ប្រទេស​កូរ៉េ​ខាងត្បូង នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ

រូបឯកសារ៖ ពលរដ្ឋ​នានា ពាក់ម៉ាស់​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។

ប្រទេស​កូរ៉េ​ខាង​ត្បូង នឹង​ចាក់​វ៉ាក់សាំង​កូវីដ១៩ ​ដូស​ជំរុញ​ដល់​ពលរដ្ឋ​របស់​ខ្លួន ដែល​មាន​ហានីភ័យ​ខ្ពស់ និង​អាច​ឆ្លង​ជំងឺកូវីដ​១៩នោះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​របស់​កូរ៉េ​ខាង​ត្បូងលោក Kim Boo-kyum កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។

លោក Kim Boo-kyum បាន​គូស​បញ្ជាក់​ថា បុគ្គលិក​សុខាភិបាល​ និង​មនុស្ស​ចាស់ គឺ​ជាក្រុមដែល​ចាត់​ទុក​ថា​ មាន​ហានីភ័យ​ខ្ពស់។ ទីភ្នាក់ងារ​បង្ការ​ និង​គ្រប់​គ្រង​ជំងឺកូរ៉េ​ខាង​ត្បូង​ ត្រូវ​គេ​រពឹង​ថា​ នឹង​ប្រកាស​នូវ​ផែន​ការសម្រាប់​យុទ្ធនាការ​នៃ​ការ​ចាក់វ៉ាក់សាំង​កូវីដ១៩ដូស​ជំរុញ​នៅ​ថ្ងៃ​ចន្ទ។

ក្នុង​ករណី​ដាច់​ដោយ​ឡែក សមាជិក​ទី​៤​នៃ​គណៈប្រតិភូ​ប្រទេស​ប្រេស៊ីល​ដែល​ចូលរួម​កិច្ច​ប្រជុំ​មហា​សន្និបាត​អង្គការ​សហប្រជា​ជាតិ ​បាន​ធ្វើ​តេស្ត​មាន​ជំងឹ​កូវីដ​១៩វិជ្ជមាន។

លោក Pedro Guimaraes និយាយ​ថា លោក​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩​រួច​ហើយ និង​មិន​មាន​រោគសញ្ញា​ណាមួយ​ឡើយមុន​ពេល​រក​ឃើញថា បាន​ឆ្លង​ជំងឺកូវីដ១៩​នោះ។ លោក​ បាន​ធ្វើ​ចត្តាឡីស័ក​ចាប់​តាំង​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​មក។

ហាង​លក់​ដូរ​ទំនិញ​រាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក កំពុងស្វះស្វែងរក​អ្នក​ធ្វើការ​នៅ ពេល​ដែល​រដូវ​ទិញ​ទំនិញ​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​ខិត​កាន់តែ​មក​ជិត។ បើ​តាម​សេចក្តីរាយការណ៍​របស់​កាសែត Financial Times បាន​ប្រាប់​ឲ្យ​ដឹង​ថា «មាន​ការខ្វះ​មនុស្ស​ដែល​ចង់​ធ្វើការ​នៅ​ហាង​លក់​ដូរ​ទំនិញ​យ៉ាង​ខ្លាំង» ដោយ​ការងារ​នៅ​ហាង​លក់ដូរ​ទំនិញ​រាយ​ចំនួន១លាន ​១សែន​ នៅ​មិន​ទាន់​បាន​បំពេញ​នៅ​ក្នុង​ខែ​កក្កដា។ កាសែត​នោះ បាន​រាយការណ៍​ពី​កើន​ឡើង​នូវ​ប្រាក់​ឈ្នួល​នៅពេល​ដែល​និយោជក​កំពុង​ព្យាយាម​ទាក់ទាញ​មនុស្ស​ឲ្យ​ត្រឡប់​ទៅ​ធ្វើ​ការងារ​វិញ។ ក្រុមហ៊ុន​ខ្លះ កំពុង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដោយ​ការ​ផ្តល់​ថ្លៃ​មហាវិទ្យាល័យ​ និង​សមាជិកភាព​សម្រាប់​ន្លែងហាត់ប្រាណ។

ទិន្ន័យរបស់​សាកល​វិទ្យាល័យ Johns Hopkins ក្នុង​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹងកាលពីថ្ងៃ​ចន្ទ​ថា​ រហូត​មក​ដល់​ទល់ពេល​នេះ មាន​អ្នកឆ្លងជំងឺកូវីដ១៩​នៅ​ទូទាំង​ពិភព​លោក​ប្រមាណ​ជិត ២៣២លាន​នាក់ ហើយ​មាន​មនុស្ស​ជិត​៥​លាន​នាក់​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ។ វ៉ាក់សាំង​ប្រមាណ​ជាង​៦​ពាន់​ លានដូស​ ត្រូវ​បាន​ចាក់​ទៅ​លើ​មនុស្ស៕