរដំណែលរបស់អ វ ត ក»។
ដោយឡែកលោក ឯក ថា អ្នកនាំពាក្យមួយរូបនៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ដ្រីមានប្រសាសន៍ថា មិនទាន់មានឃើញគម្រោងជំនួបរវាងលោកស្តេហ្វិន រ៉េប ជាមួយលោកឧបនាយករដ្ឋមន្ដ្រីសុខ អាន នោះទេ។ លោកសុខ អាន ជាប្រធានទទួលបន្ទុកផ្នែកកិច្ចការតុលាការខ្មែរក្រហមរបស់រដ្ឋាភិបាល ហើយនៅក្នុងពេលនេះលោកសុខ អាន កំពុងបំពេញបេសកកម្មនៅក្រៅប្រទេស៕