អាហ្វ្រិក​ខាងត្បូង​ប្តឹង​អ៊ីស្រាអែល​ទៅ​តុលាការ​ក្រុង​ឡាអេ​ពី​បទ​«ឧក្រិដ្ឋកម្ម​សង្គ្រាម»

រូបឯកសារ៖ ប្រធានាធិបតី​នៃ​ប្រទេសអា​ហ្វ្រិកខាងត្បូងលោក Cyril Ramaphosa។

ប្រទេស​អាហ្វ្រិកខាងត្បូងបាន​សុំ​ឱ្យ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ក្រុង​ឡាអេស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មសង្គ្រាមរបស់អ៊ីស្រាអែលនៅក្នុង​សង្គ្រាមជាមួយពួក​ហាម៉ាស់។ លោក​ប្រធានាធិបតី Cyril Ramaphosa បានធ្វើសេចក្តី​ប្រកាសនេះនៅ​ក្នុង​ទស្សនកិច្ច​ផ្លូវ​រដ្ឋនៅប្រទេស​កាតា​ ដែល​នៅទី​នោះ​លោកថា ​លោក​បាននិយាយជាមួយអ្នកគ្រប់គ្រងប្រទេស​កាតាអំពីស្ថានភាព​មនុស្សធម៌អាក្រក់​ឡើងៗ​នៅ​ហ្កាហ្សា។

លោក​ Ramaphosa​ បាន​បន្ថែម​ថា៖ «យើងទាំង​ពីរ​នាក់ស្អប់ខ្ពើម​ខ្លាំងណាស់អ្វីដែល​កំពុង​កើតមាន​នៅហ្កាហ្សា​ ​ដែលនៅពេល​នេះក្លាយជាជំរំ​ប្រមូលផ្តុំមួយដែលកំពុងមាន​ការសម្លាប់​ប្រល័យ​ពូជសាសន៍»។

លោក Ramaphosa បានថ្លែងថា អាហ្វ្រិកខាងត្បូងមិនគាំទ្រសកម្មភាពពួកហាម៉ាស់​នៅពេល​ក្រុម​នេះ​ធ្វើការវាយ​ប្រហារ​ដ៏​ប្រល័យលើ​អ៊ីស្រាអែល​កាលពី​ខែមុនបណ្តាល​ឱ្យ​មនុស្ស​ជាង​១.២០០​នាក់​ស្លាប់ និង​ចាប់​ចំណាប់ខ្មាំង​ចំនួន២៤០នាក់។ តែ​យ៉ាងណា​ក៏​ដោយ ក៏​លោក​បាន​រិះគន់​ការ​ឆ្លើយ​តប​របស់​អ៊ីស្រាអែល​ ដោយ​លោក​និយាយ​ថា មនុស្ស​បាន​«ស្លាប់ដូចរុយ»​នៅក្នុង​មន្ទីរពេទ្យ​ត្រូវ​ឡោមព័ទ្ធ​នៅ​ហ្កាហ្សា។

លោក​បាន​បន្ថែម​ថា៖ «អាហ្វ្រិក​ខាងត្បូង ជាមួយប្រទេស​ច្រើនទៀត​ក្នុងពិភពលោក​ យល់ឃើញថាជា​ការ​សមគួរយកសកម្មភាព​របស់​អ៊ីស្រាអែលទៅ​ដាក់​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ»។

នៅ​ពេលវីអូអេ​ទាក់ទង​ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលមិនធ្វើអត្ថាធិប្បាយ​ទេ។

លោកស្រី Mia Swart សាស្ត្រាចារ្យ​នៅមហាវិទ្យាល័យ​ច្បាប់​នៃ​សាកលវិទ្យាល័យ​ Witwatersrand ដែលជាអ្នកជំនាញខាង​ច្បាប់​អន្តរជាតិ​ ពន្យល់​អំពី​អ្វី​ដែល​ទំនងកើត​មាននៅ​ពេល​នេះ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «តុលាការ ICC ប្រហែលត្រូវស៊ើបអង្កេត​អំពីអ្វី​ដែលត្រូវបានអះអាងនៅ​ទីនេះ។ វា​អាចជា​ដំណើរការ​យូរ»។

