ការរត់ជាន់គ្នានៅខាងក្រៅទីក្រុង Mecca បានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៧១៧នាក់កាលពីថ្ងៃព្រហស្បតិ៍ ហើយបានធ្វើឲ្យមនុស្សជាង៨០០នាក់រងរបួសក្នុងអំឡុងពេលនៃធម្មយាត្រា Hajj ប្រចាំឆ្នាំនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
វីដេអូពីកន្លែងកើតហេតុបានបញ្ចាំងពីសាកសពមនុស្សដេកនៅលើដីរួមជាមួយអ្នករបួសហើយនិងមនុស្សស្រែកយំនៅក្នុងទីក្រុង Mina ដែលស្ថិតនៅចម្ងាយ៥គីឡូម៉ែត្រភាគខាងកើតទីក្រុង Mecca។
ការទៅកាន់ទីកន្លែងសាសនាដើម្បីចោលដុំថ្មទៅលើសសរដែលតំណាងឲ្យបីសាចនៅថ្ងៃបញ្ចប់នៃពិធីមុនពេលចាប់ផ្តើមថ្ងៃឈប់សម្រាក Eid al-Adha។
លោក Nasiru Adamu El-Hikaya អ្នកយកព័ត៌មានម្នាក់បានប្រាប់ VOA ពីកន្លែងកើតហេតុថា នៅពេលមនុស្សដើរនៅលើផ្លូវមួយនៅម៉ោង៨ទៅម៉ោង៩ព្រឹក មនុស្សមួយក្រុមទៀតបានដើរត្រឡប់មកវិញ បានធ្វើឲ្យមានការប៉ះទង្គិចគ្នាដែលបានធ្វើឲ្យរបួសដល់ស្រ្តី បុរស មនុស្សចាស់ៗ និងមនុស្សក្មេងៗ។
ការរបួសអ្នកសូត្រធម៌បានកើតមានឡើងនៅខាងក្រៅទីកន្លែងសាសនានៅឯទីក្រុង Mina។ តង់ជាង១៦០.០០០ បានត្រូវតម្លើងជាកន្លែងស្នាក់នៅសម្រាប់ភ្ញៀវដែលចូលរួមក្នុងពិធីបុណ្យ Hajj នេះ។
ការរត់ជាន់គ្នា គឺជាលើកទី២ដែលបានបណ្តាលឲ្យស្លាប់ដល់ពួកធម្មយាត្រានៅខែនេះបន្ទាប់ពីការដួលរលំឧបករណ៍ស្ទូចសំភារៈធ្ងន់ៗដែលបានសម្លាប់មនុស្ស១០៩នាក់នៅក្នុងទីក្រុង Mecca។
រាជទាយាទ Mohammed bin Nayef ដែលជាប្រធាននៃគណៈកម្មាធិការបុណ្យ Hajj របស់ព្រះរាជាណាចក្រនោះបានបញ្ជាឲ្យមានការស៊ើបអង្កេតជាផ្លូវការមួយ នេះតាមការបញ្ជាក់របស់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
លោក Khalid al-Falih រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានស្តីបន្ទោសពួកធម្មយាត្រាដោយនិយាយថា ពួកគេមិនបានធ្វើទៅតាមបញ្ជាពីក្រុមអាជ្ញាធរ៕