ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​ឥណ្ឌា​ទាក់ទាញ​ការ​វិនិយោគ​ពី​ជប៉ុន​ក្នុង​តម្លៃ​២០​ពាន់​លាន​ដុល្លារ

  • Anjana ​Pasricha

រូបថតឯកសារ៖ កម្មករ​ឥណ្ឌា​ធ្វើការ​នៅ​ក្បែរ​បន្ទះ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​ឯ​ឧទ្យាន​ផលិត​ថាមពលពី​ពន្លឺព្រះអាទិត្យ​ក្នុង​ស្រុក Patan ស្ថិតនៅ​ចម្ងាយ​ប្រហែល​២៥០គីឡូម៉ែត្រពីទីក្រុង​ Ahmadabad នៃប្រទេស​ឥណ្ឌា។

គម្រោងរបស់​ប្រទេស​ឥណ្ឌា​ក្នុង​ការ​ពង្រីក​ការ​ផលិត​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដ៏​ទូលំទូលាយ​ ទទួល​បាន​ការ​ជំរុញយ៉ាង​ខ្លាំង​ដោយ​ទាក់​ទាញ​បានការ​វិនិយោគដែល​បាន​គ្រោង​ទុក​មួយ​ពី​ក្រុមហ៊ុន SoftBank​ របស់​ជប៉ុន​ក្នុង​ទឹកប្រាក់​២០​ពាន់​លាន​ដុល្លារ។

ក្នុង​ប្រទេស​ឥណ្ឌា​ រយៈ​ពេល​នៃ​ព្រះ​អាទិត្យ​បញ្ចេញ​ពន្លឺ​ស្មើ​នឹង​ពីរ​ដង​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ជប៉ុន​ ហើយ​តម្លៃ​សម្រាប់​សាង​សង់​ឧទ្យាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ក្នុង​ប្រទេស​នេះ​ ​មាន​តម្លៃ​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ​ បើ​ធៀប​ទៅ​នឹង​ប្រទេស​ជប៉ុន។ ទាំង​នេះ​ នាំឲ្យ​លោក​ Masayoshi Son​ ប្រធាន​ក្រុមហ៊ុន​ SoftBank​ និយាយ​ថា​ ឥណ្ឌា​ប្រហែល​អាច​ក្លាយ​ជា​ប្រទេស​ធំ​ជាង​គេ​បំផុត​ខាង​ថាមពល​ពន្លឺ​ព្រះអាទិត្យ។

ការ​ជឿជាក់​នេះ​បាន​ជំរុញ​ឲ្យ​សេដ្ឋី​ជប៉ុន​ម្នាក់​មាន​មហិច្ឆតា​ហ៊ាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​របស់​ឥណ្ឌា​ តាមរយៈ​ការ​បណ្តាក់​ទុន​រួម​គ្នា​ជាមួយ​សហគ្រាស​ Bharti របស់​ឥណ្ឌា និង​ក្រុមហ៊ុន​ Foxconn​ របស់​តៃវ៉ាន់។ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​នេះ​ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ដើម​សប្តាហ៍​មុន។

«យើង​នឹង​ផលិត​បាន​ថាមពល​អគ្គិសនី​បាន​២០ជីហ្គាវ៉ាត់ ដែលជា​ការ​ប្តេជ្ញា​ទាប​បំផុត​ក្នុង​ការ​វិនិយោគ​ទុន​លើ​វិស័យ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ បើ​គិត​ជា​កម្រិតសេដ្ឋកិច្ច​វិញ​ ការវិនិយោគ​នេះ​មាន​ទឹកប្រាក់​ប្រហែល​២០​ពាន់​លាន​ដុល្លារ»។

ដោយសារ​តែ​មាន​ចំនួន​ប្រជាជន​ប្រហែល​១ភាគ៤​នៃ​ប្រជាជន​សរុប​នៅ​តែ​បន្ត​រស់​នៅ​ដោយ​គ្មាន​ការ​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​នៅ​គេហដ្ឋាន​ ហើយ​សូម្បី​តែ​ទីក្រុង​ធំៗ​តែងតែ​ស៊ូទ្រាំ​នឹង​ការ​ដាច់​ចរន្ត​អគ្គិសនី​ជា​ទៀង​ទាត់ ប្រទេស​ឥណ្ឌា​ត្រូវ​ការ​ពង្រីក​ការ​ផលិត​ថាមពល​អគ្គីសនី​ជា​បន្ទាន់។ អ្វី​ដែល​គេ​ជំរុញ​ឲ្យ​កើត​មាន​ដូច​គ្នា​នេះ​ដែរ គឺ​តម្រូវ​ការ​ក្នុង​ការ​ប្តូរ​ទៅ​ប្រើ​ថាមពល​ដែល​មិន​បង្ក​ភាព​កខ្វក់​ ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ជាតិ​ពុល​ក្នុង​កម្រិត​ខ្ពស់​ចេញ​ពី​រោង​ចក្រ​ថាមពល​អគ្គិសនី​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រើប្រាស់​ធ្យូង។

