ប៉ូលិស​អាហ្វ្រិក​ខាងត្បូងចាប់​ខ្លួន​មនុស្ស​៩០​នាក់ ខណៈ​ចលាចល​នៅ​តែ​បន្ត​​ពាសពេញ​ទីក្រុង

រូបឯកសារ៖ ប៉ូលិសល្បាតដងផ្លូវបន្ទា​ប់ពីមានចលាចលនៅក្រុង Johnannesburg ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។

ប៉ូលិស​បាន​ដាក់​របាំង​ការពារ​ពាសពេញ​ទីក្រុង​ចូហែននែសប៊ក​និង​ប្រេតូរីយ៉ា នៅ​ពេល​ដែល​អំពើ​ហិង្សា​បាន​បន្ត​ចូល​ដល់​ថ្ងៃ​ទី​៣​នៅ​អាហ្វ្រិក​ខាងត្បូង​គិត​ត្រឹម​ថ្ងៃ​ទី​៣​ខែ​កញ្ញា​នេះ។

ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​បាន​ថ្កោលទោស​ការ​វាយប្រហារ​នានា​តាម​រូបភាព​លួច​ដុត​ហាងទំនិញ​និង​លួច​ឥវ៉ាន់​ពី​ហាង​របស់​ជន​បរទេស​ ដែល​បាន​កើតឡើង​អស់​ជាច្រើន​ថ្ងៃ​មក​ហើយ​នៅ​ពាសពេញ​ទីក្រុង​ចូហែននែសប៊ក (JOHANNESBURG) និង​រដ្ឋធានី​ប្រេតូរីយ៉ា (Pretoria) ដោយ​បាន​ហៅ​អំពើ​ហិង្សា​នេះ​ថា​ «‍មិន​អាច​ទទួល​យក​បាន​ឡើយ»។

លោក​ប្រធានាធិបតី Cyril Ramaphosa បាន​ថ្លែង​សារ​តាម​វីដេអូ​មួយ​ដែល​ត្រូវ​គេ​បង្ហោះ​តាម​បណ្ដាញ​Twitter ​កាលពី​ថ្ងៃ​អង្គារ​ទី​៣​ខែ​កញ្ញា​នេះ​ថា៖

«‍យើង​គឺ​ជា​ប្រទេស​មួយ​ដែល​ប្រឆាំង​នឹង​ការ​ស្អប់​ជន​បរទេស​ទាំងស្រុង។ យើង​មិន​អនុញ្ញាត​និង​ក៏​មិន​អាច​អត់​អោន​ឱ្យការ​វាយប្រហារ​ទៅលើ​ពលរដ្ឋ​មក​ពី​ប្រទេស​អាហ្វ្រិក​ផ្សេងទៀត​បាន​ឡើយ»។

ប៉ូលិស​បាន​ដាក់​របាំង​ការពារ​ពាសពេញ​ទីក្រុង​ចូហែននែសប៊ក​និង​ប្រេតូរីយ៉ានៅ​ពេល​ដែល​អំពើ​ហិង្សា​បាន​បន្ត​ចូល​ដល់​ថ្ងៃ​ទី​៣​នៅ​អាហ្វ្រិក​ខាងត្បូង​គិត​ត្រឹម​ថ្ងៃ​ទី​៣​ខែ​កញ្ញា​នេះ។

ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ជាង​៩០​នាក់​ក្នុង​តំបន់​ចំនួន​៥​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​អំពើ​ហិង្សា​នេះ។ ហាង​ជាច្រើន​ដែល​រងការ​បំផ្លិចបំផ្លាញ​និង​ត្រូវ​គេ​លួច​ឥវ៉ាន់​អស់​គ្មាន​សល់​នោះ នៅ​បិទ​ទ្វារ​នៅ​ឡើយ នៅ​ពេល​ដែល​ម្ចាស់ហាង ដែល​ភាគច្រើន​ជា​ជនបរទេស មិន​ហ៊ាន​វិលត្រឡប់​មក​ហាង​របស់​ពួកគេ​វិញ។

​លោក​ប្រធានាធិបតី Ramaphosa មាន​ប្រសាសន៍​ថា‍‍«‍គ្មាន​ហេតុផល​ពន្យល់​បាន​ទាល់​តែ​សោះ សម្រាប់​ជន​ទាំងឡាយ​ដែល​មាន​អារម្មណ៍​ថា​ជន​បរទេស​មក​ដណ្ដើម​យក​ការងារ​របស់​ពួកគេ ទើប​ពួកគេ​វាយប្រហារ​ហើយ​បំផ្លាញ​ទ្រព្យសម្បត្តិ​និង​រហូតដល់​សម្លាប់​ជនបរទេស​ទាំង​នោះ។ ទង្វើ​បែប​នេះ​ត្រូវ​តែ​បញ្ឈប់‍»។

