រោងកុនមួយចំនួន​​នៅ​ស.រ.អា.នឹងចាក់បញ្ចាំង«The Interview»

ផ្ទាំង​ប្រកាស​អំពី​ភាពយន្ត​«The Interview»ត្រូវ​បាន​​បុគ្គលិក​បក​ចេញ​ពី​ផ្ទាំង​ផ្សព្វ​ផ្សាយ​​នៅ​រោង​កុន​ Carmike Cinemas កាល​ពី​ថ្ងៃ​ពុធ​ ទី​១៧ ​ខែធ្នូ ឆ្នាំ​២០១៤ នៅ​រដ្ឋ​ Atlanta​។

ក្រុម​ហ៊ុន​ផលិត​ខ្សែ​ភាពយន្ត Sony Pictures ​មាន​មូលដ្ឋាន​ក្នុង​ស.រ.អា.​បាន​និយាយ​ថា​ ខ្លួន​កែប្រែ​គោល​ជំហររបស់​ខ្លួន​អំពី​ខ្សែ​កុន​ដ៏​ចម្រូង​ចម្រាស់​មួយ​ដែល​នាំឲ្យមាន​ការ​វាយ​ប្រហារ​តាម​បណ្តាញ​ Internet ​ដែល​ស.រ.អា.​និយាយ​ថា​ បាន​ធ្វើ​ទ្បើង​ដោយ​ប្រទេស​កូរ៉េខាង​ជើង។​

ក្រុម​ហ៊ុន Sony ​បាន​និយាយ​ថា​ ខ្សែ​ភាព​យន្ត​មាន​ចំណង​ជើង​ថា«The Interview» ឬ​ប្រែ​ថា«បទ​សម្ភាសន៍» ដែល​ជាខ្សែ​កុន​មួយ​ធ្វើត្រាប់​បែប​កំប្លែង​ដើម្បី​រឹះគន់​អំពី​ការ​ធ្វើ​ឃាត​លោក Kim Jong Un​ មេដឹក​នាំ​កូរ៉េខាងជើង​ នឹង​បើក​បញ្ចាំង​នៅ​ក្នុង​រោង​កុន​មួយ​ចំនួន​តូច​ចាប់​ពី​ថ្ងៃ​ទី​២៥​ខែ​ធ្នួ​នេះ។​

កាល​ពី​សប្តាហ៍​មុន​ ក្រុម​ហ៊ុន Sony បាន​និយាយ​ថា​ ខ្លួន​នឹង​មិន​បញ្ចាំង​ខ្សែ​ភាព​យន្ត​កំប្លែង​នេះ​នៅ​ក្នុង​រោង​កុន​ទេ ក្រោយ​ពី​បណ្តាញ​កុំព្យូទ័រ​របស់​ក្រុម​ហ៊ុន​នេះ​ត្រូវបាន​លបលួច​ចូល​ដោយ​ពួក​អ្នក​ធ្វើការ​វាយ​ប្រហារ​ដែលគេ​មិន​ដឹង​អត្តសញ្ញាណ​ដោយគំរាម​កំហែង​ថា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​ថែម​ទៀត ប្រសិន​បើ​ខ្សែ​កុន​នេះត្រូវ​ចេញ​បញ្ចាំង​តាម​ការ​កំណត់។​

មាន​រោង​កុន​ពីរ​គឺ​រោង​កុន​ The Alamo Drafthouse ក្នុង​ក្រុង​ Austin រដ្ឋ​ Texas និង​រោង​ភាពយន្ត​ Plaza ក្នុង​ក្រុង Atlanta រដ្ឋ​ Georgia បាន​និយាយ​ថា ពួក​គេ​គ្រោង​នឹង​បញ្ចាំង​ខ្សែ​កុន​នេះ។​

លោក​ Michael Lynton ប្រធាន​នៃក្រុម​ហ៊ុន​កុន Sony បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ក្រុម​ហ៊ុន​លោក​មាន​មោទនភាព«​ក្នុង​ការ​ប្រឆាំង​នឹង​ពួក​ជន​ទាំង​ទ្បាយ​ណា​ដែល​ប៉ុន​ប៉ង​បង្ក្រាប​សេរីភាព​ក្នុង​ការ​និយាយ​ស្តី​និង​បញ្ចេញ​មតិ»ហើយ​សង្ឃឹម​ថា«នេះ​គ្រាន់តែ​ជា​ជំហាន​ទី​មួយ​នៃការ​ចេញ​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ​តែ​ប៉ុណ្ណោះ»៕