ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​បញ្ជា​ឱ្យ​​ត្រួត​ពិនិត្យ​អ្នក​រៀបចំ​ការ​ប្រគុំ​តន្ត្រី​ក្រុម Blackpink ដោយ​សារ​រឿង​ផែនទី​សមុទ្រ​ចិន​ខាង​ត្បូង


ក្រុម​ត​ន្ត្រី​ ​Blackpink ពីខាងឆ្វេង​ Lisa, Jisoo, Jennie, និង Rose បាន​មកដល់កម្មវិធីប្រគល់រង្វាន់តន្ត្រី MTV Video Music Awards នៅមជ្ឈមណ្ឌល Prudential កាលពីថ្ងៃអាទិត្យ​ទី២៨ សីហា ឆ្នាំ២០២២​ក្នុងទីក្រុង Newark រដ្ឋ N.J (Photo by Evan Agostini/Invision/AP)
ក្រុម​ត​ន្ត្រី​ ​Blackpink ពីខាងឆ្វេង​ Lisa, Jisoo, Jennie, និង Rose បាន​មកដល់កម្មវិធីប្រគល់រង្វាន់តន្ត្រី MTV Video Music Awards នៅមជ្ឈមណ្ឌល Prudential កាលពីថ្ងៃអាទិត្យ​ទី២៨ សីហា ឆ្នាំ២០២២​ក្នុងទីក្រុង Newark រដ្ឋ N.J (Photo by Evan Agostini/Invision/AP)

ប្រទេស​វៀតណាមបាន​បើក​ការត្រួតពិនិត្យ​ទៅ​លើ​គេហទំព័រ​របស់​ភ្នាក់ងារ​រៀបចំ​ដំណើរ​កំសាន្ត​របស់​ក្រុម​តន្ត្រី Blackpink នៃ​ប្រទេស​កូរ៉េខាងត្បូង នៅ​មុន​ការប្រគុំ​តន្ត្រី​របស់​ក្រុម​នេះនៅ​ក្នុង​រដ្ឋធានី​ហាណូយ​របស់​វៀតណាម ដោយ​សារ​អ្នកគាំទ្រ​បាន​រិះគន់​ចំពោះ​ផែនទីដែល​បង្ហាញ​ព្រំដែន​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ភាព​ចម្រូងចម្រាស​នេះ​កើត​មាន​ឡើង​ក្រោយ​ពី​វៀតណាម​ថ្មីៗ​នេះ បាន​សម្រេច​ហាម​ការ​បញ្ចាំង​ភាពយន្ត​ឈ្មោះ "Barbie" ដែល​គេ​ទន្ទឹង​រង់ចាំ​ខ្លាំង​របស់​ក្រុមហ៊ុន​អាមេរិ កាំង Warner Bros' ដោយសារ​ភាពយន្ត​នេះ​ត្រូវ​គេ​ចោទ​ថា​ មាន​ឈុត​ដែល​បង្ហាញ​«ខ្សែ​បន្ទាត់​៩ចំណុច‍» ឬ «Nine-Dash Line» ដែល​ចិន​ប្រើ​ក្នុង​ផែនទីរបស់​ខ្លួន​ ដើម្បី​អះ អាង​ទាមទារ​អធិបតេយ្យភាព​លើ​តំបន់​ដ៏​ធំធេង​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ក្នុង​នោះ​ក៏​មាន​ដែនទឹក​និង​កោះ​ដែល​វៀតណាម​អះអាង​ថា​ស្ថិត​នៅ​ក្នុង​ខ្ពង់រាប​បាតសមុទ្រ​របស់​ខ្លួន។

ក្រសួង​វប្បធម៌​វៀតណាម​បាន​និយាយ​កាល​ពី​យប់​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​បញ្ជា​ឱ្យ​មាន​ការ​ត្រួតពិនិត្យ​គេហទំព័រ​ទីភ្នាក់ងារ iME ដើម្បី «បញ្ជាក់​ពី​ការ​សង្ស័យ​ថា ក្រុមហ៊ុន​រៀបចំ​ការប្រគុំ​តន្ត្រី​ពេល​រាត្រី​របស់​ក្រុម Blackpink បាន​លើកតម្កើង​បន្ទាត់​អណ្តាត​គោ‍» ដោយ​ក្រសួង​នេះ​បាន​ប្រើ​ពាក្យរបស់​វៀតណាម​សម្រាប់ពណ៌នា​ខ្សែបន្ទាត់​ទម្រង់​អក្សរ U នេះ។ ក្រសួង​វប្បធម៌​វៀតណាម​មិន​បាន​ឆ្លើយ​តប​ភ្លាមៗចំពោះសំណួរ​អំពី​ថា​តើ នឹង​អាច​មាន​លទ្ធផល​អ្វី​ពី​ការ​ត្រួត​ពិនិត្យ​នេះ។ ហើយ​គេ​ក៏​មិន​ដឹង​ថា​តើ​លទ្ធផល​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ណា​ដែរ។

កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ នាយកប្រតិបត្តិ​របស់​ក្រុមហ៊ុន iME បាន​ចេញ​សេចក្តី​ថ្លែង ការណ៍​មួយ​ថា​ឧប្បទ្ទវហេតុ​នេះ​ជា​«ការ​យល់​ច្រឡំ​ដ៏​គួរ​ឱ្យ​សោកស្តាយ​មួយ‍»។

លោក Chow បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា៖ «ក្រុមហ៊ុន iME បាន​ពិនិត្យ​សើរើ​ភ្លាមៗនិង​ប្តេជ្ញា​ដក​ចេញ​រូបភាព​ណា​ដែល​មិន​សមស្រប​ចំពោះ​វៀតណាម‍» ដោយ​លោក​បន្ថែម​ថាក្រុមហ៊ុន iME បាន​ដឹង​ពី​ការគោរព​ចំពោះ​អធិបតេយ្យភាព​និង​វប្បធម៌​របស់​ប្រទេស​ទាំង​អស់​ដែល​ក្រុមហ៊ុន​នេះ​មាន​វត្តមាន។

គេ​នៅ​អាច​ចូល​មើល​គេហទំព័រ iME នៅ​ឡើយ​នៅ​ក្រោយ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ ប៉ុន្តែ​ទម្រង់​មុន​មួយ​នៃ​គេហទំព័រ​នេះដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​កាល​ពី​ថ្ងៃ​ទី៤ ខែ​កក្កដា ហើយ​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters បាន​ឃើញ បាន​បង្ហាញ​ ​«ខ្សែ​បន្ទាត់​៩ចំណុច‍» មិន​ច្បាស់ ដែល​បន្ទាត់​នេះ​ហ៊ុំព័ទ្ធ​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ស្ទើរ​ទាំង​ស្រុង។

ផែន​ទី​បង្ហាញ​ពី​សមុទ្រ​ចិនខាងត្បូង​និង​ដែន​ដី​ដែល​ចិន​ទាមទារ
ផែន​ទី​បង្ហាញ​ពី​សមុទ្រ​ចិនខាងត្បូង​និង​ដែន​ដី​ដែល​ចិន​ទាមទារ

ប្រទេស​វៀតណាម​និង​ប្រទេស​ចិន មាន​ប្រវត្តិ​ជា​យូរ​មក​រឿង​ទាមទារ​ដែន​ទឹក​ត្រួតស៊ី​គ្នា នៅ​សមុទ្រ​ចិន​ខាង​ត្បូង ជា​ពិសេស​ក្នុង​តំបន់​ខ្លះ​ដែល​អាច​មាន​ធនធាន​ប្រេង​ច្រើន។ ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​តែង​បាន​ចោទ​នានាចិន​ថា​បាន​រំលោភ​លើ​ដែន​អធិបតេយ្យភាព​របស់​ខ្លួន។

ក្រុមហ៊ុន Blackpink ដែល​តំណាង​ឱ្យ​វិស័យ​កម្សាន្ត​រាប់​ពាន់​លាន​ដុល្លារ​របស់​កូរ៉េ​ខាង​ត្បូង ជា​ក្រុមហ៊ុន​ចុងក្រោយ​បំផុត​ដែល​ជួប​នឹងរឿង​បញ្ហា​ក្នុង​ប្រទេស​វៀតណាម ដោយសារ​ការបង្ហាញ​ផែនទី «ខ្សែ​បន្ទាត់​៩ចំណុច‍» ដ៏​ចម្រូងចម្រាស​របស់​ចិន។ តុលាការ​អាជ្ញាកណ្តាល​មួយ​នៅ​ក្រុង​ឡាអេ​កាល​ពី​ឆ្នាំ២០១៦ បាន​សម្រេច​បដិសេធ​ខ្សែ​បន្ទាត់​នេះ ប៉ុន្តែ​ចិនមិន​បាន​ទទួល​ស្គាល់​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ទេ។

ចំណាត់ការ​របស់​ក្រសួង​វប្បធម៌​វៀតណាម​កើត​មាន​ឡើង​ក្រោយ​ពី​មាន​ការ​តវ៉ា​ពី​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​វៀតណាម​ដែល​បាន​កត់សម្គាល់​ឃើញ«ខ្សែ​បន្ទាត់​៩ចំណុច‍»​នេះ​នៅ​លើ​គេហទំព័រ​អ្នក​រៀប​ចំ​កាលប្រគុំ​តន្រ្តី Blankpink៕

ប្រែ​សម្រួល​ដោយ សឹង សុផាត

វីដេអូថ្មីៗបំផុត

XS
SM
MD
LG