អ្នក​យក​ព័ត៌មាន​របស់​ VOA លោក Darren Taylor ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង ចូហែននែសប៊ក ហើយ​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​វិសាលភាព​នៃ​ការ​បំផ្លិចបំផ្លាញ​និង​អំពើ​ហិង្សា​នៅ​ក្នុង​ទីក្រុង​នោះ បាន​រាយការណ៍​មក​ថា៖

«‍នៅ​តំបន់​ដែល​ខ្ញុំ​បាន​មក​ដល់ គឺ​ជាង​កន្លែង​ដែល​អំពើ​ហិង្សា​បាន​កើតឡើង។ មាន​ដុំ​ថ្ម និង​សំបក​កង់​ឡាន​ដែល​កំពុង​ឆេះ ពាសពេញ​ផ្លូវ។ គ្រប់​កន្លែងសុទ្ធ​តែ​មាន​សម្បក​គ្រាប់​កាំភ្លើង​ដែល​ប៉ូលិស​បាន​បាញ់។ ក្នុង​ក្រុង​ព្រឹក​នេះ មាន​សាកសព​ស្ត្រី​ម្នាក់ ហើយ​ឡាន​និង​រថយន្តក្រុង​ដែល​ឆេះ​អស់​រលីង»។

ការ​ព្រមាន​ដល់​ជនបរទេស

កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២ ខែ​កញ្ញា រដ្ឋាភិបាល​នានា​ក្នុង​ទ្វីប​អាហ្វ្រិក បាន​ព្រមាន​ពលរដ្ឋ​របស់​ពួកគេ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង ឱ្យ​ប្រយ័ត្នប្រយែង​ខ្លួន ហើយ​ក៏​បាន​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ការ​វាយប្រហារ​ថ្មីៗ​បំផុត​នេះ ដែល​បាន​តម្រង់​គោល​ដៅ​ទៅលើ​ហាង​ដែល​មាន​ម្ចាស់​ជាជន​បរទេស​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង។

​បើ​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អេត្យូពី ស្ថានទូត​អេត្យូពី​ប្រចាំ​នៅ​អាហ្វ្រិក​ខាង​ត្បូង បាន​ណែនាំ​ពលរដ្ឋ​របស់​ខ្លួន ឱ្យ​បិទ​ហាង​របស់​ពួកគេ «‍រហូត​ទាល់​តែ​សន្តិភាព​ត្រូវ​បាន​ស្តា​ឡើងវិញ»។

ចំណែក​ក្រសួង​សារ​គមនាគមន៍​និង​ដឹកជញ្ជូន​នៃ​ប្រទេស​ហ្សំប៊ី​ ក៏​បាន​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​ដែល​ជា​អ្នក​បើកឡាន​ធំៗ កុំ​ឱ្យ​ធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស​អាហ្រ្វិក​ខាងត្បូង។

​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ ប្រធានាធិបតី​នីហ្សេរីយ៉ា លោក Muhammadu Buhari មាន​ប្រសាសន៍​ថា លោក​មាន​«សេចក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង» អំពី​ការ​វាយប្រហារ​ទៅលើ​ពលរដ្ឋ​និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​នីហ្សេរីយ៉ា នៅ​អាហ្វ្រិក​ខាង​ត្បូង​ចាប់តាំង​ពី​ថ្ងៃ​ទី​២៩​ខែ​សីហា​មក។

បន្ទាប់​មក លោក Buhari ក៏​បាន​បញ្ជូន​បេសកជន​ពិសេស ទៅ​កាន់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដើម្បី​នាំ​យក​សេចក្ដី​ព្រួយបារម្ភ​របស់​លោក ទៅ​ជូន​លោកRamaphosa។

ខុទ្ទកាល័យ​របស់​លោក Buhari បាន​ឱ្យ​ដឹង​ថា លោក​ក៏​បាន​ណែនាំ​មន្ត្រី​ការបរទេស​លោក Geoffrey Onyeama ឱ្យ​កោះហៅ​ឧត្ដម​ស្នងការ​អាហ្វ្រិក​ខាង​ត្បូង​ប្រចាំ​នៅ​នីហ្សេរីយ៉ា មក​សួរនាំ​អំពី​ស្ថានការណ៍​នោះ ហើយ​ក៏​បាន​សម្ដែង​ការ​មិន​សប្បាយចិត្ត​របស់​នីហ្សេរីយ៉ា ចំពោះ​ការ​ប្រព្រឹត្ត​ទៅលើ​ជនជាតិ​នីហ្សេរីយ៉ា ហើយ​នឹង​ដើម្បី​សុំ​ការធានា​អំពី​សុវត្ថិភាព​នៃ​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​នីហ្សេរីយ៉ា។

