ស្ថានទូត​មួយ​ចំនួន​ជំរុញ​ឱ្យ​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិធម៌

រូបឯកសារ៖ ពលរដ្ឋម្នាក់បោះឆ្នោត​នៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នៅក្នុងបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥​ នៅថ្ងៃទី៥​ ខែមិថុនា ឆ្នាំ២០២២។ (កាន់​ វិច្ឆិកា/វីអូអេ)

ស្ថានទូត​បរទេស​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​ពួកគេ​ចង់​ឃើញ​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​នេះ​ ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹម​ត្រូវ និង​យុត្តិធម៌ បើ​ទោះ​មិន​ទាន់​សម្រេច​ចិត្ត​ថា​តើ​នឹង​បញ្ជូន​អ្នក​សង្កេត​ការណ៍​សម្រាប់​ការ​បោះ​ឆ្នោត​មួយ​នេះ​ ឬ​យ៉ាងណា។

កាល​ពី​សប្តាហ៍​មុន​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប.)​ បាន​ប្រកាស​បើក​ឱ្យ​អ្នក​សង្កេត​ការណ៍​ជាតិ ​និង​អន្តរ​ជាតិ​ ត្រៀម​ខ្លួន​ដាក់​ពាក្យ​ចុះ​ឈ្មោះ​សម្រាប់​សង្កេត​មើល​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា ​ឆ្នាំ​២០២៣ ​ខាង​មុខ​នេះ។​ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ស្ថាប័ន​ គ.ជ.ប.​ ចុះ​ថ្ងៃទី​៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២៣ ​ដែល​វីអូអេ​ទទួល​បាន។​

ទោះ​ជា​យ៉ាង​ណា​ ការ​បោះឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​ នៅ​តែ​ជា​ចម្ងល់​មួយ​សម្រាប់​អ្នក​តាម​ដាន​ថា​តើ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹម​ត្រូវ ​ឬ​យ៉ាង​ណា ​ខណៈ​មេដឹក​នាំ​បក្ស​ប្រឆាំង​នៅ​ជាប់​រឿង​ក្តី​ក្តាំ​នៅ​តុលាការ​នៅ​ឡើយ។​

ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជាប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ រដ្ឋាភិបាល​ជប៉ុន​គិត​ថា ​វា​មាន​សារៈ​សំខាន់​សម្រាប់​ការ​បោះ​ឆ្នោត​ដែល​ធ្វើ​ឡើង​ដោយ​សេរី ​និង​យុត្តិធម៌។​ ស្ថានទូត​បាន​និង​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា។ ស្ថានទូត​ជប៉ុន​ក៏​បាន​បញ្ជាក់​ថា​ មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​ទេ​ថា​តើ​នឹង​ដាក់​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ​ឬ​យ៉ាង​ណា។​

ចំណែក​អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ កញ្ញា ​Arzate Stephanie ប្រាប់​វីអូអេ​ថា​ អាមេរិក​នៅ​តែ​ប្តេជ្ញា​ចិត្ត​ចំពោះ​ប្រជាជន​កម្ពុជា​ និង​ការ​ចង់​បាន​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ពួកគេ​ ហើយ​សំឡេង​របស់​ពួក​គេ​ត្រូវ​បាន​ឮ។​

អ្នក​នាំ​ពាក្យ​រូប​នេះ​ជំរុញ​ឱ្យ​ដំណើរ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​បរិយាប័ន្ន ​ដែល​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​អាច​អនុវត្ត​បាន​នូវ​សិទ្ធិ​ខាង​នយោបាយ​របស់​ពួក​គេ។​

កញ្ញា​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​នា​ថ្ងៃ​ពុធ​នេះ​ថា៖ «យើង​ជំរុញ​ឱ្យ​អាជ្ញាធរ​ពង្រឹង​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ សេរី​ពហុ​បក្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​អនុញ្ញាត​ឱ្យ​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ​គ្នា​ លើក​តម្កើង​ការ​ប្រកួត​ប្រជែង​តាម​រយៈ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី​ និង​យុត្តិ​ធម៌ ​ព្រម​ទាំង​លើក​កម្ពស់​ការ​ផ្លាស់​ប្តូរ​យោបល់​គ្នា​ដោយ​បើក​ចំហ​និង​សេរី​ផង​ដែរ»។​

ទោះ​ជាយ៉ាង​ណាក្តី ​នៅ​ពេល​សួរ​ថា​ តើ​ស្ថានទូត​នឹង​បញ្ជូន​អ្នក​សង្កេត​ការណ៍​សម្រាប់​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​ឬទេ​ កញ្ញា​មិន​មាន​ការ​បញ្ជាក់​នោះ​ឡើយ។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​តាម​សារ​អ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ។​

លោក​ ហង្ស ពុទ្ធា ​អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ប្រាប់​វីអូអេ​ថា​ ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ​កាល​ពី​កន្លង​ទៅ​ បាន​ធ្វើ​ឡើង​ដោយ​សេរី ​និង​យុត្តិធម៌​ ជា​ពិសេស​គោរព​ទៅ​តាម​ច្បាប់ ​ក៏​ដូចជា​បទ​បញ្ជា​ដែល​មាន​ចែង។​

លោក​បញ្ជាក់​ថា៖ «សូម​ជម្រាប​ជូន​ថា​ ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោត​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ ជាពិសេស​ការ​បោះ​ឆ្នោត​នេះ ​ត្រូវ​ផ្អែក​ទៅ​លើ​ច្បាប់ ​បទ​បញ្ជា ​និង​នីតិវិធី​ដែល​មាន​ជា​ធរមាន»។​

