ចំណុច​សំខាន់​ខ្លះៗ​ពី​ការ​ជជែក​ដេញដោល​រវាង​អ្នកស្រី Harris និង​លោក Pence

បេក្ខជនអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ខាងគណបក្សសាធារណរដ្ឋ និងអ្នកស្រី Kamala Harris ខាងគណបក្សប្រជាធិបតេយ្យ ជជែកដេញដោលគ្នានៅសាកលវិទ្យាល័យ Utah ទីក្រុង Salt Lake រដ្ឋ Utah ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។

នៅ​យប់​ថ្ងៃ​ពុធ បេក្ខជន​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​របស់​គណបក្ស​ធំៗ​ពីរ​ គឺ​អនុប្រធានាធិបតី​លោក Mike Pence ខាង​គណបក្ស​សាធារណរដ្ឋ និង​សមាជិក​ព្រឹទ្ធ​សភា​អ្នក​ស្រី Kamala Harris ខាងគណបក្ស​ប្រជាធិបតេយ្យ បាន​ជជែក​ដេញដោល​គ្នា ដោយ​ផ្តោត​លើ​គោលនយោបាយ​និង​រិះគន់​គោលនយោបាយ​របស់​ដៃ​គូ​ប្រជែង​ខ្លួន​ទៅវិញ​ទៅមក ដោយ​មាន​ការ​និយាយ​រំខាន​គ្នា​ខ្លះ​ តែមិន​ច្រើន​ដូច​ការ​ជជែក​ដេញដោល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា​នោះ​ទេ។

ការ​ជជែក​ដេញដោល​គ្នា​ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​សាកលវិទ្យាល័យ Utah ក្នុង​ទីក្រុង Salt Lake បាន​ចាប់ផ្តើម​ឡើង​ដោយ​អ្នកស្រី Kamala Harris អាយុ ៥៥ ឆ្នាំ បាន​លើកឡើង​ពី​បរាជ័យ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump និង​អនុប្រធានាធិបតី Mike Pence ក្នុង​ការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក ដែល​បាន​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​ប្រមាណ ២សែន ១ម៉ឺននាក់។

ជា​ការ​ឆ្លើយ​តប លោក Pence អាយុ ៦១ ឆ្នាំ បាន​ការពារ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​របស់​លោក និង​លោក Trump ដែល​រួមមាន​ការ​ដាក់​កំហិត​លើ​ជើងហោះហើរ​ពី​ចិន មិន​អនុញ្ញាត​ឲ្យ​ចូល​សហរដ្ឋអាមេរិក កាលពី​ដើម​ខែ​មករា។ នេះ​បើ​យោង​តាម​សារព័ត៌មាន AP។

ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន

នៅ​ពេល​អ្នក​សម្របសម្រួល ​Susan Page អ្នក​យកព័ត៌មាន​ឲ្យ​សារព័ត៌មាន USA Today សួរ​បេក្ខជន​អនុប្រធានាធិបតី​ទាំងពីរ​នាក់ ​អំពី​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក អ្នក​ស្រី Harris បាន​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​លើ​បរាជ័យ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Trump ​ក្នុងការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសចិន។ នេះ​បើ​យោង​តាម​កាសែត​ The New York Times។

អ្នកស្រី​ Kamala Harris បាន​ថ្លែង​ទៅ​កាន់​លោក Pence ថា៖ «លោក​បាន​ចាញ់​សង្គ្រោម​ពាណិជ្ជកម្ម [ជាមួយ​ចិន]»។

