កូរ៉េ​ខាង​ត្បូង​កាន់​ទុក្ខ​និង​ចង់​ដឹង​ពី​មូលហេតុ​នៃ​ហេតុការណ៍ប្រជ្រៀតជាន់​គ្នា​ដែល​បណ្ដាល​ឱ្យ​មនុស្ស ១៥៣ នាក់​ស្លាប់

  • ​Reuters

ក្រុម​អ្នក​សង្គ្រោះ​បន្ទាន់​និង​ប៉ូលិស​កំពុង​ព្យាយាម​ជួយ​សង្គ្រោះ​​ជនរងគ្រោះ​នៅ​ក្នុង​ហេតុការណ៍ប្រជ្រៀត​ជាន់​គ្នា​ស្លាប់​ក្នុង​សង្កាត់​ Itaewon ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២២។

ក្រុម​គ្រួសារ​ដ៏​តក់ស្លុត​បាន​ទៅ​ទទួល​សាកសព ឪពុក​ម្ដាយ​ព្យាយាម​ស្វែងរក​កូនៗ​របស់​ខ្លួន ហើយ​ប្រទេស​កូរ៉េ​ខាងត្បូង​ទាំងមូល​ចង់​បាន​ចម្លើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ក្រោយ​ពី​មនុស្ស​យ៉ាង​ហោច​ណាស់ ១៥៣ នាក់​បានប្រជ្រៀតជាន់​គ្នា​ស្លាប់​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ Halloween។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk-yeol បាន​ប្រកាស​អំពី​ការ​កាន់​ទុក្ខ​ទូទាំង​ប្រទេស និង​បាន​ចាត់​ទុក​សង្កាត់ Itaewon នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ថា​ជា​តំបន់​គ្រោះ​មហន្ដរាយ បន្ទាប់ពី​មាន​ហេតុការណ៍​ប្រជ្រៀត​ជាន់​គ្នា​ស្លាប់​បាន​កើតឡើង​នៅ​ទីនោះ​កាល​ពី​យប់​ថ្ងៃ​សៅរ៍។

មនុស្ស​មួយ​ហ្វូង​ធំ​ដែល​ប្រារព្ធ​ពិធី​បុណ្យ Halloween នៅ​ក្នុង​សង្កាត់ Itaewon បាន​នាំគ្នា​ប្រជ្រៀត​ទៅ​ផ្លូវ​តូច​ចង្អៀត​មួយ ដែល​បាន​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១៥៣ នាក់​សង្កត់​ជាន់​គ្នា​ស្លាប់ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​វ័យ ២០ ឆ្នាំ ហើយ​តួលេខ​អ្នក​ស្លាប់​អាច​កើនឡើង​ខ្ពស់​ជាង​នេះ​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សង្គ្រោះ​បន្ទាន់។

លោក Choi Sung-beom ប្រធាន​ស្ថានីយ​ពន្លត់​អគ្គិភ័យ Yongsan បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​កន្លែង​កើតហេតុ​ថា មនុស្ស​ចំនួន ៨២ នាក់​បាន​រងរបួស ដែល​ក្នុង​នោះ ១៩ នាក់​រង​របួស​ធ្ងន់។ លោក​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​អស់​ក៏​មាន​ជន​បរទេស​ចំនួន ២២ នាក់​ផង​ដែរ។

លោក​ប្រធានាធិបតី Yoon បាន​សម្ដែង​មរណទុក្ខ​ចំពោះ​ជន​រងគ្រោះ និង​បាន​ជូនពរ​អ្នក​រង​របួស​នៅ​ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​នេះ​ឱ្យ​ឆាប់​ជា​សះស្បើយ។ ហេតុការណ៍​ប្រជ្រៀតជាន់​គ្នា​នេះ​គឺ​ជា​ហេតុការណ៍​ដ៏​អាក្រក់​បំផុត​មួយ​នៅ​កូរ៉េ​ខាងត្បូង និង​ជា​ហេតុការណ៍​ប្រជ្រៀតជាន់​គ្នា​ដ៏​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ៕