៣០ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស យុវជន​មួយ​ចំនួន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ត​អនុវត្ត​តាម​ស្មារតី​កិច្ចព្រមព្រៀង​នេះ

រូប​ឯកសារ៖ រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

យុវជន​មួយ​ចំនួន​ បាន​លើក​ឡើង​អំពី​សារៈ​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស ដែល​បានចុះ​ហត្ថលេខា​កាល​ពី​៣០​ឆ្នាំ​មុន ដោយ​ពួកគេ​ជំរុញ​ឲ្យ​អ្នកនយោបាយដឹកនាំ​ប្រទេស​ ដើរ​តាម​គន្លង​ប្រជាធិប​តេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​អន្តរ​ជាតិ​មួយ​នេះ។

កិច្ច​ព្រម​ព្រៀង​ដែល​មាន​ប្រទេស​ហត្ថ​លេខី​ចំនួន​១៨​ប្រទេស ត្រូវ​បាន​ចុះហត្ថ​លេខា​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ដើម្បី​បញ្ចប់​សង្រ្គាម​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ភ្ជាប់​កម្ពុជា​ឲ្យ​ដឹក​នាំ​ប្រទេស​តាម​គន្លង​ប្រជា​ធិប​តេយ្យ និង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។

យុវជន​មួយ​ចំនួន​បាន​បញ្ចេញ​យោបល់​របស់​ពួក​គេ ដោយជំរុញឲ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់​ការ​អនុវត្ត​តាម​សន្ធិ​សញ្ញា​នេះ ដើម្បី​ពង្រឹង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ក្នុង​ប្រទេស។ ពួកគេ​យល់​ថា ​សន្ធិ​សញ្ញា​នេះ នៅ​តែ​ដើរ​តួនាទី​សំខាន់ ហើយ​យុវជន​ចាំបាច់​ត្រូវសិក្សា​ស្វែង​យល់​ពី​អត្ថ​ន័យ​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស ប្រកប​ដោយ​សុខ​សន្តិភាព។

កញ្ញា តុប ម៉ីជូ និស្សិត​ផ្នែក​ព័ត៌មាន​វិទ្យា​ម្នាក់ អាយុ​២៣​ឆ្នាំ ប្រាប់​វីអូអេ​ថា ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ពិត​ជា​សំខាន់​ណាស់សម្រាប់​ប្រទេស​កម្ពុជា ដែល​អាច​ឲ្យ​ប្រទេស​កម្ពុជា​បញ្ច​ប់​សង្រ្គាម​រ៉ាំរ៉ៃ។ ប៉ុន្តែ​កញ្ញា​មើល​ឃើញ​ថា​ រដ្ឋា​ភិបាល​មិន​ទាន់​បាន​អនុវត្ត​ពេញ​លេញ​ទៅ​តាម​មាត្រា​ខ្លះ ដែល​បា​ន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​ នៅ​ឡើយ​ទេ។

កញ្ញា​ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ជា​ដើម។

កញ្ញា​និយាយ​ថា៖ «អ៊ីចឹង​ក្រោយ​ពេលដែល​យើង​ចុះ​សន្ធិ​សញ្ញា​ យើង​ឃើញ​ការ​ប្រែ​ប្រួល​ជាមួយ​រឿង​ជា​ច្រើន ដែល​បាន​កើត​ឡើង​ហ្នឹង ដូច​ជា​ប្រសិន​បើ​ប្រទេស​កម្ពុជា​យើង​ត្រូវ​បាន​គេ​គំរាម​កំហែង ឬ​រំលោភ​បំពាន​អធិ​ប​តេយ្យ​ផ្សេងៗ [គឺ]​សមាជិក​សន្ធិសញ្ញាទី​ក្រុង​ប៉ារីស​ហ្នឹង គាត់​នឹង​ធ្វើ​ការ​កោះ​ប្រជុំ ឬ​ចាត់​វិធាន​ការ ដើម្បី​ជួយ​កម្ពុជា​យើង»។

កញ្ញា​បន្ថែម​ថា៖ «ប្រទេស​យើង​បញ្ហា​អត់​បាន​ដោះ​ស្រាយ[ឲ្យ​បាន​]ប្រសើរ​ឡើង ហើយ​ការ​អនុវត្ត​ហ្នឹង វា​អត់​ទាន់​មា​ន​ប្រសិទ្ធ​ភាព​ហ្នឹង ខាង​សិទ្ធិ​មនុស្ស ហើយ​នឹង​ភាព​យុត្តិ​ធម៌ យើង​អត់​ទាន់​មាន​អ៊ីចឹង​។ ហើយ​ថ្មីៗ យើង​ឃើញ​ថា​ ផ្ទុះ​ខ្លាំង​បំផុត គឺ​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ហ្នឹង​តែ​ម្តង​ ជា​ពិសេស​តាម​ប្រព័ន្ធ​អនឡាញ​អីហ្នឹង​។ អ៊ីចឹង​សិទ្ធិ​មនុស្ស ក៏​យើង​អត់​ទាន់​បាន​អនុវត្ត​ [គឺ​]​និយាយ​ទៅ​បញ្ហាខ្លាំង​ ហើយ​ក៏​ភាព​អយុ​ត្តិធម៌​ហ្នឹង វា​នៅ​តែ​មាន​ដដែល​អ៊ីចឹង»។