អ្នកស្រី​ Harris បាន​រិះគន់​វិធានការ​របស់​រដ្ឋបាល​លោក Trump ក្នុងការ​យក​ពន្ធ​លើ​ផលិតផល​ខ្លះ​របស់ចិន​ដោយ​អះអាង​ថា វិធានការ​ទប់ទល់​ពី​ចិន​វិញ​លើ​ការ​ដាក់ពន្ធ​នេះ បាន​បណ្តាលឲ្យ​សហរដ្ឋ​អាមេរិក បាត់បង់​ការងារ​ប្រមាណ ៣សែន និង​បាន​បង្ខំ​ឲ្យ​កសិករ​អាមេរិក​ដែល​មិន​អាច​លក់​ផលិត​របស់​ខ្លួន​ទៅ​ក្រៅប្រទេស ខាតបង់​ចំណូល។

ជា​ការ​ឆ្លើយ​តប​វិញ លោក Mike Pence បាន​អះអាង​ថា តាម​ពិត អតីត​ប្រធានាធិបតី​លោក Joe Biden ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី Barack Obama បាន​ចាញ់ប្រៀប​ចិន។

លោក Pence បាន​ថ្លែង​ថា៖ «ចាញ់​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន? លោក Joe Biden មិន​បាន​ចរចា​អីផង។ លោក Joe Biden បាន​គាំទ្រ​កុម្មុនិស្ត​ចិន​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ»។

បេក្ខជន​អនុ​ប្រធានាធិបតី​ទាំងពីរ​នាក់ បាន​បន្ត​តតាំង​ជា​ពាក្យ​សម្តី​គ្នា​ទៅវិញ​ទៅមក​អំពី​គោលនយោបាយ​ឧស្សាហកម្ម​របស់​សហរដ្ឋ​អាមេរិក ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ ដោយ​អ្នកស្រី Harris បាន​កោត​សរសើរ​ការ​ដឹកនាំ​របស់​រដ្ឋបាល​លោក Obama ទាក់ទង​នឹង​គោលនយោបាយ​ស្តារ​វិស័យ​យានយន្ត​នៅ​សហរដ្ឋ​អាមេរិក ខណៈ​លោក Pence បាន​អះអាង​ថា លោក Obama អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក (២០០៨ – ២០១៦) និង​លោក Biden បាន​ធ្វើ​កិច្ចការ​តិចតួច​ដើម្បី​ស្រោច​ស្រង់​ការ​បាត់បង់​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​របស់​សហរដ្ឋ​អាមេរិក។​


ការ​ប្រែប្រួល​អាកាសធាតុ

ទាក់ទង​នឹង​ប្រធានបទ​នេះ ទាំង​លោក Pence និង​អ្នកស្រី Harris បាន​វាយប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ទៅវិញ​ទៅមក ទាក់ទង​វិធានការ​ទប់ទល់​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ។

លោក Pence បាន​ថ្លែង​ថា លោក​«មាន​មោទនភាព​ខ្លាំង​លើ​កំណត់ត្រា​បរិស្ថាន​របស់​យើង និង​កិច្ចការ​អភិរក្ស​បរិស្ថាន» របស់​សហរដ្ឋ​អាមេរិក ហើយ​លោក​ក៏​បាន​ថ្លែង​បន្ទុច​បង្អាក់​លើ​សេចក្តី​ព្រាងច្បាប់​ទប់ទល់​នឹង​ផលប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ [របស់​សមាជិក​សភា​ខ្លះ​នៃ​គណបក្ស​ប្រជាធិបតេយ្យ] ដែល​មាន​ឈ្មោះ​ថា «Green New Deal»។​ នេះបើយោងតាមកាសែត The New York Times។

នៅ​ពេល​អ្នកស្រី Susan Page អ្នក​សម្របសម្រួល​វេទិកា​ជជែក​ដេញដោល​គ្នា បាន​សួរ​លោក​ថា តើ​លោក​យល់ថា ការ​ប្រែប្រួល​អាកាសធាតុ គឺជា​បញ្ហា​ដ៏​គំរាមកំហែង​ដល់​អាយុជីវិត​មនុស្ស​ដែរ​ឬ​ទេ លោក Pence បាន​ថ្លែង​ថា «អាកាសធាតុ​គឺ​ប្រែប្រួល។ យើង​នឹង​ធ្វើតាម​វិទ្យាសាស្ត្រ»។​

