ពលរដ្ឋ​ស៊ូដង់​ខ្លះ ​ជំទាស់​ប្រឆាំង​គំនិត​នៃការ​បង្កើត​ក្រុម​ប្រឹក្សា​យោ​ធា

បាតុករ​ស៊ូដង់​ស្រែក​ពាក្យ​ស្លោក​តវ៉ា​ បន្ទាប់​ពី​កងទ័ព​បាន​ប្រកាស​ថា​ប្រធានាធិបតី​ Omar al-Bashir នឹង​ត្រូវ​ជំនួស​ឲ្យ​ក្រុម​ប្រឹក្សា​យោធា​ក្នុង​ទីក្រុង Khartoum កាល​ពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ២០១៩។

បាតុករ​ខ្លះ​ដែលបាន​ស្រែក​អបអរ​ការ​ធ្លាក់​ចេញ​ពី​អំណាច​របស់​ប្រធានា​ធិបតី ​Omar al-Bashir ​នៅ​ក្នុង​ប្រទេស​ស៊ូដង់ ​ ​កំពុង​ថ្កោលទោស​ការ​បង្កើត​ក្រុម​ប្រឹក្សា​យោធា​ដើម្បី​ជំនួស​ប្រធានា​ធិបតី al-Bashir។

​សមាគម​អាជីព​ស៊ូដង់ ​ដែល​ជា​អ្នក​រៀប​ចំការតវ៉ាដ៏​សំខាន់​នៅពេល​ថ្មី​ៗ​នេះ​ប្រ​ឆាំង​នឹង​លោក al-Bashir ​បាន​និយាយ​ថា ​ខ្លួន​ច្រានចោលសេចក្តី​ប្រកាស​ថា ​ក្រុម​ប្រឹក្សា​អន្តរកាល​ដែល​ដឹកនាំ​ដោយ​យោធា ​នឹង​គ្រប់​គ្រង​ប្រទេស​ស៊ូដង់​រយៈ​ពេល ​២​ឆ្នាំ​បន្ទាប់​នោះ។

សមាគម​អាជីព​ស៊ូដង់ ​បាន​អំពាវនាវ​ឲ្យ​មាន​រដ្ឋាភិបាល​ស៊ីវិល​អន្តរកាល​មួយ​ហើយ​នឹង​ឲ្យ​ពលរដ្ឋ​បន្ត​អង្គុយ​ធ្វើ​កូដកម្ម​នៅ​ឯ​បន្ទាយ​យោធា​ក្នុង​រដ្ឋ​ធានី Khartoum ​ដែល​បាន​ចាប់​ផ្តើ​ម​កាល​ពី​ថ្ងៃ​សៅរ៍។

​បាតុករ​២​នាក់​នៅ​ក្នុង​រដ្ឋ​ធានី​ Khartoum ​ក៏​បាន​ច្រាន​ចោល​ដល់​ការ​កាន់​កាប់​អំណាច​របស់​ពួក​យោធា​ដែរ។

លោក Mohamed Ali បាន​ប្រាប់ VOA ថា៖ «ការប្រកាស​របស់​ពួក​យោធា ​ជា​ការ​អាក់​អន់ចិត្ត។ ពីព្រោះតែ​ការប្រកាស​នេះ មិន​បាន​ធ្វើ​ទៅតាមបេសកម្ម​ទាំងអស់​របស់​បដិវត្តន៍។ ខ្ញុំសុំ​ឲ្យ​ពួក​បាតុករ​អង្គុយ​ធ្វើកូដកម្ម​នៅ​ខាង​មុខបន្ទាយ​យោធា​រហូតទាល់​តែ​បដិវត្តន៍​របស់​ស៊ូដង់​បាន​សម្រេច​ជោគជ័យ»។

លោក​ស្រី Suha​ Ahmed បាន​និយាយ​ថា ពួក​បាតុករ ​នឹង​មិន​សុខ​ចិត្ត​ទទួល​យក​ការ​ដឹកនាំ​របស់​យោ​ធា​២ឆ្នាំ​បន្ថែម​ទៀត​ទេ។ លោកស្រី ​និយាយ​ទៀត​ថា៖ «បន្ទាប់​ពី​ការដឹកនាំ​អស់​រយៈ​ពេល​៣០​ឆ្នាំ ​យើង​នឹង​នៅ​តែ​អង្គុយ​ធ្វើ​កូដកម្ម​រហូតទាល់​តែ​ការទាម​ទារ​របស់​យើង ​បាន​ត្រូវ​ឆ្លើយ​តប​ដោយ​រដ្ឋាភិបាល​អន្តរកាល​ស៊ីវិល ដើម្បី​ស៊ូ​ដង់​សេរី ​ប្រជា​ធិបតេយ្យ​និង​ស្ថិរភាព​»៕