នៅសុក្រនេះ ពួកមន្ត្រីប្រទេសកូរ៉េខាងត្បូង បានចាប់ខ្លួនលោកស្រី Park Geun-hye ប្រធានាធិបតីដែលត្រូវគេបណ្តេញចេញពីតំណែងលើបទចោទប្រកាន់ពីការពុករលួយហើយនិងការប្រើអំណាចហួស។
តុលាការក្រុងសេអ៊ូលបានចេញដីកាចាប់ខ្លួនលោកស្រី Park លើបទចោទប្រកាន់ពីការទទួលសំណូក ប្រើអំណាចហួស ការបង្ខិតបង្ខំ ហើយនិងការលេចធ្លាយព័ត៌មានសម្ងាត់របស់រដ្ឋាភិបាល។ ដីកាចាប់ខ្លួននោះបានចេញបន្ទាប់ពីសវនាការដ៏យូរនៅក្នុងរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បត៍ម្សិលមិញ។
លោកស្រី Park បានរងការចោទប្រកាន់ពីការអនុញ្ញាតឲ្យមិត្តភក្តិម្នាក់គំរាមកំហែងយកប្រាក់ពីក្រុមហ៊ុននានានៅក្នុងការដោះដូរបានទទួលការគាំទ្រខាងនយោបាយ។លោកស្រីប្រធានាធិបតីបានបដិសេធការចោទប្រកាន់នេះ ក៏ប៉ុន្តែ កាលពីឆ្នាំទៅ លោកស្រីបានសន្យាថានឹងទទួលខុសត្រូវ ប្រសិនបើលោកស្រី ត្រូវតុលាការរកឃើញថា មានកំហុសនោះ។
យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap នៃប្រទេសកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា លោកស្រីជាអតីតប្រធានាធិបតីទី៣របស់កូរ៉េខាងត្បូងដែលត្រូវបានចាប់ខ្លួនលើបទចោទប្រកាន់ព្រហ្មទណ្ឌ។
លោកស្រី Park បានត្រូវបណ្តេញចេញពីតំណែងបន្ទាប់ពីការបោះឆ្នោតសភាប្តឹងចោទប្រកាន់កាលពីថ្ងៃទី១០ ខែមីនា។ ការបោះឆ្នោតប្រធានាធិបតីថ្មីគ្រោងធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា។
លោកស្រី Choi Soon-sil មិត្តភក្តិរបស់លោកស្រី Park បានត្រូវចាប់ខ្លួនកាលពីខែតុលា ឆ្នាំ២០១៦ពីបទសង្ស័យពីប្រើប្រាស់ឥទ្ធិពលមិនត្រឹមត្រូវលើកិច្ចការរដ្ឋ៕