រូបឯកសារ៖ នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ មន្រ្តីរៀបចំការបោះឆ្នោត​ចាក់​សន្លឹកឆ្នោត​ចេញពីហិបឆ្នោត​ រាជធានីភ្នំពេញ ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ឱ្យ​ដឹង​កាល​ពី​សប្តាហ៍​មុន​ថា​ អ្នក​ដែល​អាច​ចុះ​ឈ្មោះ​ចូលរួម​សង្កេត​ការណ៍​បាន​ មាន​ដូច​ជា​គណ​បក្ស​នយោបាយ សមាគម​ អង្គការ​មិន​មែន​រដ្ឋាភិបាល ​និង​អន្តរ​ជាតិ​ផង​ដែរ។​ ការ​ចុះ​ឈ្មោះ​សម្រាប់​អ្នក​សង្កេត​ការណ៍​ជាតិ ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី១ ​ខែ​មេសា​ ដល់​ថ្ងៃទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០២៣​ ហើយ​ការ​ចុះ​ឈ្មោះ​អ្នក​សង្កេត​ការណ៍​អន្តរជាតិ ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​១ ​ខែ​មេសា ​ដល់​ថ្ងៃ​ទី​១៩ ​ខែ​កក្កដា ​ឆ្នាំ​២០២៣។​

មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គ​ការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្វ្រែល ​លោក​ កន សាវាង្ស​ អះអាង​ថា អង្គការ​របស់​លោក​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ថា ​តើ​ត្រូវ​ដាក់​អ្នក​សង្កេត​ការណ៍ ​ឬ​យ៉ាង​ណា​ទេ ​ពី​ព្រោះ​វា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ត្រួត​ពិនិត្យ។​

បើ​តាម​លោក ​កន សាវាង្ស​ លោក​ចង់​ឃើញ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​និង​យុត្តិធម៌ ហើយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ទទួល​យក​បាន​នូវ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ខ្ញុំ​នៅ​មិន​ទាន់​អាច​វាយ​តម្លៃ​នៅ​ក្នុង​ដំណើរការ​យ៉ាង​ម៉េច​បាន​ទេ។​ អ្វី​ដែល​យើង​ចង់​[ឃើញ]​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ខាងមុខ​ហ្នឹង​ យើង​ចង់​ឃើញ​ថា​ ធ្វើ​ម៉េច​គោល​ការណ៍​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌ ​ត្រូវ​បាន​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ ​ហើយ​ចង់​ឃើញ​ការ​ទទួល​យក​បាន​ទាំង​អស់​គ្នា»។​

នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​ថា​និកហ្វិច​ (NICFEC)​ លោក ​សំ គន្ធាមី​ ប្រាប់​វីអូអេ​ថា អង្គការ​របស់​លោក​នឹង​ចុះ​ឈ្មោះ​ដាក់​អ្នក​សង្កេត​ការណ៍ ​ដោយ​ហេតុ​ថា​ អង្គការ​របស់​លោក​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​លទ្ធិ​ប្រជា​ធិបតេយ្យ ​ហើយ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត។​

បើ​តាម​លោក​ សំ គន្ធាមី ​ ស្ថាន​ការណ៍​នយោបាយ​នា​ពេល​បច្ចុប្បន្ន ​ហាក់​ធ្លាក់​ចុះ​កម្តៅ​ជាង​មុន​ ហើយ​ថា​ លោក​កំពុង​តែ​រង់ចាំ​មើល​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ និង​សិទ្ធិ​ខាង​នយោបាយ​ ជា​ពិសេស​ពាក់ព័ន្ធ​ជា​មួយ​ឯក​រាជ្យ​ភាព​របស់​គ.ជ.ប.​ ដើម្បី​អាច​វាយ​តម្លៃ​ថា​ តើ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​នឹង​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច?​

លោក​បញ្ជាក់​ថា៖​ «ជា​គោល​ការណ៍​យើង​មិន​អាច​វាយ​តម្លៃ​អ៊ីចឹង​បាន​ទេ។​ គោល​ការណ៍​របស់​អង្គការ​ខ្ញុំ​មាន​ការ​វាយ​តម្លៃ​មុន​ការ​បោះ​ឆ្នោត ​អំឡុង​ពេល​បោះ​ឆ្នោត​ និង​ក្រោយ​ការ​បោះ​ឆ្នោត។​ បី​ដំណាក់​កាល​ បាន​យើង​វាយ​តម្លៃ​ថា​ ដំណើរ​ការ​បោះ​ឆ្នោត​ហ្នឹង​ដោយ​សេរី ​យុត្តិធម៌​យ៉ាង​ម៉េច»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ ដែល​អវត្តមាន​គណ​បក្ស​ប្រឆាំង​ដ៏​ធំ ​គឺ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ទៅ​បោះ​ឆ្នោត ​ឬ​គូស​សន្លឹក​ចោល​មិន​អាច​ប្រើប្រាស់​បាន។​ សន្លឹក​ឆ្នោត​មិន​បាន​ការ​ មាន​ប្រមាណ​៦០​ម៉ឺន​សន្លឹក។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​គ.ជ.ប.។​

នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​មក​ដល់​ គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ខិត​ខំ​លើក​សំណើ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត ហើយ​សំណើ​ទាំង​នោះ​បាន​ដាក់​ទៅ​ស្ថាប័ន​គ.ជ.ប.​ និង​ទៅ​រដ្ឋ​សភា​ជាតិ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ជា​វិជ្ជមាន​នោះ​ឡើយ៕​