សារ​ទំនាក់ទំនង​ខ្លះ​រវាង​លោក Trump និង​មេធាវី​ត្រូវ​បាន​រកឃើញ​ក្នុង​ចំណោម​ឯកសារ​សម្ងាត់​ដែល​រឹបអូស​ពី​ភូមិគ្រឹះ​របស់​លោក

ដីកាឆែកឆេរដែលត្រូវបានចេញដោយចៅក្រមនៃតុលាការសហព័ន្ធមួយរបស់សហរដ្ឋអាមេរិកដែលអនុញ្ញាតឱ្យទីភ្នាក់ងារ FBI ឆែកឆេរនៅក្នុងភូមិគ្រឹះ Mar-a-Lago របស់លោកអតីតប្រធានាធិបតី Trump។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​រកឃើញ «បណ្ដុំ​ឯកសារ​មួយ​ចំនួន​តូច» ដែល​អាច​មាន​ព័ត៌មាន​អំពី​សារ​ទំនាក់ទំនង​ឯកជន​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ជាមួយ​នឹង​ក្រុម​មេធាវី​របស់​លោក ដែល​ឯកសារ​ទាំង​នេះ​គួរតែ​ត្រូវ​បាន​ដក​ចេញ​ពី​ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​លើ​ឯកសារ​សម្ងាត់​ខ្លាំង​ដែល​បាន​រឹបអូស​ពី​ភូមិគ្រឹះ​របស់​លោក​នៅ​រដ្ឋ Florida កាលពី៣ សប្ដាហ៍​មុន។

នៅ​ក្នុង​ការ​ដាក់​ឯកសារ​ជូន​តុលាការ​នៅ​រដ្ឋ Florida កាលពី​ថ្ងៃ​ចន្ទ រដ្ឋអាជ្ញា​បាន​និយាយ​ថា ពួកគេ​នឹង​ផ្ដល់​ព័ត៌មាន​បន្ថែម​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​អំពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រអប់​ឯកសារ​ចំនួន ២០ ដែល​ភ្នាក់ងារ​នៃ​ទីភ្នាក់ងារ​សហព័ន្ធ​ស៊ើប​អង្កេត (FBI) បាន​ដក​ហូត​ពី​ភូមិគ្រឹះ​របស់​លោក Trump ក្នុង​អំឡុង​ការ​ឆែកឆេរ​ដែល​មាន​ការ​អនុញ្ញាត​ពី​តុលាការ។

ឯកសារ​ដែល​បាន​ដកហូត​នៅ​ក្នុង​ការ​ឆែកឆេរ​ដែល​មិន​ប្រកាស​ឱ្យ​ដឹង​ជា​មុន​កាលពី​ថ្ងៃ​ទី ៨ ខែ​សីហា​កន្លង​ទៅ​នេះ​រួម​មាន​ទាំង​ឯកសារ​ចំនួន ១១ ដែល​ដាក់​ស្លាក​ថា​ជា​ឯកសារ​សម្ងាត់​ផ្នែក​សន្តិសុខ​ជាតិ​ក្នុង​កម្រិត​ផ្សេងៗ​គ្នា​ផង​ដែរ ដែល​លោក Trump បាន​យក​ទៅ​ជាមួយ​នៅ​ពេល​លោក​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ ២០២១ ជាជាង​ប្រគល់​ឯកសារ​ទាំង​នោះ​ទៅ​ឱ្យ​ប័ណ្ណសារដ្ឋាន​ជាតិ​សហរដ្ឋ​អាមេរិក​ដូច​ដែល​ច្បាប់​តម្រូវ។

ដីកា​ឆែកឆេរ​របស់​តុលាការ​ដែល​បាន​អនុញ្ញាត​ឱ្យ​ភ្នាក់ងារ FBI ស្វែងរក​ឯកសារ​ទាំង​នោះ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កំពុង​ស៊ើប​អង្កេត​ថាតើ​មាន​ការ​រំលោភ​ច្បាប់​ណា​មួយ​កើតឡើង​ផ្នែក​ចារកម្ម​ឬ​ក៏​ផ្នែក​រារាំង​ដំណើរការ​យុត្តិធម៌​ ឬ​ក៏​អត់។

ប៉ុន្តែ នៅ​ក្រោម​នីតិវិធី​យុត្តិធម៌​ព្រហ្មទណ្ឌ​របស់​សហរដ្ឋ​អាមេរិក សារ​ទំនាក់ទំនង​ណា​មួយ​ទោះ​ក្នុង​លក្ខណៈ​ជា​លាយលក្ខណ៍​អក្សរ​ឬ​ក៏​ជា​ការ​សន្ទនា​ផ្ទាល់​មាត់​ក៏ដោយ​របស់​លោក Trump ជាមួយ​នឹង​មេធាវី​របស់​លោក អាច​ត្រូវ​បាន​ចាត់ទុក​ថា​ជា​បុព្វសិទ្ធិ។

ហេតុ​ដូច​នេះ​ហើយ ព័ត៌មាន​ដែល​បាន​មកពី​សារ​ទំនាក់ទំនង​រវាង​មេធាវី​និង​កូន​ក្ដី​ដូច​នេះ​មិន​អាច​ត្រូវ​បាន​រដ្ឋអាជ្ញា​ប្រើ​នោះ​ទេ ប្រសិនបើ​នៅ​ទីបំផុត​ក្រសួង​យុត្តិធម៌​ចាត់​វិធានការ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ការ​បន្ត​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​លើ​លោក Trump។ ប៉ុន្តែ នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ស៊ើប​អង្កេត​នេះ គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​តើ​ក្រសួង​យុត្តិធម៌​នឹង​ធ្វើ​ដូច្នេះ​ឬ​ក៏​អត់៕