គណបក្ស​មួយ​ចំនួន​ជំរុញ​ឱ្យ​រៀបចំ​វេទិកា​សាធារណៈ​តាម​មូលដ្ឋាន ខណៈ​ការបោះឆ្នោត​ឃុំ​សង្កាត់​ខិត​ជិត​មក​ដល់

រូបឯកសារ៖ បេក្ខជន​មក​ពី​គណបក្ស​នយោបាយ​បួនធំៗ ចូលរួម​តស៊ូមតិ​ ដោយ​ឆ្លើយ​តប​នឹង​សំណួរ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំវត្តតាមឹម ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។ (សុខ ខេមរា/វីអូអេ)

តំណាង​គណ​បក្ស​នយោបាយ​មួយ​ចំនួន​បាន​ជំរុញឱ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា​គ.ជ.ប រៀប​ចំវេទិកា​សួរ​ដេញ​ដោល​គ្នា​រវាង​បេក្ខ​ជន​ឈរ​ឈ្មោះ​មេឃុំ​ចៅ​សង្កាត់ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដឹង​ពី​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ និង​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ក្រោយ​នេះ។

គណបក្ស​ដែល​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ប្រជែង​យល់​ថា​ការ​រៀប​ចំវេទិកា​សួរ​ដេញ​ដោល​រវាង​បេក្ខជន​មេឃុំ​នេះ មាន​សារៈ​សំខាន់​ដែល​អាច​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋលើក​ឡើង​ពី​បញ្ហា​នានា និង​តម្រូវ​ការ​ក្នុង​មូលដ្ឋាន​ ​ដើម្បី​ឱ្យ​បេក្ខជន​ជាប់​ឆ្នោត​ជា​មេឃុំ​អនុវត្ត​តាម​ការ​សន្យា និង​តម្រូវ​ការ​ទាំង​នោះ។ គណ​បក្ស​ទាំង​នោះ​ថា​ បើ​មាន​ការ​រៀប​ចំ​បែប​នេះ​នឹង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​វិវឌ្ឍ និង​ការ​ឈាន​ទៅ​រក​ដំណើរ​ការ​លទ្ធិប្រជា​ធិប​តេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ ឡឹក សុធារ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន ​ស្នើ​ឱ្យ​មានការ​រៀប​ចំ​វេទិកា​សាធា​រណៈ​ជជែក​សួរ​ដេញ​ដោល​រវាងតំណាង​បេក្ខ​ជន​ឈរ​ឈ្មោះ​ជា​មេឃុំ​មក​ពី​គ្រប់​គណ​បក្ស​ទាំង​អស់​ ដើម្បី​អាច​ឱ្យ​ប្រជា​ពល​រដ្ឋ​បាន​ស្គាល់​ និង​ដឹង​ពី​អត្ត​ចរិត ចំណេះ​ដឹង ការ​តស៊ូ​របស់​បេក្ខជន​មេឃុំម្នាក់​ៗ ជា​ពិសេស​ដឹង​អំពី​គោល​នយោ​បាយ​សំខាន់ៗ​របស់គណបក្ស​នីមួយ​ៗ ដែល​នឹង​ត្រូវបម្រើ​ប្រជា​ពលរដ្ឋ​តាម​មូល​ដ្ឋាន ​ពេល​ជាប់​ឆ្នោត។ លោក​បន្ថែម​ថា​ ការ​ជជែក​ដេញ​ដោល​នេះ​ក៏ធ្វើ​ឱ្យ​ពល​រដ្ឋមើល​ឃើញ​ដោយ​ផ្ទាល់ ហើយ​អាចវាយ​តម្លៃ និង​ជ្រើស​រើស​មេឃុំ​ដែល​ពួកគេ​យល់​ឃើញ​ថា​នឹង​បម្រើ​ប្រយោជន៍ពិត​ប្រាកដ។ ​លោក​កត់​សម្គាល់​ថា​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ទាំង​ស្គាល់​មេឃុំ និង​សមត្ថ​ភាព​មេឃុំ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឡើយ។

លោក​ប្រាប់​វីអូអេ​ថា៖ «ដូច្នេះ​វេទិកា​សាធារណៈ​នេះ ជា​ការ​បង្ហាញនូវ​សមត្ថភាព​របស់​ថ្នាក់​ដឹកនាំ​តាម​មូលដ្ឋាន ឱ្យ​ប្រជាពលរដ្ឋ​មើល​ឃើញ ឱ្យ​ប្រជាពលរដ្ឋ​វាយ​តម្លៃ​ ហើយ​ជ្រើស​រើស​ឱ្យ​បាន​ត្រឹម​ត្រូវ»។

