ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថាពួកមន្ត្រីកូរ៉េខាងត្បូង ស.រ.អ.និងជប៉ុនធ្វើការការសន្ទនាគ្នាអំពីសន្តិសុខសេដ្ឋកិច្ចលើកទីមួយ នៅពេលមានការប្រឹងប្រែងដើម្បីពង្រឹងសង្វាក់ផ្គត់ផ្គង់និងអភិវឌ្ឍបច្ចេកវិទ្យា។
ទោះជាប្រទេសជប៉ុននិងប្រទេសកូរ៉េខាងត្បូងជាប្រទេសជិតខាងគ្នាធ្លាប់មានការរអាក់រអួលនឹងគ្នាក៏ដោយ ក៏ប្រទេសទាំងបីនេះប្រឹងប្រែងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យនានាក្នុងការប្រឈមនឹងភាពតានតឹងខ្លាំងជាងមុន គឺបញ្ហាប្រទេសចិនគឃ្លើនជាងមុននិងប្រទេសកូរ៉េខាងជើងដែលមិនអាចទាយទុកជាមុនបាន។
ខុទ្ទកាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការសន្ទនាគ្នានេះមានន័យក្នុងការពង្រីកកិច្ចសហការខាងសន្តិសុខសេដ្ឋកិច្ចជាមួយស.រ.អ.ទៅកាន់កម្រិតត្រីភាគី»។
សេចក្តីថ្លែងការណ៍នេះបានចែងទៀតថា៖ «គេរំពឹងថាការសន្ទនាគ្នានេះនឹងពង្រឹងភាពមាំទាំនៃសង្វាក់ផ្គត់ផ្គង់ធំៗរបស់ប្រទេសទាំងបីនិងសមត្ថភាពឆ្លើយតបនឹងវិបត្តិនិងបំពេញមុខនាទីមួយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសម្រាប់ឧបត្ថម្ភផ្ចុងផ្តើមនិងការពារបច្ចេកវិទ្យាថ្មីៗនិងសំខាន់ៗ»។
លោក Yoon លោក Joe Biden ប្រធានាធិបតីស.រ.អ.និងលោក Fumio Kishidaនាយករដ្ឋមន្ត្រីជប៉ុន បានយល់ស្របគ្នានៅក្នុងជំនួបកំពូលមួយកាលពីខែវិច្ឆិកាឱ្យបើកកិច្ចចរចានេះនៅកោះហាវ៉ៃកាលពីថ្ងៃចន្ទ៕