យុវតី​ម្នាក់​ទៀត គឺ​អ្នកនាង នឿន ដាវីន អាយុ​២៥​ឆ្នាំ ជា​អ្នក​លក់​ចាប់​ហួយ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ លើក​ឡើង​ថា ​រដ្ឋា​ភិបាល​បាន​ព្យាយាម​ក្នុង​ការ​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀងទីក្រុង​ប៉ារីស​នេះ ប៉ុន្តែ​មិន​ទាន់​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នៅ​ឡើយ​ទេ។ អ្នកនាង​យល់​ថា​ កិច្ច​ព្រម​ព្រៀង​នេះ ​ពិត​ជា​មាន​សារៈ​សំខាន់ ហើយ​យុវជន​គួរ​តែ​ស្វែង​យល់​អំពី​កិច្ច​ព្រម​ព្រៀង​មួយ​នេះ ដើម្បី​យល់​ពី​ទិស​ដៅ​នៃ​ការ​អភិវឌ្ឍ និង​ជួយ​ជំរុញ​សង្គម​ជាតិឲ្យ​រីក​ចម្រើន។

អ្នកនាង​ថ្លែង​ថា៖ «យុវ​ជន​យើង​ដូច​ជា​កោ​សិកា​សង្គម។ យើង​ជា​អ្នក​ជួយជំរុញ​សង្គម​ជាតិ​របស់​យើង​មាន​ការ​រីក​ចម្រើន។ អ៊ីចឹងប្រសិន​បើ​យើង​ជា​កោសិកា​នៃ​សង្គម​ម្នាក់​ៗ​ បាន​យល់​ដឹង​អំពី​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស យើង​រួម​គ្នា ដើម្បី​ការ​អនុវត្ត​នូវ​ច្បាប់ និង​ការ​អនុវត្ត​នូវ​ច្បាប់ និង​កិច្ច​ព្រម​ព្រៀង​ហ្នឹង​បាន​ល្អ​ប្រសើរ ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ហ្នឹង អ៊ីចឹងធ្វើ​ឲ្យ​ប្រទេស​យើង​ហ្នឹង​មាន​ការ​រីក​ចម្រើន​ខ្លាំង​មែន​ទែន»។

ចំណែក​យុវតី​មួយ​រូប​ទៀត​ដែល​ជា​និស្សិត​ឆ្នាំ​ទី​៣​ផ្នែក​នីតិ​សាស្រ្ត​នៅ​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ត និង​វិទ្យា​សាស្រ្ត​សេដ្ឋកិច្ច​ កញ្ញា​ ប៉ែត ម៉ូនីកា​ អាយុ​២០ឆ្នាំ ​យល់​ថា​ ទិវា​រំឭក​ខួប​៣០​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​២៣ តុលា​នេះ មាន​អត្ថន័យ​ជា​រួម​សំខាន់​សម្រាប់​ប្រទេស ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​រីក​ចម្រើន​ ឈាន​ដល់​ការ​នាំ​មក​នូវ​សិទ្ធិ​សេរី​ភាព​ជូន​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​ឡើង​វិញ ក្រោយ​បញ្ចប់​ជម្លោះ​រវាង​ភាគី​ខ្មែរ។

កញ្ញា​បន្ថែម​ថា៖ «និយាយរួម​ទៅ​យុវជន​កម្ពុជាត្រូវ​តែ​សិក្សា​ស្វែង​យល់​ពី​អត្ថន័យ​នៃ​ថ្ងៃ​ទី​២៣ តុលា តែ​ម្តង ​ដោយ​សារ​តែ​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ហ្នឹង​ហើយ​ទើប​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​យើង​រស់​រាន​មាន​ជីវិត​ឡើង​វិញ។ ធ្វើ​ឲ្យ​ប្រទេស​មួយ​ដែល​ជួប​នឹង​សង្គ្រាម​អាច​ងើប​ឡើង​វិញ​បាន [​និង]​ស្តារ​ឡើង​វិញ​បាន​ ធ្វើ​ឲ្យប្រជាជន​ ប្រជាពលរដ្ឋ​មានការ​លើកឡើង​ ជាចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​យើង​រីក​ចម្រើន​បាន​ដូច​សព្វ​ថ្ងៃ​ហ្នឹង​» ។