អ៊ីស្រាអែលតែងតែ​ថា​ ខ្លួនធ្វើ​សកម្មភាព​ការពារខ្លួន។ កាល​ពី​ដើមសប្តាហ៍ទី​បីនៃខែវិច្ឆិកា​ នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា ​អ៊ីស្រាអែល​បានធ្វើ​«ការប្រឹង​ប្រែង​ខ្លាំង​ណាស់»​ដើម្បី​ឱ្យមាន​ជន​ស៊ីវិល​ស្លាប់​តិច​បំផុត។

អាហ្វ្រិកខាង​ត្បូងជាអ្នកគាំទ្រ​អន្តរជាតិខ្លាំងមួយដល់​ជនជាតិ​ប៉ាឡេស្ទីន។ គណបក្ស​សមាជ​ជាតិ​អាហ្វ្រិកគ្រប់គ្រង​ប្រទេស​នេះ​បាន​បង្ហាញអ្វី​ដែលខ្លួ​នថាជា​ភាពស្របគ្នារវាងការតស៊ូ​របស់​ក្រុមជន​ស្បែក​ខ្មៅ​អាហ្វ្រិក​ខាង​ត្បូងប្រឆាំង​នឹងរបប apartheid ​របស់​ក្រុម​ជនស្បែក​សរើសអើងពូជសាស​ន៍និង​ស្ថានការណ៍នៅ​មជ្ឈិម​បូព៌ា។

អ្នកស្រី Mahlengi Bhengu-Motsiri ​អ្នកនាំពាក្យគណបក្សនេះបាននិយាយកាលពី​ថ្ងៃព្រហស្បតិ៍​ទី១៦ ​ខែវិច្ឆិកាថា ពួក​គេនឹងគាំទ្រ​ញត្តិ​មួយ​របស់​ក្រុមប្រឆាំង​ក្នុង​សភាអំពាវនាវឱ្យ​បិទស្ថានទូត​អ៊ីស្រាអែល​នៅក្រុងប្រេតូរីយ៉ា។

អ្នកស្រី Bhengu-Motsiri​ បាន​ថ្លែង​ថា៖ «ដោយសារមានអំពើឃោរឃៅបច្ចុប្បន្ន​ក្នុង​ដែនដីប៉ាឡេស្ទីនត្រូវកាន់កាប់​ គណបក្ស ANC នឹង​យល់ព្រមតាមញត្តិមួយក្នុង​សភាដែល​អំពាវ​នាវ​ដល់​រដ្ឋាភិបាលឱ្យបិទស្ថានទូត​អ៊ីស្រាអែលនៅ​អាហ្វ្រិក​ខាងត្បូងនិង​ផ្អាក​ទំនាក់ទំនងការទូតជា​មួយ​អ៊ីស្រាអែល»។

មានបាតុកម្មធំៗ​គាំទ្រប៉ាឡេស្ទីនក្នុង​ក្រុងអាហ្វ្រិកខាងត្បូង​ ​ហើយក៏​មានការដើរ​ធ្វើ​បាតុកម្មតូចៗគាំទ្រអ៊ីស្រាអែលដែរដែលត្រូវ​បាន​បង្អាក់ដោយបាតុកម្ម​ប្រឆាំង។

ក្រុម Jewish Board of Deputies ដែល​ជាក្រុមមួយតំណាង​សហគមន៍​ជ្វីហ្វ​នៅ​អាហ្វ្រិក​ខាងត្បូង​និយាយថា មានកំណើន​ការប្រឆាំង​នឹងជនអំបូរជ្វីហ្វក្នុងប្រទេស​តាំង​ពីមាន​សង្គ្រាម​នេះ​មក៕

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