សភា​កូរ៉េ​ខាង​ត្បូង​បោះ​ឆ្នោត​កាត់​ទោស​លោក​ស្រី​ប្រធានាធិបតី​ Park

អ្នក​តំណាងរាស្រ្ត​បោះឆ្នោត​លើ​ការ​កាត់​ទោស​លើ​លោកស្រី​ប្រធានាធិបតី Park Geun-hye។

រដ្ឋ​សភា​កូរ៉េ​ខាង​ត្បូង​បាន​បោះ​ឆ្នោត​ដើម្បី​កាត់ទោស​លោក​ស្រី​ប្រធានាធិបតី​ Park Geun-hye។ សមាជិក​សភា​២៣៤​នាក់​នៅ​ថ្ងៃ​សុក្រនេះ បាន​បោះ​ឆ្នោត​គាំទ្រ​ការ​កាត់​ទោស នៅ​ក្នុង​សភា​ដែល​មាន​អាសនៈ៣០០។ ការ​បោះ​ឆ្នោត​នេះ​បាន​ទទួល​សំឡេង​ច្រើន​លើស​២ភាគ៣ដែល​ត្រូវ​ការ។

ការ​ដួល​រលំ​ភ្លាមៗ​ និង​យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​លោកស្រី​ប្រធានាធិបតី​ Park ​បាន​កើត​ឡើង​ដោយសារការ​ចោទ​ប្រកាន់​កាល​ពី​ពេល​ថ្មីៗ​ទាក់​ទង​នឹង​រឿង​អាស្រូវ​ដែល​ពាក់​ព័ន្ធ​នឹង​ប្រាក់​រាប់​លាន​ដុល្លារ នៅ​ក្នុង​វិមាន​ខៀវ។

ក្រោយ​ពី​ការ​បោះ​ឆ្នោត ប្រធាន​សភា​ Chung Se-kyun ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្សះ​ផ្សា​ការ​បែក​បាក់ និង​ភាព​វឹក​វរ​នយោបាយ ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិន​អាច​ដំណើរ​ការ​បាន​ដោយ​សារ​រឿង​អាស្រូវ​នោះ។

ក្រសួង​ការ​ពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជា​ឲ្យ​យោធា​មាន​ការ​ប្រុង​ប្រយ័ត្ន​លើស​ដើម ​ព្រម​ទាំង​ត្រៀម​ខ្លួន​ផង​ខ្លាច​ក្រែង​មាន​ការ​ប៉ុន​ប៉ង​វាយ​ប្រហារ​ពី​សំណាក់​ប្រទេស​កូរ៉េ​ខាង​ជើង។

ការ​បោះ​ឆ្នោតកាត់​ទោសនេះ មាន​ន័យ​ថា​លោក​ស្រី​ប្រធានាធិបតី​ Park ​ត្រូវ​បាត់​បង់​អំណាច​ភ្លាមៗ។ លោក​នាយក​រដ្ឋ​មន្ត្រី Hwang Kyo-ahn ​បាន​ឡើង​កាន់​តំណែង​ជា​ប្រមុខ​រដ្ឋ​ស្តី​ទី។

តុលាការ​ធម្មនុញ្ញ​របស់​កូរ៉េ​ខាង​ត្បូង មាន​ពេល​៦​ខែ​ដើម្បីពិនិត្យ​មើល​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​កាត់​ទោស​នេះ។ បើ​សិន​ជា​តុលាការ​នេះ​យល់​ស្រប ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី នឹង​ត្រូវ​រៀប​ចំ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​២​ខែ​បន្ទាប់​មក។

លោកស្រី​ប្រធានាធិបតី Park ​បាន​ជួប​ជាមួយ​គណៈ​រដ្ឋ​មន្ត្រី​របស់​លោកស្រី ​នៅ​វិមាន​ខៀវ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាត់​ទោស​នោះ បន្ទាប់​មក​លោកស្រី​បាន​ថ្លែង​សារ​មួយ​ទៅ​កាន់​អ្នក​កាសែត ដោយ​និយាយថា លោក​ស្រី​ទទួល​ស្គាល់​ឆន្ទៈ​របស់​សភា និង​របស់​ប្រជាពលរដ្ឋ៕