ផ្សែង​ត្រូវ​បាន​រកឃើញ​ក្នុង​ជើង​ហោះហើរ EgyptAir មុនពេល​យន្តហោះ​ធ្លាក់

យន្តហោះ​របស់ EgyptAir កំពុងហោះហើរពីប៉ារីសទៅកាន់ទីក្រងគែរកាលពីឆ្នាំ២០១៥។

ឧបករណ៍​តាមដាន​ផ្សែងបាន​រោទិ៍ឡើង​ក្នុង​បន្ទប់​មួយ​លើយន្តហោះ​ ក្នុង​រយៈ​ពេល​តែ ប៉ុន្មាន​នាទី​មុន​ពេល​ដែល​យន្តហោះ​របស់ Egypt Air ជើង​ហោះហើរ​លេខ​៨០៤បានធ្លាក់​ចូល​ទៅក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​កាលពីថ្ងៃ​ព្រហស្បតិ៍​។ នេះ​បើតាម​ទិន្នន័យ​ហោះហើរ​បាន​បង្ហាញ។​

គេហទំព័រ​តាម​ដាន​ឧស្សាហកម្ម​យន្តហោះ Aviation Herald បាន​ផ្សព្វផ្សាយ​ទិន្នន័យ​ដែល​បង្ហាញ​ថាមាន​សញ្ញា​ប្រកាស​ឱ្យ​ដឹង​ពី​ផ្សែង​បាន​បន្លឺ​ឡើង​ចេញ​ពី​ក្នុង​បន្ទប់​ទឹក​មិនយូរប៉ុន្មាន​មុន​ពេល​ដែល​យន្តហោះ​បាន​ធ្លាក់។​

គេហទំព័រ Aviation Herald បាន​រាយការណ៍​ថា​ខ្លួន​ទទួលបាន​ព័ត៌មាន​នេះ​តាម​ប្រព័ន្ធ​រាយការណ៍​និង​ដោះស្រាយ​ទំនាក់​ទំនង​យន្តហោះ​ (ACARS) ដែល​ជាប្រព័ន្ធ​ប្រើប្រាស់​ដោយ​ប្រតិបត្តិការ​យន្តហោះ​ដើម្បី​ទាញយក​ទិន្នន័យ​ការហោះហើរ​។ ប្រព័ន្ធ​នោះ​បង្ហាញ​ថា​ផ្សេង​បាន​ហុយ​ចេញ​ពីបន្ទប់​ទឹក​នៅ​ម៉ោង​ប្រហែល​២:២៦នាទី​ម៉ោង​ក្នុង​ស្រុក។​

ប្រហែល​មួយនាទីក្រោយមក​ មាន​ឧបករណ៍​បង្ហាញ​សញ្ញា​អាសន្ន​មួយ​ទៀត​បាន​រោទិ៍​ឡើង​ដោយ​ឱ្យ​សញ្ញា​ពី​ផ្សែង។ រយៈ​ពេល​ពីរនាទីក្រោយ​មក​ប្រព័ន្ធ​ACARS បាន​រោទិ៍​បង្ហាញ​ថា​មាន​ផ្សែង​នៅជិត​កន្លែង​គ្រឿង​អេឡិចត្រូនិក​និង​ឧបករណ៍​របស់​យន្តហោះ។​

ទីភ្នាក់ងារ​សុវត្ថិភាព​យន្តហោះ​របស់​ប្រទេស​បារាំង​ក៏​បាន​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នៃ​សារ​នោះ​ដែរ ប៉ុន្តែ​អ្នក​នាំពាក្យ​និយាយ​ថា​«វាជាការ​ឆាប់​ពេក​ក្នុងការ​បកស្រាយ​និង​យល់​ដឹង​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់នោះ​ដរាបណា​គេ​នៅ មិន​ទាន់​រកឃើញ​បំណែក​ឬ​ឧបករណ៍​កត់ត្រា​ទិន្នន័យ​ហោះហើរ​ទេ‍»។​

អាជ្ញាធរ​អេហ្ស៊ីប​ក៏​កំពុង​ស៊ើប​អង្កេត​ពី​សញ្ញា​នៃ​ការ​បញ្ចេញ​ផ្សែង​នោះដែរ។​

ក្រុម​អ្នក​រុករក​បាន​ឃើញ​សាកសព​មនុស្ស​ចំនួន​បួននាក់​ដោយ​មាន​ទាំង​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​របស់​អ្នក​ដំណើរ​ពីយន្តហោះ​នោះ​ផងដែរប៉ុន្តែ​នៅ​បន្ត​ស្វែងរក​បំណែក​នៃ​យន្តហោះនោះ៕