ស្រដៀង​គ្នានេះដែរ ​យុវជន​ ម៉េង គ្រុយ​ពន្លក ​អាយុ​២២​ឆ្នាំ ដែល​ជា​និស្សិត​ទើប​បញ្ចប់​ឆ្នាំ​ទី​៤ ផ្នែក​នីតិ​សាស្ត្រ នៅ​សា​កល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង ប្រាប់​វីអូអេ​ថា ​សន្ធិសញ្ញា​ទី​ក្រុង​ប៉ារីស​ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​បញ្ចប់​សង្រ្គាម​ស៊ីវិល​ក្នុង​ប្រទេស​ និង​ងាក​មក​រក​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិប​តេយ្យ ​តាម​រយៈ​ការ​បោះ​ឆ្នោត​ ដោយ​សេរី និង​យុត្តិ​ធម៌។

លោក​បន្ត​ថា ​កម្ពុជា​គួរ​តែ​ព្យាយាម​បំពេញ​ចំណុច​ដែល​នៅ​ខ្វះចន្លោះ ខណៈ​លោក​យល់​ថា ​កម្ពុជា​មិន​ទាន់​មាន​ការ​រួប​រួម​គ្នា​ជា​រួម ដោយ​ឈរ​លើ​ការ​សម្រេច​បាន​នូវ​សេរីភាព​បញ្ចេញ​មតិ សេរី​ភាព​ជា​មូល​ដ្ឋាន​របស់​ពលរដ្ឋ ខណៈ​ប្រព័ន្ធ​នីតិរដ្ឋ​ក្នុង​ប្រទេស​ក៏​នៅ​មាន​កម្រិត ដែល​មិន​ទាន់​ស្រប​តាម​សន្ធិសញ្ញា​សន្តិភាព​នេះ​ទេ។

យុវជន​ដដែល​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល គណ​បក្ស​ជំទាស់​ ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ី​វិល​ធ្វើ​ការ​រួ​ម​គ្នា​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​នានា ឲ្យ​ស្រប​តាម​ស្មារតី​នៃ​សន្ធិសញ្ញា​នេះ ដើម្បី​ផល​ប្រយោជន៍​ជា​រួម​សម្រាប់​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា ​ទាំង​បី​ហ្នឹង ដូច​ជា​គណបក្ស​នយោបាយ​ផ្សេង​ៗ​ រដ្ឋា​ភិបាល​ សង្គម​ស៊ីវិល​ហ្នឹង គួរ​តែ​ព្យាយាម​រក​ចំណុច​រួម​មួយ​ ដើម្បី​ឲ្យ​កម្ពុជា​យើង​ដើរ​តាម​គន្លង​ប្រជា​ធិប​តេយ្យ​ឡើង​វិញ​»។

លោក​បន្ថែម​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​ មក​ទល់​ពេល​នេះ​ យើង​នៅ​តែ​អនុវត្ត​ទៅ​រក​ភាព​ឯក​ភាព​ជាតិ​ជារួម​ បាន​ន័យ​ថា​ យើង​យក​ផល​ប្រយោជន៍​ជាតិ​ជា​រួម ប្រជា​ជន​ជា​រួម​អ៊ីចឹង​ទៅ​» ។

យុវជន​ម្នាក់​ទៀត លោក យូ ប៊ុនហេង អាយុ​៣១​ឆ្នាំ​ ជា​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ខាង​ផ្នែក​រដ្ឋ​បាល​សាធារណៈ​ នៅ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហមុនី​រាជា ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​បន្ថែម​អំពី​អត្ថន័យ​នៃកិច្ច​ព្រម​ព្រៀង​មួយ​នេះ​ទៅសាធារណជន។

លោក​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ​រដ្ឋា​ភិបាល​គួរ​តែ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ និង​ជា​សាធារណៈ​ ដើម្បី​ឲ្យ​ប្រជាពល​រដ្ឋ សាធារ​ណ​ជន​ទូទៅ ឲ្យ​យល់អំពី​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ ២៣ តុលា​ ហ្នឹង​ ព្រោះ​យើង​ឃើញ​ថា​ ឥឡូវ​ហ្នឹង ដូច​អត់​សូវ​មាន​ [ការ​ផ្សព្វ​ផ្សាយ]​ តិច​តួច​មែន​ទែន»។

