ប្រទេសកូរ៉េខាងត្បូងបញ្ជាក់ថា គ្មានភស្តុតាងណាមួយបង្ហាញថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ត្រូវបានវះកាត់ដោយសារបញ្ហាបេះដូងនោះទេ។ យ៉ាងហោចណាស់ ឥឡូវនេះ មានមន្ត្រីកូរ៉េខាងត្បូងដែលមិនបញ្ចេញឈ្មោះម្នាក់និយាយថា មិនមានសញ្ញាខុសប្រក្រតីណាមួយចេញពីកូរ៉េខាងជើងអំពីសុខភាពរបស់លោក Kim Jong Un នោះទេ។
គេហទំព័រព័ត៌មាន The Daily NK របស់កូរ៉េខាងត្បូង បានរាយការណ៍កាលពីព្រឹកថ្ងៃអង្គារនេះថា លោក Kim Jong Un កំពុងសម្រាកដើម្បីឲ្យជះសះស្បើយពីជំងឺនៅក្នុងវីឡាមួយកន្លែងក្នុងស្រុក Hyangsan បន្ទាប់ឆ្លងកាត់ការវះកាត់បេះដូងមក។
ទីភ្នាក់ងារព័ត៌មាន CNNបានរាយការណ៍កាលពីយប់ថ្ងៃចន្ទថា ខ្លួនទទួលបានព័ត៌មានពីមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលសុំមិនបញ្ចេញឈ្មោះថា ពួកគេកំពុងតាមដានមើលលើព័ត៌មានសម្ងាត់ដែលថា មេដឹកនាំកូរ៉េខាងជើងកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ ក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរនៃប្រទេសកូរ៉េខាងត្បូងបានបដិសេធមិនបញ្ចេញមតិចំពោះសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន CNN នេះ។
គេឃើញមានការសង្ស័យកើនឡើងអំពីលោក Kim Jong Un តាំងពីលោកមិនបានបង្ហាញខ្លួនកាលពីថ្ងៃពុធសប្ដាហ៍មុននៅឯពិធីបុណ្យប្រចាំឆ្នាំរំឭកដល់ថ្ងៃកំណើតរបស់លោក Kim Il Sung ដែលជាជីតារបស់លោក និងជាស្ថាបនិកនៃប្រទេសកូរ៉េខាងជើង៕