ដោយ​សង្ឃឹម​ថា​ ថាមពល​ពន្លឺ​ព្រះអាទិត្យ​អាច​ជួយ​សម្រេច​បាន​គោលដៅ​ទាំង​ពីរ​នៅ​ក្នុង​ប្រទេស​ដែលសម្បូរ​ទៅ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​មួយ​នេះ​ រដ្ឋាភិបាល​បាន​កំណត់​យក​គោលដៅ​ផលិត​ថាមពល​ពន្លឺ​ព្រះអាទិ្យ​ឲ្យ​បាន​១០០​ជីហ្កាវ៉ាត់​ នៅ​ត្រឹម​ឆ្នាំ​២០២២។ នោះ​គឺ​ជា​ជំហាន​ដ៏​ធំ​មួយ​ផ្តើម​ចេញ​ពី​កម្លាំង​ថាមពល​ដែល​មាន​តែ៣​ជីហ្កាវ៉ាត់​ប៉ុណ្ណោះ​នាពេល​បច្ចុប្បន្ន​នេះ។ ថាមពល​៣​ជីហ្កាវ៉ាត់​នេះ ​គឺតិច​ជាង១​ភាគរយ​នៃ​ថាមពល​សរុប​រួម​បញ្ចូល​គ្នា។

លោក​ Tobias Engelmeier ដែល​ដឹកនាំ​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ផ្នែក​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ឈ្មោះ​ Bridge to India​ និយាយ​ថា​ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ SoftBank ក្នុង​វិស័យ​នេះមាន​សារៈ​សំខាន់ ​ហើយ​អាច​ប្តូរ​ទិសដៅ​នៃ​ប្រទេស​នេះ»។ លោក​និយាយ​បន្ថែម​ថា​ ការ​វិនិយោគ​នេះ​ បង្ហាញ​ថា​ ទីផ្សារ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​ពេល​នេះ​កំពុង​តែ​ឆ្លើយ​តប​ទៅ​នឹង​គោលដៅ​របស់​រដ្ឋាភិបាល។

«មិន​ធ្លាប់​មាន​ការ​វិនិយោគ​ ឬ​អ្នក​វិនិយោគ​កម្រិត​អន្តរជាតិ​គ្រប់គ្រាន់​ទេ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​នេះ​ជា​សញ្ញា​ដ៏​ធំ​បំផុត​មួយ។ រឿង​ទី​ពីរ​គឺ អំពី​ទំហំ​ដ៏​ធំ​នៃ​ការ​វិនិយោគ​នេះ។ បើ​សិន​ជា​អ្នក​និយាយ​អំពី​ការ​វិនិយោគទុន​មួយ​នៅ​ក្នុង​ទំហំ​ដ៏​ធំ​ដូច្នេះ​ នោះ​វា​នឹង​រាប់​បញ្ចូល​ទាំង​ចំនួន​សំខាន់ៗ​ ដូចជា​គោលដៅ​ដ៏​មាន​មហិច្ឆតា​របស់​រដ្ឋាភិបាល​ដែល​ចង់​បាន​២០ភាគរយ​ ៣០ភាគរយ ឬ​៤០ភាគរយ»។

ក្រុមហ៊ុន SoftBank​ មិនមែន​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​វិនិយោគ​លើ​ការ​ផលិត​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ទេ។ ក្រុម​ហ៊ុន​ Adani Group របស់​ឥណ្ឌា​បាន​ឲ្យ​ដឹង​កាល​ពី​ខែ​មុន​ថា​ ខ្លួន​នឹង​ធ្វើ​វិនិយោគ​ដែលមាន​ទឹក​ប្រាក់​ជិត​១០ពាន់​លាន​ដុល្លារ​ក្នុង​ការ​សាងសង់​រោងចក្រ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​មួយ​នៅ​ក្នុង​រដ្ឋ ​Rajasthan។

តម្លៃ​ថាមពល​ពន្លឺ​ព្រះអាទិ្យ​ដែល​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បាន​បន្ថែម​មហិច្ឆតា​របស់​ឥណ្ឌា​ក្នុង​ការ​ផលិត​ថាពល​ដែល​អាច​ប្រើប្រាស់​ឡើង​វិញ​បាន​ពី​ពន្លឺ​ព្រះ​អាទិត្យ។

លោក​ Amit Kumar​ បម្រើការ​នៅ​វិទ្យាស្ថាន​ថាមពល​ និង​ធនធាន ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញ៉ូវ​ដេលី​ និយាយ​ថា​ តម្លៃ​នៃ​ការ​ផលិត​ថាមពល​ពន្លឺព្រះអាទិត្យ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​តម្លៃ​ខ្ពស់​ជាង​មុន​បន្តិច​បន្តួច​បើ​ប្រៀបធៀប​ទៅ​នឹង​ថាមពល​ដែល​ផលិត​ដោយ​ឥន្ធនៈ​ផូស៊ីល។