លោក ស្រ៊ន ស្រ៊ុន សកម្មជន​ម្នាក់​ដែល​ចូលរួម​ផ្សព្វ​ផ្សាយ​អំពី​កិច្ច​ព្រៀម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស​នេះ ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក បាន​ប្រាប់​វីអូ​អេ​ថា​ ការ​ចូល​រួម​ចំណែក​ពី​បណ្តា​យុវជន ពិត​ជា​ដើរ​តួនាទី​សំខាន់​មិន​អាច​ខ្វះ​បាន ​ជា​ពិសេស​ក្នុង​ការ​បណ្តុះ​បណ្តាល​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ក្លាយ​ជា​អ្នក​ដឹក​នាំ​ជំនាន់​ថ្មី​ ប្រកប​ដោយ​សក្តា​នុពល​ ដែល​ជា​អ្នក​បន្ត​វេន​ពី​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន។

លោក​បន្ត​ថា ​កាល​ណា​យុវជន​ជំនាន់​ថ្មី​ អាច​សិក្សា​ស្វែង​យល់​ពី​សន្ធិសញ្ញា​សន្តិភាព​នេះ​បាន នោះ​កម្ពុជា ​នឹង​អាច​ពង្រឹង​ទំនាក់​ទំនង​ការ​បរទេស​រវាងកម្ពុជា​ និង​ប្រទេស​ផ្សេង​ៗ​ទៀត ​ឲ្យ​មានភាព​ប្រសើរ​ឡើង។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​ថា ​អ្វី​ដែល​យុវជន​ចាំ​បាច់​ធ្វើ​ដំបូង​គេ​ គឺ​រៀន​ និង​សិក្សា​ស្វែង​យល់​ពី​ឯក​សារ​[សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស]​ ​ហ្នឹង​សិនទី១​។ ហើយ​ទី​២ គាត់​ចេះ​ចូល​រួម​នូវ​ការ​ងារ​សង្គម​ បាន​ន័យ​ថា​ ជួយ​ទៅ​លើ​ការងារ​ជួយ​មនុស្ស​ដែល​ខ្សោយ​ជាង​គាត់​ មនុស្ស​ដែល​ពិបាក​ជាង​គាត់​ ការ​ដែល​យុវជន​ចាប់​ផ្តើម​បង្កើន​សេចក្តី​ក្លាហាន​នានា​ក្នុង​ការ​ចូល​រួមជួយ​សង្គម​នេះ គឺ​សំខាន់​ណាស់។ ហើយ​ចំណុច​ទី​៣ គឺ​គាត់[​យុវជន]​ចាប់​ផ្តើម​រៀន​ចេះ​ជួយ​សង្គម​ហើយ។ គាត់​នឹង​បាន​រៀន​ពី​កាតព្វ​កិច្ច​ខ្លួន​ឯង​ក្នុង​ការ​ជំរុញ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ដោយ​អនុ​វត្ត​តាម​រយៈ​ការ​ដាក់​ញត្តិ ឬ​ក៏​ការ​ផ្ញើ​សារ​ភាគី​ហត្ថ​លេខី ដែល​ជា​ប្រទេស​ចុះ​ហត្ថលេខា»។

កាល​ពី​កន្លង​ទៅ អ្នកនាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា ​លោក​ សុខ ឥសាន បាន​ប្រាប់​វីអូអេ​ថា ​រដ្ឋាភិបាល​បាន​អនុវត្ត​កិច្ច​ព្រម​ព្រៀង​មួយ​នេះ​ទទួល​បាន​ផ្លែផ្កា​ច្រើន ហើយ​នឹង​បន្ត​អនុវត្ត​ប្រទេស ដើរ​តាម​កិច្ច​ព្រម​ព្រៀង​មួយ​នេះ។

លោក​ថ្លែង​ថា៖ «យើង​អត់​ខ្វល់​អំពី​ការ​រិះគន់​ទេ ក៏​ប៉ុន្តែ​យើង​ដើរ​ឲ្យ​ត្រឹម​ត្រូវទៅ​តាម​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ស្រប​ទៅ​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ដែល​បាន​បញ្ចូល​ទៅ​ក្នុង​ខ្លឹម​សារ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា»។

គួរ​បញ្ជាក់​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​វាយ​តម្លៃ​ថា ​កម្ពុជា​មិន​ទាន់​អនុវត្ត​បាន​ល្អ​តាម​កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ​នៅ​ឡើយ​ទេ ដោយ​ពួក​គេ​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​នៃ​កិច្ច​ព្រម​ព្រៀង ជំរុញ​កម្ពុជា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ដោះ​ស្រាយ​ជម្លោះ​នយោបាយ​ក្នុង​ប្រទេស ដើម្បី​ទទួល​បាន​សុខ​សន្តិភាព​ពេញ​លេញ៕