បើតាមបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះជាថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដែលមានសមាជិកចំនួន ៩ រូប ដែលបច្ចុប្បន្នជាអ្នកគ្រប់គ្រងនិងដឹកនាំស្ថាប័ននេះ នឹងត្រូវផ្លាស់ប្តូរមួយចំនួន។
រដ្ឋសភាដែលគ្រប់គ្រងស្ទើរតែទាំងស្រុងដោយគណបក្សប្រជាជនកម្ពុជា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់សមាសភាព គ.ជ.ប ចំនួន ៩ រូបសម្រាប់អាណត្តិថ្មី នៅថ្ងៃពុធ ទី ១៣ ខែធ្នូ ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា ចេញផ្សាយកាលពីថ្ងៃចន្ទ។
បើតាមសេចក្តីប្រកាសព័ត៌មាន សមាសភាពទាំង ៩ រូប ដែលនឹងត្រូវបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនោះដោយតំណាងរាស្រ្តទាំង ១២៥ រូប រួមមានលោក ប្រាជ្ញ ចន្ទ ជាប្រធាន លោក ជឺ ចំណាន ជាអនុប្រធាន លោក មាស សទិ លោក ឌឹម សុវណ្ណារុំ លោក សោម សូរីដា លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា ជាសមាជិក។ ក្នុងចំណោមបេក្ខជនឈរឈ្មោះជាថ្នាក់ដឹកនាំទាំង ៩ រូបនោះ មាន ៤ រូបជាបេក្ខជនថ្មី គឺលោក ជឺ ចំណាន លោក សោម សូរីដា លោក ហេង ស៊ីឡេង និងលោក យិច សមិទ្ធិ។
ការជ្រើសរើសសមាសភាពថ្នាក់ដឹកនាំស្ថាប័នរៀបចំ គ.ជ.ប សាជាថ្មី ដោយសារគណបក្សហ្វ៊ុនស៊ិនប៉ិចឈ្នះបាន ៥ អាសនៈក្នុងចំណោមអាសនៈសរុបចំនួន ១២៥ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា ឆ្នាំ ២០២៣។
បើតាមរដ្ឋធម្មនុញ្ញកម្ពុជា គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា គឺជាអ្នកចូលរួមបង្កើតថ្នាក់ដឹកនាំស្ថាប័នរៀបចំការបោះឆ្នោត។ ច្បាប់នេះត្រូវបានកំណត់កាលពីប្រមាណ ១០ ឆ្នាំមុន តាមការឯកភាពរវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ។
ក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា លើកឡើងថាបេក្ខជនដែលដាក់ពាក្យសម្រាប់ថ្នាក់ដឹកនាំស្ថាប័ន គ.ជ.ប មានចំនួន ១៨ នាក់ ប៉ុន្តែលោកថាមានតែ ១១ នាក់ប៉ុណ្ណោះដែលគ្រប់លក្ខខណ្ឌ។ លោកបន្ថែមថា គណបក្សដែលមានអាសនៈនៅរដ្ឋសភាបានសម្រេចជ្រើសរើសចុងក្រោយ គឺនៅសល់ ៩ នាក់ ដែលនឹងត្រូវដាក់ទៅសភាពេញអង្គបោះឆ្នោតនៅថ្ងៃពុធនេះ។
លោកបញ្ជាក់ថា៖ «យើងធ្វើតាមច្បាប់បាទ។ តាមច្បាប់កំណត់ អត់មានខុសតាមច្បាប់ លម្អៀងបន្តិចទេ»។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ប្រាប់វីអូអេថា គណបក្សរបស់លោកបានដាក់បេក្ខជនសម្រាប់ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរួចហើយ។ លោកសង្ឃឹមថា សមាសភាពថ្នាក់ដឹកនាំ គ.ជ.ប ថ្មី នឹងធ្វើទៅតាមច្បាប់ ហើយរៀបចំការបោះឆ្នោតមួយ ដែលអាចទុកចិត្តបាន។
លោកបញ្ជាក់ថា៖ «ចំពោះបញ្ហានេះខាងខ្ញុំបាទសង្ឃឹមថា គណៈកម្មការរៀបចំការបោះឆ្នោតជាពិសេសប្រធាន សមាជិកនិងអនុប្រធានទាំងអស់ហ្នឹង នឹងបម្រើនូវស្ថាប័នមួយនេះឱ្យជាស្ថាប័នមួយដែលធានាបាននូវការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌»។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែលដែលឃ្លាំមើលការបោះឆ្នោត ថ្លែងថា លោកនៅមិនទាន់អាចវាយតម្លៃបាននៅឡើយទេពីសមាសភាពថ្នាក់ដឹកនាំនៃស្ថាប័នរៀបចំការបោះឆ្នោត ប៉ុន្តែលោកថាអ្វីដែលសំខាន់តើការជ្រើសរើសបេក្ខជនស្របតាមនីតិវិធីច្បាប់ឬយ៉ាងណា។
លោកបញ្ជាក់ថា៖ «ប៉ុន្តែបើសិនជាយើងគ្រាន់តែឆ្លងកាត់ប៉ុណ្ណេះ ហើយយើងទៅធ្វើការវាយតម្លៃ អាហ្នឹងសម្រាប់ខ្ញុំយើងនៅមិនទាន់ធ្វើការវាយតម្លៃបានទេ គ្រាន់តែថាតើវាឆ្លងកាត់តាមនីតិវិធីច្បាប់ហ្នឹងពេញលេញហើយឬនៅ? សមស្របតាមនីតិវិធីច្បាប់ទេ យើងគ្រាន់តែអាចវាយតម្លៃប៉ុណ្ណឹងទេ»។
កាលពីដើមឆ្នាំ ២០២៣ ពោលគឺនៅមុនការបោះឆ្នោតខែកក្កដា ឆ្នាំ ២០២៣ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានស្នើឱ្យមានការជ្រើសរើសសមាជិក គ.ជ.ប ថ្មី ដោយជ្រើសរើសអ្នកឯករាជ្យ ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងគោលដៅធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ដែលអាចទទួលយកបានពីគ្រប់គណបក្សនយោបាយ និងពីម្ចាស់ឆ្នោត។
បើតាមច្បាប់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រូវរៀបចំបញ្ជីសមាសភាព គ.ជ.ប ដាក់ជូនរដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្ត តាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ដែលបច្ចុប្បន្នគ្រប់គ្រងស្ទើរតែទាំងអស់ដោយគណបក្សប្រជាជនកម្ពុជា។
សមាសភាពក្បាលម៉ាស៊ីនដឹកនាំស្ថាប័ន គ.ជ.ប ទាំង ៩ រូប មានអាណត្តិបំពេញការងាររយៈពេល ៥ ឆ្នាំ ប៉ុន្តែក្នុងករណីដែលខកខានមិនបានរៀបចំសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺសមាសភាពមានស្រាប់ ត្រូវអនុវត្តការងាររបស់ខ្លួនបន្តទៀត និងមានសមត្ថកិច្ច ដើម្បីចាត់ចែងរៀបចំការបោះឆ្នោតស្របតាមច្បាប់ជាធរមាន។ នេះបើយោងតាមច្បាប់ស្តីពី«ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»ឆ្នាំ ២០១៥។
នៅក្នុងអាណត្តិទី ៦ ដែលរដ្ឋសភាដឹកនាំដោយឯកបក្ស មិនមានការរៀបចំសមាជិក គ.ជ.ប ទាំង ៩ រូបថ្មីនោះទេ ដោយគ្រាន់តែផ្លាស់ប្តូរសមាសភាពដែលត្រូវចូលនិវត្តន៍៕