ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ខ្លួននៅចាប់ផ្ដើមពិនិត្យឡើងវិញនូវច្បាប់ហាមឃាត់ការរំលូតកូនដែលមានអាយុកាល ៦៤ ឆ្នាំ របស់ប្រទេសកូរ៉េខាងត្បូង។
ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋកូរ៉េខាងត្បូងជាង ២ សែន ៣ ម៉ឺននាក់ បានដាក់ញត្តិអំពាវនាវឲ្យមានការលុបចោលនូវច្បាប់នេះ។
ប្រទេសកូរ៉េខាងត្បូងបានចាត់ទុកការរំលូតកូនថាជាទោសឧក្រិដ្ឋនៅក្នុងឆ្នាំ ១៩៥៣ នៅពេលដែលមេដឹកនាំរបស់ប្រទេសនេះមានបំណងចង់បង្កើនចំនួនប្រជាជន និងកសាងយោធាដ៏មានឥទ្ធិពលខ្លាំងក្លាគួរសមមួយដើម្បីការពារប្រទេសពីការឈ្លានពានរបស់កូរ៉េខាងជើង។
ប៉ុន្តែនៅក្នុងឆ្នាំ ១៩៧៣ នៅពេលដែលប្រជាជនមានកំណើនខ្លាំងក្លា រដ្ឋាភិបាលកូរ៉េខាងត្បូងបានកែប្រែច្បាប់នេះដោយបន្ថែមការលើកលែងមួយចំនួន ដូចជាករណីសុខភាពម្ដាយប្រឈមនឹងគ្រោះថ្នាក់ ទារកដែលប្រឈមនឹងភាពពិការពេលប្រសូតចេញមក ឬក៏ការមានផ្ទៃពោះនេះកើតឡើងបណ្ដាលមកពីអំពើឧក្រិដ្ឋផ្លូវភេទជាដើម។
អ្នកជំនាញសុខភាពសាធារណៈជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង បានជំរុញឲ្យមានការផ្លាស់ប្ដូរនៅក្នុងច្បាប់ហាមឃាត់ការរំលូតកូននេះ ប៉ុន្តែបានរងការប្រឆាំងពីក្រុមអ្នកបញ្ចុះបញ្ចូលរដ្ឋាភិបាលដែលមានទំនោរផ្ដោតលើការថែរក្សាជីវិតមនុស្ស។
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ថា រដ្ឋាភិបាលនឹងធ្វើការស្រាវជ្រាវនៅឆ្នាំក្រោយអំពីករណីរំលូតកូននៅក្នុងប្រទេសជាលើកដំបូងបង្អស់តាំងពីឆ្នាំ ២០១០ មក។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការស៊ីវិលបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសនោះថា៖ «ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវដែលនឹងធ្វើឡើងនេះ យើងរំពឹងថានឹងអាចធ្វើឲ្យការពិភាក្សាអំពីច្បាប់នេះឈានមួយជំហានទៅមុខទៀត»៕