ជា​ការ​តទល់​អ្នក​ស្រី Harris បាន​រិះគន់​កំណត់ត្រា​សមិទ្ធផល​របស់​លោក Trump ក្នុង​ការ​ទប់ទល់​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ ជាពិសេស​វិធានការ​ពន្លត់​ភ្លើង​ឆេះព្រៃ​នៅ​រដ្ឋកាលីហ្វ័រ​ញ៉ា។

អ្នកស្រី​បាន​ថ្លែង​ថា៖ «លោក Donald Trump នៅ​ពេលសួរ​អំពី​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ​កាលីហ្វ័រញ៉ា ដែលមាន​អំណះអំណាង​ពីវិទ្យាសាស្ត្រ​តើ​អ្នក​ដឹង​ថា​លោក Donald Trump និយាយ​យ៉ាងម៉េច​ទេ? [លោក​ថា] វិទ្យាសាស្ត្រ​គ្មាន​ដឹង​អី​ទេ។ ដូច្នេះ​យើង​គួរ​ពិចារណា​អំពី​នរណា​ដែល​ត្រៀម​ខ្លួន​ដឹកនាំ​ប្រទេស​ក្នុង​រយៈពេល ៤ ឆ្នាំ​ខាង​មុខ ទប់ទល់​នឹងការ​គំរាម​កំហែង​ដល់​អាយុជីវិត​មនុស្ស​យើង»។

បញ្ហា​រើសអើង​ជាតិសាសន៍

នៅ​ក្នុង​ការ​ជជែក​ដេញដោល​កាលពី​យប់​ថ្ងៃ​ពុធ ការ​ឆ្លើយឆ្លង​ជា​ពាក្យ​សម្តី​ទៅវិញ​ទៅមក​រវាង​លោក Mike Pence និង​អ្នកស្រី Kamala Harris បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​គោល​ជំហរ​ខុសគ្នា​រវាង​បេក្ខជន​អនុប្រធានាធិបតី​ទាំងពីរ លើ​បញ្ហា​រើសអើង​ជាតិ​សាសន៍​នៅ​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​កាសែត The New York Times។

នៅ​ពេល​សួរ​ថា​ តើ​សាលក្រម​លើ​សំណុំរឿង​នៃ​ករណី​សម្លាប់​របស់​នាង Breonna Taylor ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​ម្នាក់ ដែល​ត្រូវបាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស ក្នុង​ករណី​ឆែកឆេរ​គ្រឿង​ញៀន​មួយ នៅ​ទីក្រុង Louisville រដ្ឋ Kentucky មាន​យុត្តិធម៌​ដែរ​ឬ​យ៉ាង​ណា អ្នក​ស្រី Harris បាន​យល់​ថា ករណី​នេះ​មិន​មាន​យុត្តិធម៌​ទេ។

សាលក្រម​បាន​សម្រេច​ផ្តន្ទាទោស​មន្ត្រី​ប៉ូលិស​ម្នាក់ ហើយ​បទ​ចោទប្រកាន់​លើ​ប៉ូលិស​រូបនេះ មិន​មែន​ផ្តោត​លើ​ករណី​បាញ់​សម្លាប់​នាង Taylor ទេ តែ​លើ​ការ​ធ្វើ​អ្នក​រស់នៅ​ក្បែរខាង​[នាង Taylor] ប្រឈម​នឹង​គ្រោះថ្នាក់។