ទាក់​ទង​ការ​ស្នើឱ្យ​មាន​វេទិកាសួរ​ដេញ​ដោលនេះ ​គណ​បក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន​ក្នុង​ខេត្ត​កណ្តាល កាល​ពី​ពេល​ថ្មីៗនេះ បាន​សម្តែង​ការ​ខក​ចិត្ត បន្ទាប់​ពី​ប្រធាន​គណៈ​កម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ​ខេត្ត​កណ្តាល បាន​បដិ​សេធ​សំណើ​របស់​គណបក្ស​ឱ្យ​រៀប​ចំ​វេទិការ​ជជែក​សួរ​ដេញ​ដោល​រវាង​បេក្ខ​ជន​ឈរ​ឈ្មោះ​ជា​មេឃុំ​មក​ពី​គ្រប់​គណបក្ស។

ប្រធាន​គណៈ​កម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ឃុំ​ព្រែក​ស្តី​ លោក លោក ​ប៉ិច សេងគី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ការងារ​រៀបចំ​វេទិកា​សាធារណៈ​នោះ ​គឺ​ហួស​ពី​សមត្ថ​ភាព​របស់​គណៈ​កម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ឃុំ​ ហើយ​លោក​ស្នើឱ្យ​គណ​បក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន​ទាក់​ទង​គណៈ​កម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ថ្នាក់​ខេត្ត​វិញ។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន លោក​ ឡឹក​ សុធារ យល់​ថា​ គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ នៅ​តែ​អាច​រៀប​ចំ​វេទិកា​ជជែក​ដេញ​ដោល​នេះ​បាន​ ពី​ព្រោះ​វា​មិន​ត្រូវ​ការ​ចំណាយ​ធនធាន​អ្វី​ច្រើន​ទេ ហើយ​ម្យ៉ាង​ក៏អង្គការសង្គម​ស៊ីវិល​ក៏​ធ្លាប់​រៀប​ចំ​វេទិកា​បែប​នេះ​បាន​ជោគ​ជ័យ​ផង​ដែរ។

លោក​បញ្ជាក់​ថា៖ «ដោយ​ឡែក​ខ្ញុំ​នៅតែ​យល់​ថា គណៈ​កម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នូវ​តែ​អាច​មាន​លទ្ធភាព​រៀប​ចំ​ការ​ជជែក​ពិភាក្សា​នេះ​បាន​ ដោយ​ការ​ជជែក​ពិភាក្សានេះ​មិន​ទាម​ទារ​ថវិកា​នោះ​ទេ គ្រាន់​តែ​ទាមទារ​នូវ​ភាព​អព្យា​ក្រឹត សុចរិត​ភាព​របស់​អ្នក​សម្រប​សម្រួល​នៅ​ក្នុង​កម្មវិធី»។

ចំណែក​លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន ក៏​ស្នើ​ឱ្យ​ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោត​ដាក់​ចេញ​គោល​ការណ៍​ក្នុង​ការ​រៀប​ចំ​វេទិកា​ជជែក​ដេញ​ដោល​តាម​សាធារណៈ​នេះ​ឱ្យ​បាន​គ្រប់​ឃុំ​សង្កាត់​ ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​ចូល​រួម​លើក​ឡើង​ពី​បញ្ហា​នានា​ក្នុង​មូល​ដ្ឋាន​ និ​ងតម្រូវ​ការ​ដែល​ពួក​គេចង់​បាន និង​ដើម្បី​ឱ្យ​ពលរដ្ឋ​ដឹង​ពី​ការអភិវឌ្ឍ​នៅ​តាម​មូល​ដ្ឋាន​ជា​ដើម។ ម្យ៉ាង​ទៀត លោក​ថា​កម្មវិធី​បែប​នេះ ​ក៏​ជា​គន្លឹះ​បើ​ក​ឱ្យ​មាន​ប្រជាធិបតេយ្យ​ក្នុង​ថ្នាក់​មូល​ដ្ឋាន​ផង​ដែរ។

