សហគមន៍​មួយ​ចំនួននៅ​កូរ៉េ​ខាង​ត្បូង​តវ៉ា​ការ​តម្លើង​ប្រព័ន្ធ​ការពារ​កាំជ្រួច THAAD

បាតុករ​កូរ៉េ​ខាង​ត្បូង​ស្រែក​ពាក្យ​ស្លោក​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​ដើម្បី​ប្រឆាំង​នឹង​គម្រោង​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​កាំជ្រួច​ THAAD នៅ​ក្បែរ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។

បដា​ពណ៌​ក្រហម​ជាច្រើន​បាន​លើក​ឡើង​ជា​ជួរ​នៅ​តាម​ដង​ផ្លូវ​បត់បែន​ទៅ​កាន់​ទីលាន​លេង​កីឡា​វាយកូនហ្គោល ​Lotte Skyhill ​Country​ Club ​ក្នុង​សង្កាត់​ជនបទ ​Seongju ។ ស្លាក ​និង​បដា​ទាំង​នោះ​ខ្លះ​បាន​សរសេរ​ថា ​«យើង​ប្រឆាំង​នឹង​ប្រព័ន្ធ​ការពារ​កាំជ្រួច‍ THAAD» ​ហើយ​ខ្លះ​សរសេរ​ថា​ «ប្រព័ន្ធ​ការពារ​កាំជ្រួច​ THAAD​ ត្រូវ​តែ​បញ្ជូន​ត្រឡប់ ទៅ​កាន់​សរអា​វិញ‍»។

កាលពី​ខែមុន​ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​ជ្រើសរើស​យក​កន្លែង​វាយ​កូនហ្គោល​ឯកជន មួយ​ស្ថិតនៅ​ចម្ងាយ​២២០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង​សេអ៊ូល​ដើម្បី​ជា​កន្លែង​តម្លើង ប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល​របស់​ស.រ.អា.​ ហៅកាត់ថា ​THAAD។

ប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល ​THAAD ​ដែល​ជា​របាំង​ការពារ​កាំជ្រួច​នេះ​ រំពឹង​ថា​នឹង​ដឹក ទៅ​ដល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅឆ្នាំ​ក្រោយ​ ដែល​ការណ៍​នេះ​គឺ​ដើម្បី​ការពារ​ប្រឆាំង នឹង​ការ​វាយ​ប្រហារ​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។​ ក៏ប៉ុន្តែ​មាន​អ្នក​ស្រុក​ខ្លះ​ដែល នៅ​ជិតៗ​ទីតាំង​តម្លើង​ប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល​របស់​ស.រ.អា​ និយាយ​ថាពួក​គេ​នឹង មិន​អនុញ្ញាត​ឲ្យ​មាន​គ្រឿង​សព្វាវុធ​អាមរិកាំង​មក​តម្លើង​នៅក្នុង​សហគមន៍​របស់​ពួកគេ ជា​ដាច់​ខាត។

មាន​អ្នក​ស្រុក​ខ្លះ​ទៀត​ព្រួយ​បារម្ភ​ខ្លាច​ថា វិទ្យុ​សកម្ម​ដែល​ភាយ​ចេញ​ពីទីតាំង​តម្លើង ប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល​របស់​ស.រ.អា.​ នោះ​ អាច​ធ្វើ​ឲ្យ​ខូច​ដំណាំ​កសិផល​ពួកគេ៕