មនុស្សយ៉ាងហោចណាស់៤១នាក់បានស្លាប់នៅក្នុងអគ្គិភ័យមួយដែលបានកើតមានឡើងនៅឯមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ចំនួនមនុស្សស្លាប់ត្រូវគេរំពឹងថានឹងកើនឡើង។
មនុស្សជាង៧០នាក់ទៀតបានរងរបួសនៅក្នុងអគ្គិភ័យនោះ អ្នករបួស១០នាក់ក្នុងចំណោមអ្នករបួសទាំងនោះមានស្ថានភាពធ្ងន់ធ្ងរ។ ពួកអ្នកពន្លត់អគ្គិភ័យបាននិយាយថា អគ្គិភ័យបានឆាបឆេះឡើងនៅព្រឹកថ្ងៃសុក្រនេះនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Sejong ក្នុងទីក្រុង Miryang ដែលស្ថិតនៅចម្ងាយប្រហែល៣០០គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីសេអ៊ូល ហើយការឆេះនេះបានរាលដាលយ៉ាងរហ័ស។
សេចក្តីរាយការណ៍បានប្រាប់ឲ្យដឹងថា អ្នកជំងឺប្រហែល២០០នាក់បានស្ថិតនៅក្នុងអាគារមន្ទីរពេទ្យនិងនៅជិតអាគារសម្រាប់ចាស់ជរារស់នៅនៅ។ កាសែត Korean Herald បានរាយការណ៍ថា អ្នកជំងឺនៅកន្លែងចាស់ជរារស់នៅចំនួន៩៤នាក់បានត្រូវគេជម្លៀសចេញប្រកបដោយសុវត្ថិភាព។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានធ្វើការប្រជុំពួកអ្នកជំនួយការកំពូលរបស់លោកក្នុងគ្រាអាសន្នដែលលោកប្រធានាធិបតីបានជំរុញពួកគេជួយធ្វើឲ្យមានចំនួនមនុស្សស្លាប់តិចបំផុតដោយការផ្តល់គ្រឿងបរិក្ខាពេទ្យសំខាន់ៗដល់ពួកអ្នកនៅរស់រានមានជីវិត។
អ្នកនាំពាក្យប្រធានាធិបតី និយាយថា លោកប្រធានាធិបតី Moon បានសម្តែងនូវការសោកស្តាយនិងទុក្ខព្រួយចំពោះអគ្គិភ័យនេះ។
ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍ថា នៅក្នុងការបង្ហាញសាមគ្គីភាពដ៏កម្រមួយ ពួកមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងនិងគណបក្សកាន់អំណាចបានធ្វើដំណើរទៅកាន់ទីក្រុង Miryang ដើម្បីចូលរួមរំលែកទុកដល់ជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេ៕