លោក​ថ្លែង​ថា៖ «បើ​អាចធ្វើ​បាន​មែន​ គឺ​យើង​នឹង​ចាប់​ផ្តើម​ឱ្យ​មាន​ពន្លកប្រជាធិប​តេយ្យ​ពី​មូលដ្ឋាន​ឡើង​ នៅ​ក្នុង​ការ​ជជែក​វែក​ញែក​នេះ គឺ​ជា​គំរូ​មួយ​សម្រាប់​អ្នក​នយោបាយ​ផង​ដែរ​ ដើម្បី​បង្ហាញ​ពី​វប្បធម៌​របស់​ខ្មែរ​យើង ជាពិសេស​លទ្ធិ​ប្រជាធិប​តេយ្យ យើង​ត្រូវ​តែ​ជជែក​គ្នា​ត្រង់​ទៅ​ត្រង់​មក មុន​សុំ​សន្លឹក​ឆ្នោត​ពី​ប្រជា​ពលរដ្ឋ គាំទ្រ​ដល់​យើង​នោះ»។

លោក ថាច់ សេដ្ឋា បន្ថែម​ថា​ គណ​បក្ស​ភ្លើង​ទៀន​បាន​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​ចូល​រួម ប្រសិន​បើ​ស្ថាប័ន​គ.ជ.ប រៀប​ចំ​ឱ្យមាន​កម្ម​វិធី​ជជែក​ដេញ​ដោល​នេះ។

ចំណែក​លោក យ៉ែម បុញ្ញ​ឫទ្ធិ ប្រធាន​គណបក្ស​កម្ពុជា​និយម ប្រាប់​វីអូអេ​ថា​គណ​បក្ស​របស់​លោក​ក៏​គាំទ្រ​ឱ្យ​មាន​ការ​រៀប​ចំ​វេទិកា​ជជែក​សួរ​ដេញ​ដោល​នេះ​ដូច​គណ​បក្ស​មួយ​ចំនួន​ផង​ដែរ។ លោក​ចាត់​ទុក​ការ​ជជែក​ដេញ​ដោល​នេះ ជា​ចំណុច​វិជ្ជ​មាន​ល្អ​មួយ និង​ជាគ្រឹះ​ប្រជា​ធិប​តេយ្យ​ ដែល​កើត​ចេញ​តាំង​ពី​ថ្នាក់​មូល​ដ្ឋាន តាម​រយៈ​ការ​ចូលរួម​របស់​ប្រជា​ពល​រដ្ឋ។ លោក​បន្ថែម​ថា​ គណបក្ស​កម្ពុជា​និយម​ចង់​ឱ្យ​មាន​ការ​រៀបចំ​វេទិការ​នេះ​ឱ្យ​បាន​ច្រើន​និង​ញឹក​ញាប់ ដើម្បី​ងាយ​ស្រួល​ឱ្យ​ប្រជា​ពល​រដ្ឋវាយ​តម្លៃ និង​តាម​ដាន​ការសន្យា​របស់​មេឃុំ និង​គណបក្ស​ថា​បាន​អនុវត្ត និង​មាន​ប្រសិទ្ធ​ភាព​ក្នុង​កម្រិត​ណា រវាង​មុន​ការ​បោះ​ឆ្នោ​ត និង​ក្រោយ​ពេល​បោះឆ្នោត។

លោក​ថ្លែង​ថា៖ ​«វេទិកា​សាធារណៈ​ដែល​មាន​បេក្ខ​ជនចូលរួម​ចំពោះ​មុខ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិឃុំ គឺ​មាន​សារៈ​សំខាន់​ជា​ទីបំផុត ពីព្រោះ​វា​ក្លាយ​ទៅ​ជា​គោល​នយោបាយ ជាកិច្ច​សន្យា​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ​ដោយ​ផ្ទាល់​»។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ​ឥសាន​ ក៏​ចង់​ឱ្យ​មាន​វេទិកា​សាធារ​ណៈ​នេះ​ផង​ដែរ​ ដើម្បី​បង្ហាញ​គោល​នយោបាយ​បក្សឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ឮ។

លោក​បញ្ជាក់​ថា៖ ​«ខ្ញុំ​យល់ឃើញ​ថា​ជា​ការ​ល្អ ដែល​យើង​គ្រប់​នីតិកាល​នៃ​កា​របោះឆ្នោត​ យើង​បាន​ចូលរួម​ក្នុង​វេទិកា​សាធារណៈ​នៅ​តាម​មណ្ឌល [ហើយ]​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គេ​ធ្វើ​នៅ​តាម​ឃុំ។ ហើយ​បោះ​ឆ្នោតជាតិ គេ​ធ្វើ​តាម​វេទិកា​នានា​ជា​សាធារ​ណៈ​រៀប​ចំ​ដោយ​វិទ្យុ​នានា​ក៏​បាន​រៀប​ចំ​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក៏​បាន​។ អាហ្នឹង​ យើង​ត្រៀម​ខ្លួន​ជានិច្ច ដើម្បី​ចូលរួម»។