«សម្រាប់​ម៉ាស៊ីន​ផលិត​ថាមពល​ថ្មី​មួយ​ដែល​ដំណើរ​ការ​ដោយ​ពឹង​ផ្អែក​លើ​ធ្យូង​នាំ​ចូល​នោះ​ តម្លៃ​នៃ​ការ​ផលិតប្រហែល​ជា​មាន​តម្លៃ​៥រូពី​ (រូបិយវត្ថុ​របស់​ឥណ្ឌា) ឬ​ប្រហែល​៨សេន​បើ​គិត​ជា​ដុល្លារ​ ក្នុង​មួយ​ឯកតា ហើយ​តម្លៃ​នៃ​ការ​ផលិត​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ដែល​យើង​កំពុង​និយាយ​គ្នា​ថ្ងៃនេះ​ មាន​តម្លៃ​ប្រហែល​៦,៥​រូពី​ ឬ​៦,៦៧​រូពី​ក្នុង​មួយ​ឯកតា។ ដូច្នេះ​ សូម្បី​តែ​ឥន្ធនៈ​ផូស៊ីល​សាមញ្ញ ឬ​មួយ​ថាមពល​អគ្គិសនី​តាម​ខ្សែ​ភ្លើង​ តម្លៃ​ទាំង​នេះ​គឺ​ប្រហាក់​ប្រហែល​គ្នា»។

ក៏ប៉ុន្តែបញ្ហា​ប្រឈម ​នៅ​តែ​កើត​មាន។ លោក​ Son និយាយ​ថា​ ល្បឿន​នៃ​ការ​អនុវត្ត​គម្រោងបណ្តាក់​ទុន​រួម​របស់​លោក​ ដែល​លោក​កំពុង​សម្លឹង​រក​មើល​នោះ​នឹង​អាស្រ័យ​លើ​ការ​គាំទ្រ​ដែលអាច​ទទួល​បាន​ពី​រដ្ឋាភិបាល។

លោក​ Engelmeier​ នៃ​ក្រុមហ៊ុន​ Bridge of India​ និយាយ​ថា​ ក្តី​បារម្ភ​ភាគ​ច្រើន​ស្ថិត​នៅ​ជុំវិញ​ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​ដី​សម្រាប់​អនុវត្ត​គម្រោង ​ពីព្រោះ​ថា​ ឧទ្យាន​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​ទាមទារ​ឲ្យ​មាន​ទំហំ​ដី​ធំ​ណាស់។ លោក​និយាយ​ថា​ ក៏​នៅ​មាន​ការព្រួយ​បារម្ភ​ផង​ដែរ​អំពី​ក្រុមហ៊ុន​ចែក​ចាយ​ថាមពល​អគ្គិសនី​ដែល​មិន​មាន​ប្រសិទ្ធភាព។

«ចរន្ត​អគ្គិសនី​តាម​ខ្សែភ្លើង​ក្នុង​ប្រទេស​ឥណ្ឌា​មិន​មាន​លំនឹង​ទេ។ វា​មាន​ការ​បាត់​បង់​យ៉ាង​ធំធេង។ ឥឡូវ​នេះ យើង​មាន​ដី​ដែល​រដ្ឋាភិបាល​ចង់​បង្កើតឧទ្យាន​ពន្លឺ​ព្រះអាទិត្យ​ឲ្យ​បាន​២០។ រដ្ឋាភិបាល​ខ្លួនឯង​ក៏​កំពុង​តែ​តស៊ូ​ដើម្បី​ប្រមូល​ដី​សម្រាប់​ឧទ្យាន​ពន្លឺ​ព្រះ​អាទិត្យ​ទាំង​នេះ​ដែរ។ វា​ទាក់​ទងទៅ​នឹង​រចនា​សម្ព័ន្ធ​កម្មសិទ្ធិ​ដី​ធ្លី​ដ៏​ស្មុគស្មាញ​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា»។

ទោះ​បីជា​មាន​ឧបសគ្គ​បែប​នេះ​ក្តី​ ក្រុម​អ្នក​ឯកទេស​ផ្នែក​ថាមពល​និយាយ​ថា​ ការមន្ទិល​សង្ស័យថា​តើ​រដ្ឋាភិបាល​អាច​ពង្រីក​ចំនួន​ថាមពល​ពន្លឺព្រះ​អាទិត្យ​ឲ្យ​បាន​ច្រើន​មហិមា​នោះ ត្រូវ​បាន​ជំនួស​ដោយ​គំនិត​សុទិដ្ឋិនិយម​ដែល​ថា​ ប្រទេស​ឥណ្ឌា​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​ដើម្បី​ក្លាយ​ជា​ទីផ្សារ​ផ្នែក​ថាមពល​ពន្លឺព្រះ​អាទិត្យ​ធំជាង​គេ​នៅ​លើ​ពិភពលោក​នា​ពេល​ឆាប់ៗ​នេះ៕

ប្រែសម្រួល​ដោយ​ នៀម ឆេង