ប្រទេសកូរ៉េខាងត្បូងបានចាប់បានកប៉ាល់មួយគ្រឿងដែលបំពាក់ទង់ជាតិប្រទេសប៉ាណាម៉ា ដែលត្រូវបានសង្ស័យថាបានរំលោភទៅលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដោយបានផ្ទេរផលិតផលប្រេងទៅឲ្យប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមការបញ្ជាក់របស់របាយការណ៍មួយនៅថ្ងៃអាទិត្យនេះ។
កប៉ាល់ KOTI ដែលមានទម្ងន់ ៥ ពាន់ ១ រយតោន ត្រូវបានរឹបអូសបង្ខាំងទុកកាលពី ២ សប្ដាហ៍មុននៅឯកំពង់ផែ Pyeongtaek-Dangjin នៃប្រទេសកូរ៉េខាងត្បូង ហើយអាជ្ញាធរកំពុងស៊ើបអង្កេតលើនាវិកដែលជិះនៅលើនាវានេះ ពាក់ព័ន្ធនឹងបទចោទប្រកាន់ថាបានផ្ទេរប្រេងពីកប៉ាល់មួយទៅកប៉ាល់មួយទៀត។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ដែលដកស្រង់សម្ដីរបស់មន្ត្រីដែនសមុទ្រ។
ការចាប់បានកប៉ាល់នេះ គឺជាលើកទីពីរហើយដែលត្រូវបានរាយការណ៍នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅនេះថា ខ្លួនបានស្ទាក់ចាប់ និងឆែកឆេររយៈពេលខ្លីទៅលើកប៉ាល់មួយគ្រឿងដែលចុះបញ្ជីក្នុងទីក្រុងហុងកុងកាលពីខែវិច្ឆិកាកន្លងទៅនេះ ដោយសារតែកប៉ាល់នោះបានផ្ទេរប្រេងទៅឲ្យកប៉ាល់កូរ៉េខាងជើង។
កប៉ាល់ដឹកប្រេងដែលបំពាក់ទង់ជាតិប៉ាណាម៉ានេះ ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីកំពង់ផែ ក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានរៀបចំការប្រជុំមួយកាលពីថ្ងៃទី ២១ ខែធ្នូ កន្លងទៅនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដដែលនេះ។ នាវិកដែលភាគច្រើនជាជនជាតិមីយ៉ាន់ម៉ា និងជនជាតិចិន ត្រូវបានការិយាល័យគយ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងចោទសួរ។
ក្រុមប្រឹក្សាអង្គការសហប្រជាជាតិបានដាក់បណ្ដុំទណ្ឌកម្មចំនួន ៣ ទៅលើប្រទេសកូរ៉េខាងជើងក្នុងឆ្នាំនេះ ដើម្បីព្យាយាមរារាំងការសាកល្បងអាវុធនុយក្លេអ៊ែរ និងគ្រាប់ផ្លោងមីស៊ីលរបស់ប្រទេសនេះ៕