លោក Moon Jae-in ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងមិនដាក់លក្ខខណ្ឌទេនៅសន្និសីទកំពូលនាពេលខាងមុខជាមួយរូបលោកផ្ទាល់ និងប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំស្តីពីការហាមឃាត់មិនឲ្យមានអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
ប្រធានាធិបតី Moon បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុននៅក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ថា «កូរ៉េខាងជើងមិនបានភ្ជាប់លក្ខខណ្ឌណាមួយដែលសហរដ្ឋអាមេរិកមិនអាចទទួលយកបានទេ ដូចជាការដកកងទ័ពអាមេរិកចេញពីប្រទេសកូរ៉េខាងត្បូង»។ លោកប្រធានាធិបតីកូរ៉េខាងត្បូងនិយាយទៀតថា «អ្វី ដែលគេពិភាក្សាគឺអំពីការបញ្ចប់គោលនយោបាយអារិភាពប្រឆាំងនឹងកូរ៉េខាងជើង ដោយមានការធានាពីសន្តិសុខ»។
ប្រធានាធិបតី Moon និយាយបន្តទៀតថា«ខ្ញុំគិតថា ការធ្វើមិនឲ្យមានអាវុធនុយ ក្លេអ៊ែរមិនមានអត្ថន័យខុសគ្នាសម្រាប់កូរ៉េខាងត្បូងនិងកូរ៉េខាងជើងទេ។ កូរ៉េខាងជើងកំពុងសម្តែងនូវឆន្ទៈចំពោះការធ្វើមិនឲ្យមានអាវុធនុយក្លេអ៊ែរទាំងស្រុង»។
លោកបាននិយាយថា ការសន្ទនារវាងកូរ៉េទាំង២ត្រូវតែបន្តបន្ទាប់ពីសន្និសីទកំ ពូលថ្ងៃទី១៧ ខែមេសា ជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ហើយសន្និសីទកំពូលរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកមិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយទេ។
កូរ៉េទាំង២បានបើកបណ្តាញខ្សែទូស័ព្ទរវាងមេដឹកនាំទាំង២កាលពីនៅថ្ងៃសុក្រនេះ មួយសប្តាហ៍មុនពេលសន្និសីទកំពូលរវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតី Moon នៅក្នុងតំបន់គ្មានកងទ័ព។
ខ្សែទូរស័ព្ទដែលភ្ជាប់វិមានប្រធានាធិបតី Blue House ក្នុងរដ្ឋធានីសេអ៊ូលជាមួយការិយាល័យរបស់គណៈកម្មការកិច្ចការរដ្ឋរបស់កូរ៉េខាងជើងក្នុងរដ្ឋធានីព្យុងយ៉ាងដែលមានលោក គីម ជុងអ៊ុន ធ្វើជាប្រធាននោះ បានត្រូវប្រើសម្រាប់ការសាកល្បងនៃការសន្ទនារវាងពួកមន្រ្តីកូរ៉េខាងត្បូងនិងខាងជើងដែលមានរយៈពេល៤នាទីនិង១៩វិនាទី៕