អគ្គ​លេខា​ធិការ​រង​នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ​លោក​ សោម សូរីដា ​ប្រាប់​វីអូអេ​ថា​ស្ថាប័ន​រៀប​ចំការ​បោះឆ្នោត​ គ.ជ.ប មិន​មាន​កម្មវិធី​រៀបចំ​វេទិកា​សាធារណៈ​នៅ​តាម​ឃុំ​សង្កាត់​ទេ ដោយ​គ.ជ.ប នឹង​រៀប​ចំ​កម្មវិធី​តុមូល​ ដោយ​មានតំណាង​គណបក្សនានា​ចូលរួមនៅ​ទីស្តី​ការ​របស់​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះឆ្នោត​តែ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ លោក​បញ្ជាក់​ថា​ការ​រៀបចំ​វេទិកា​សាធារណៈ​នេះ គឺ​ធ្លាប់​មាន​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​មិន​មែន​រដ្ឋាភិបាល​បាន​រៀប​ចំ ហើយ​ប្រសិន​បើ​អង្គការ​សង្គម​ស៊ីវិល ​គណ​បក្ស​ ឬ​អ្នក​ដែល​មាន​ធនធាន​ចង់​រៀប​ចំ​វេទិកា​ជជែក​ដេញ​ដោលគ្នា​នេះ​ គឺ​អាច​ដាក់​សំណើ​មក​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ​គ.ជ.ប ក្នុង​ការ​ពិនិត្យ និង​សម្រេច​ទៅ​តាម​គោល​ការណ៍។

លោក កន សាវាង្ស អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល​ដែល​ឃ្លាំ​មើល​កិច្ចការ​បោះឆ្នោត ថ្លែង​ថា ​វេទិកា​សាធារណៈ​គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ស្វែង​យល់​ពី​គោល​នយោ​បាយ និ​ង​ដំណើរ​ការ​ប្រកួត​ប្រជែង​ផ្នែក​គោល​នយោបាយ​របស់គណ​បក្ស​ទាំង​អស់ បូក​រួមការ​តាម​ដាន​អំពី​ការធ្វើ​សកម្ម​ភាព​របស់​មេឃុំ​ចៅ​សង្កាត់ បន្ទាប់​ពី​ជាប់​ឆ្នោត។

លោក​ថ្លែង​ថា៖ «នៅ​ក្នុង​ការ​ចូលរួមនេះ គឺ​គ្រប់​ភាគី​ ប៉ុន្តែ​ភាគីដែល​យក​ចិត្ត​ទុក​ដា​ក់មែន​ទែន​ហ្នឹង​គឺ ភាគី​ទាក់ទង​ជាមួយ​ស្ថាប័ន​គ.ជ.ប បើ​សិន​ជា​មាន​ថវិកា​នៅ​ក្នុង​ដំណាក់​កាល​នេះ គឺ​ស្ថាប័ន គ.ជ.ប ជា​រឿង​មួយ​សំខាន់​ណាស់។ ហើយ​សង្គម​ស៊ីវិល​ក៏​ជា​ផ្នែក​មួយ​ដែរ​ កន្លង​មក​សង្គម​ស៊ីវិល​តែង​តែ​មាន​ការ​បង្កើត​ឱ្យមា​ន​ការ​ជជែក​អំពី​បញ្ហា​ទាំង​អស់​នេះ​ នៅ​មូលដ្ឋាន»។

គួរ​បញ្ជាក់​ថា​ ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៥​ ខែ​មិថុនា​ខាង​មុខ​ ​ដោយ​ត្រូវ​ជ្រើស​រើស​ក្រុម​ប្រឹក្សា​សរុប​ទាំង​អស់​ជាង​១១.០០០​នាក់ ​នៅ​ក្នុង​ឃុំ​សង្កាត់​សរុប​ចំនួន​១.៦​៥២​ ដែល​មាន​គណ​បក្ស​ចូល​រួម​ប្រកួត​ប្រជែង​ចំនួន​១៧​គណ​បក្ស​៕