លោក Cyril Ramaphosa បានស្បថចូលកាន់តំណែងកាលពីថ្ងៃសៅរ៍ជាប្រធានាធិបតីអាហ្វ្រិកខាងត្បូង។ ការស្បថនេះធ្វើនៅចំពោះមុខមេដឹកនាំក្នុងតំបន់និងអ្នកចូលរួមប្រហែល ៣ម៉ឺននាក់ នៅរដ្ឋធានីប្រេតូរីយ៉ា។
លោក Ramaphosa បាននិយាយថា៖ «ខ្ញុំសូមលំឱនកាយគោរពការផ្តល់ទំនុកចិត្តរបស់លោកអ្នក មកលើរូបខ្ញុំ ហើយខ្ញុំក៏ដឹងពីបញ្ហាប្រឈមរបស់ប្រទេសយើង ប៉ុន្តែខ្ញុំក៏នៅមានជំនឿថា ប្រជាជនរបស់យើងពោរពេញទៅដោយក្តីសង្ឃឹមថា អនាគតនឹងប្រសើរឡើង»។
លោក Ramaphosa បានចាប់ផ្តើមធ្វើការងារប្រធានាធិបតីកាលពីឆ្នាំមុន បន្ទាប់ពីលោក Jacob Zuma ដែលជាអ្នកកាន់តំណែងមុនលោក ត្រូវបានបង្ខំឱ្យចុះចេញពីតំណែងដោយសាររឿងអាស្រូវពុករលួយជាច្រើន រួមទាំងការចំណាយមូលនិធិសាធារណៈ ២០លានដុល្លារ កែលម្អអចលនទ្រព្យឯកជនរបស់លោក។
លោក Ramaphosa បានប្រាប់អ្នកចូលរួមថា លោកប្រមើលឃើញថា ប្រទេសនេះនឹងគ្មានអំពើពុករលួយនិងគ្មានការបំផ្លាញធនធាន។ លោកបានអំពាវនាវឱ្យអាហ្វ្រិកខាងត្បូងបញ្ចប់ភាពក្រីក្រក្នុងពេលមួយជំនាន់។
គណបក្សរបស់លោក Nelson Mandela បន្តកាន់អំណាចតាមរយៈការជាប់ឆ្នោតរបស់លោក Ramaphosa ប៉ុន្តែឥទ្ធិពលរបស់គណបក្សបានធ្លាក់ចុះ។ នេះជាលើកទីមួយហើយដែលគណបក្ស ANC ឈ្នះឆ្នោតតិចជាង៦០%។ លោក Ramaphosa បាននិយាយថា លទ្ធផលការបោះឆ្នោតជា «ការបង្ហាញយ៉ាងច្បាស់នូវឆន្ទៈរបស់ប្រជាជនអាហ្វ្រិកខាងត្បូង»៕