នៅ​តាម​បណ្ដាញ​Twitter កាល​ពី​សប្ដាហ៍​មុន លោក Onyeama បាន​ហៅ​អំពើ​ហិង្សា​នោះ ថា​«‍គួរ​ឱ្យ​ព្រឺព្រួច»។

អ្វី​ដែល​នៅ​ពីក្រោយ​ការ​វាយប្រហារ

អ្នក​នាង​ Lizette Lancaster នៃ​វិទ្យាស្ថាន​សិក្សា​សន្តិសុខ និយាយថា ការ​និយាយ​អំពី​ជន​បរទេស​ដណ្ដើម​ការងារ​និង​ធនធាន​ពី​អ្នក​ស្រុក​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​នយោបាយ។

«‍ជន​រងគ្រោះ​ពិត​ប្រាកដ​គឺ​ជា​ពលរដ្ឋ​របស់​យើង​ផ្ទាល់។ យើង​ចាំបាច់​ត្រូវ​តែ​ចាប់ផ្ដើម​ដោះស្រាយ​បញ្ហា​នៃ​ការ​លើកឡើង​ថា​ជនបរទេស​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម និង​ថា​ពួកគេ​យក​របស់​រក​ស៊ី​ពី​អ្នកស្រុក​អស់​ពី​ព្រោះ​ការ​និយាយ​បែប​នេះ មិន​មែន​ជា​ការ​ពិត​ទេ។ ប្រសិន​បើ​យើង​ពិនិត្យ​មើល​ការ​ស្រាវជ្រាវ តាម​ពិត​ទៅ​ ​ជនបរទេស​ បង្កើត​ការងារ​និង​មាន​រឿង​វិជ្ជមាន​ជាច្រើន​ដែល​កើត​ចេញ​ពី​ការ​មាន​ជន​ចំណាកស្រុក​ក្នុង​សង្គម​របស់​យើង»។

មនោសញ្ចេតនា​នេះ ហាក់​ដូចជា​កើត​មាន​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក។

​លោក Godwin Adama អគ្គ​កុងស៊ុល​នៃ​ប្រទេស​នីហ្សេរីយ៉ា​ ប្រចាំ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​និយាយ​ថា រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង ចាំបាច់​ត្រូវ​ធ្វើ​ការងារ​ច្រើន​ថែម​ទៀត ដើម្បី​ប្ដូរ​ផ្នត់គំនិត​អំពី​ជន​បរទេស​ ជាពិសេស​ពលរដ្ឋ​ដែល​មក​ពី​បណ្ដា​ប្រទេស​អាហ្វ្រិក​ផ្សេងទៀត។

«‍វា​ជា​រឿង​គួរ​ឱ្យ​ថ្កោលទោស មិន​គួរ​លើកទឹកចិត្ត​ទេ។ ខ្ញុំ​ឃើញ​មាន​ឧក្រិដ្ឋជន ឆ្មក់​ឱកាស​ពី​ស្ថានការណ៍​វឹកវរ​នេះ ដើម្បី​ចូល​លួច​ឥវ៉ាន់​និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ជន​បរទេស​នៅ​អាហ្វ្រិក​ខាងត្បូង។ ការ​ពិត​នោះ​គឺ​ថា មាន​ការ​យល់ឃើញ​ខ្លះៗ​អំពី​ជន​បរទេស​ដែល​ដណ្ដើម​យក​ការងារ អញ្ចឹង​ហើយ​បាន​ជា​មាន​ការ​វាយប្រហារ​ទៅលើ​ជនបរទេស»។

លោក Taylor នៃ VOA និយាយ​ថា ពេល​ដែល​ផ្នត់គំនិត​ស្អប់​ជនបរទេស​កាន់តែ​កើន​ឡើង នោះ​មិន​មែន​តែ​ជនបរទេស​ទេ​ដែល​នឹង​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​នោះ។

«‍ទោះបីជា​រដ្ឋាភិបាល​និយាយ​បែប​ណា​ក៏​ដោយ ក៏​ខ្ញុំ​គិត​ថា​មិន​មែន​មាន​តែ​ជនបរទេស​ទេ​ដែល​ជា​ក្រុម​គោលដៅ​នៃ​វាយប្រហារ​នោះ។ តាម​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ ប្រាកដ​ណាស់ មាន​ឧក្រិដ្ឋជន​ដែល​ចាំ​ឆ្មក់​ឱកាស​ទាញ​យក​ផល​ប្រយោជន៍​និង​ចាប់​ផ្ដើម​ចូល​លួច​យក​ឥវ៉ាន់។ ពួកគេ​មិន​ខ្វល់​ថា​តើ​ពួកគេ​លួច​ពី​នរណា​នោះ​ទេ មិន​ថា​អ្នក​នោះជា​ជន​បរទេស​ឬ​មិន​មែន​ក៏ដោយ»៕