អ្នក​ស្រី Harris ក៏​បាន​បន្ត​លើក​ឡើង​ពី​អំពើ​សាហាវ​ព្រៃផ្សៃ​របស់​ប៉ូលិស​លើ​ក្រុម​សហគមន៍​អាមេរិក​ស្បែក​ខ្មៅ ដូច​ជា​ករណី​ស្លាប់​របស់​លោក George Floyd ក្រោម​សមត្ថកិច្ច​របស់​ប៉ូលិស នៅ​ទីក្រុង Minneapolis រដ្ឋ​Minnesota ហើយ​បាន​អះអាង​ថា បើសិន​ជា​អ្នកស្រី និង​លោក Joe Biden ឈ្នះ​ការ​បោះឆ្នោត អ្នក​ទាំងពីរ​នឹង​ហាម​ឃាត់​ប៉ូលិស​មិន​ឲ្យ​ប្រើ​កម្លាំង​បាយ​ច្របាច់ក បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​កំណត់​ត្រា​ជាតិ​សម្រាប់​មន្ត្រី​ប៉ូលិស​ដែល​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់ បិទ​ដំណើរការ​ពន្ធនាគារ​ឯកជន និងការ​ផ្លាស់ប្តូរ​គោលនយោបាយ​ជាច្រើន​ផ្សេង​ទៀត ទាក់ទង​នឹង​ប្រព័ន្ធ​យុត្តិធម៌។​

ខុស​គ្នា​ពី​អ្នក​ស្រី Harris លោក​Pence បាន​អះអាង​ថា វា​គឺជា «ទង្វើរ​ម៉ាកងាយ​ខ្លាំង​បំផុត» លើ​មន្ត្រី​ប៉ូលិស តាម​រយៈ​ការ​លើកឡើង​ថា មាន​ការ​រើសអើង​ជាតិសាសន៍​បែប​បើក​ចំហរ​ដោយ​មន្ត្រី​មាន​សមត្ថកិច្ច។

លោក Pence ក៏​បាន​ថ្លែង​ថា វា​ជា​ការ​ព្រួយបារម្ភ នៅ​ពេល​ដែល​អតីត​រដ្ឋអាជ្ញា​ម្នាក់​ដូចជា​អ្នកស្រី Harris «សន្មត​ថា គណៈកម្មការ​វិនិច្ឆ័យ​សំណុំ​រឿង​ក្តី​ដែល​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដោយ​ផ្តោត​លើ​ភស្តុតាង បាន​សម្រេច​ចិត្ត​ខុស» បើ​ទោះ​បីជា​សមាជិក​ខ្លះ​នៃ​គណៈកម្មការ​វិនិច្ឆ័យ​បាន​ចេញ​មុខ​ថ្លែង​ជា​សាធារណៈ​អំពី​ក្តី​ព្រួយបារម្ភ​របស់​ពួួកគេ​ទាក់ទង​នឹង​ដំណើរការ​នីតិវិធី​របស់​តុលាការ​សម្រាប់​សំណុំ​រឿង​Breonna Taylor។ នេះ​បើ​យោង​តាម​កាសែត The New York Times។

កម្មវិធីធានារ៉ាប់រងសុខភាព

ទាក់ទងនឹង​គោលនយោបាយ​ស្តី​ពី​កម្មវិធី​ធានារ៉ាប់រង​សុខភាព​អ្នកស្រី Harris បាន​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​លើ​អនុប្រធានាធិបតី​លោក Pence ដោយ​អះអាង​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​Donald Trump នឹង​មិន​បម្រើ​ពលរដ្ឋ​ទេ បើ​សិន​ជា​ពលរដ្ឋ​នោះ​មាន​ជំងឺ​ប្រចាំ​កាយ។​

ជា​ការ​ឆ្លើយ​តប​លោក Pence ​បាន​លើក​ឡើង​ថា «កម្មវិធី​ធានា​រ៉ាប់រង​សុខភាព​ឈ្មោះ Obamacare គឺជា​បរាជ័យ» ហើយ​ថា លោក និង​លោក​ប្រធានាធិបតី Trump មាន​គម្រោង​ជួយ​ដល់​ក្រុម​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ បើ​ទោះបី​ជា​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump មិន​ទាន់​បាន​ផ្សព្វផ្សាយ​អំពី​ផែនការ​បែបនេះ​ក្តី។ នេះបើយោងតាមសារព័ត៌មាន AP៕