ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ជំរុញ​ឲ្យ​មាន​ការ​ឆ្លើយតប​ម៉ឺងម៉ាត់​ចំពោះ​ការណ៍​ដែល​ស.រ.អា.​យក​ពន្ធ​ថ្មី​លើ​ទំនិញ​នាំ​ចូល

លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence និង​លោកស្រី Karen Pence ទទួល​ទាន​អាហារ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in និង​ភរិយា​របស់​លោក​គឺ​លោកស្រី Kim Jung-sook នៅ​វិមាន Blue House កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​អំពាវនាវ​ឲ្យ​មាន​ការ​ឆ្លើយតប​ដ៏​ម៉ឺងម៉ាត់​ចំពោះ​ការណ៍​ដែល​សហរដ្ឋ​អាមេរិក​យក​ពន្ធ​ថ្មី​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង ស្រប​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​កើន​ឡើង​ពាក់ព័ន្ធ​នឹង​ការ​ដាក់​កំហិត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​វិស័យ​ពាណិជ្ជកម្ម។

លោក Moon Jae In បាន​និយាយ​ថា៖ «ខ្ញុំ​បារម្ភ​ថា ការ​ដាក់​កំហិត​របស់​សហរដ្ឋ​អាមេរិក​លើ​ការ​នាំ​ចេញ​របស់​កូរ៉េ​ខាង​ត្បូង ដូចជា​ដែក​ថែប គ្រឿង​អេឡិចត្រូនិក បន្ទះ​ស្រូប​ថាមពល​ព្រះអាទិត្យ និង​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ជា​ដើម អាច​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​កូរ៉េ​ខាង​ត្បូង»។

កាល​ពី​សប្ដាហ៍​មុន ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​គំរាម​តបត​វិញ​ប្រឆាំង​នឹង​ប្រទេស​ចិន និង​កូរ៉េ​ខាង​ត្បូង និង​បាន​សន្យា​ថា​នឹង​ពិនិត្យ​ឡើង​វិញ ឬ​ក៏​លុប​ចោល​តែ​ម្ដង​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឆ្នាំ ២០១២ ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ជា​កិច្ច​ព្រមព្រៀង​មួយ​ដែល​លោក​បាន​ហៅ​ថា​ជា «ក្ដី​មហន្តរាយ»។

កាល​ពី​ខែ​មុន លោក Trump ក៏​បាន​អនុវត្ត​នូវ​គោល​នយោបាយ «ផ្ដល់​អាទិភាព​ដំបូង​ដល់​សហរដ្ឋ​អាមេរិក» របស់​លោក​ផង​ដែរ ដោយ​ការ​យក​ពន្ធ​គយ​ពី ២០ ទៅ ៥០ ភាគរយ ចំពោះ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ធុន​ធំ​ដែល​ធ្វើ​នៅ​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ដើម ក៏​ដូចជា​ការ​យក​ពន្ធ​លើ​ទំនិញ​នាំ​ចូល​សម្រាប់​បន្ទះ​ស្រូប​ថាមពល​ព្រះអាទិត្យ​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន និង​ប្រទេស​ផ្សេងៗ​ទៀត។

រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ។ ចំណែក​ឯ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​វិញ​បាន​បង្ហាញ​អំពី «ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង» ចំពោះ​វិធានការ​របស់​សហរដ្ឋ​អាមេរិក​ដូច​នេះ ដែល​ជា​វិធានការ​មួយ​ដែល​លោក Trump អនុវត្ត​ដើម្បី​ការពារ​រោងចក្រ​ឧស្សាហកម្ម​របស់​សហរដ្ឋ​អាមេរិក៕