មេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសកូរ៉េខាងត្បូង លោក Lee Jae-Myung ត្រូវបានដឹកតាមយន្តហោះទៅកាន់មន្ទីរពេទ្យនៅថ្ងៃអង្គារនេះ គឺប៉ុន្មានម៉ោងក្រោយពីលោកត្រូវបានគេចាក់ចំក ក្នុងពេលលោកកំពុងធ្វើទស្សនកិច្ចក្នុងទីក្រុងកំពង់ផែ Busan នៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។
មេដឹកនាំគណបក្សប្រជាធិបតេយ្យរូបនេះ កំពុងជួបជាមួយក្រុមអ្នកសារព័ត៌មាននៅការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីមួយ ស្រាប់តែមានបុរសម្នាក់បានដើរសំដៅមករករូបលោកដើម្បីសុំហត្ថលេខាពីលោក។ រូបភាពវីដេអូដែលត្រូវបានបង្ហោះលើប្រព័ន្ធអនឡាញ បង្ហាញលោក Lee ញញឹម មុនពេលដែលបុរសរូបនេះបានប្រើកាំបិតធំមួយ ចាក់ទៅលើ «ក» ខាងឆ្វេងរបស់លោក។
អ្នកឈរនៅក្បែរនោះម្នាក់បានយកកន្សែងដៃខ្ទប់កន្លែងចាក់នោះមិនឱ្យហូរឈាមចេញ មុនពេលដែលមេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានគេប្រញាប់ប្រញាល់ដឹកទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យជាតិ Pusan។ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យនិយាយថា លោក Lee ត្រូវបានដឹកជញ្ជូនតាមយន្តហោះទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យជាតិ ក្នុងរដ្ឋធានីសេអ៊ូល ដើម្បីធ្វើការវះកាត់ ក្រោយពីក្រុមវេជ្ជបណ្ឌិតបារម្ភពីការហូរឈាមខ្លាំងនៅម្តុំសរសៃករបស់លោក។
អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា លោក Lee មិនបានសន្លប់ឡើយក្រោយពីការចាក់នោះ ហើយក្រុមមន្ត្រីសុខាភិបាលនិងប៉ូលិសថា លោកមិនគ្រោះថ្នាក់ដល់ជីវិតឡើយ។
ជនសង្ស័យដៃដល់ដែលបានចាក់មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានគេបង្ហាញថា ស្ថិតក្នុងវ័យ៦០ទៅ៧០ឆ្នាំ និងមានពាក់ម្កុដក្រដាសលើក្បាលរបស់ខ្លួន ដែលមានឈ្មោះលោក Lee ផងដែរ។ ប៉ូលិសបានចាប់ជនដៃដល់ដែលមិនស្គាល់ឈ្មោះរូបនេះភ្លាមៗនៅកន្លែងកើតហេតុ និងយកចេញទៅ។ បើយោងលើទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានផ្សាយថា ប៉ូលិសក្នុងទីក្រុង Busan បាននិយាយថា ជនល្មើសបានសារភាពថាចង់សម្លាប់លោក Lee។ ជននេះនឹងត្រូវចោទប្រកាន់ពីបទឃាតកម្មដោយចេតនា៕