បុរសអេហ្ស៊ីបម្នាក់ដែលបានប្លន់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងហើយដែលបានបង្ខំឱ្យយន្តហោះនេះឱ្យចុះចតក្នុងប្រទេសស៊ីប (Cyprus) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ នៅក្រោយមានភាពមិនឈ្នះមិនចាញ់យ៉ាងតឹងតែង៦ម៉ោងមក។
អ្នកដំណើរទាំង៥៥នាក់នៅក្នុងយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Egypt Air អាចគេចខ្លួនរួចដោយគ្មានត្រូវរបួសអ្វីទេ នៅមុនពេលបុរសនេះប្រគល់ខ្លួនឱ្យអាជ្ញាធរនៅឯចំណតយន្តហោះ Larnaca នៅភាគខាងត្បូងនៃប្រទេសស៊ីប។
លោក Nikos Christodoulides អ្នកនាំពាក្យរដ្ឋាភិបាលស៊ីបបាននិយាយតាម Twitter ថា «អ្នកប្លន់យន្តហោះនេះត្រូវបានចាប់ខ្លួនហើយ...អ្នកដំណើរនិងបុគ្គលិកលើយន្តហោះទាំងអស់មានសុវត្ថិភាព»។
ក្រុមមន្ត្រីអេហ្ស៊ីប និងស៊ីប បាននិយាយថា ឧប្បត្តិហេតុនេះគ្មានទាក់ទិននឹងភេរវកម្មទេ។ ក្រុមមន្ត្រីទាំងនេះបានពណ៌នាបុរសនេះដែលឈ្មោះថា Seif el-Din Mustafa ថាជាមនុស្សមានអស្ថិរភាពខាងផ្លូវចិត្ត។ ហេតុដែលនាំឱ្យគាត់ប្លន់យន្តហោះនេះមិនច្បាស់លាស់ទេ។
របាយការណ៍ខ្លះនិយាយថា ចោរប្លន់យន្តហោះនេះបានទាមទារជួបនឹងអតីតប្រពន្ធគាត់ដែលរស់នៅក្នុងប្រទេសស៊ីប។ សេចក្តីរាយការណ៍ខ្លះទៀតនិយាយថា គាត់បានសុំជួបជាមួយក្រុមមន្ត្រីសហភាពអឺរ៉ុប។ របាយការណ៍ខ្លះទៀតថ្លែងថា គាត់ត្អូញត្អែរអំពីអ្នកទោសនយោបាយស្រីៗនៅក្នុងប្រទេសអេហ្ស៊ីប។
កាលពីថ្ងៃអង្គារពេលមុននេះ លោកប្រធានាធិបតីស៊ីប Nicos Anastasiades បាននិយាយប្រាប់ក្រុមអ្នកកាសែតថា បុរសនេះមានបញ្ហាផ្ទាល់ខ្លួន។
លោកបានថ្លែងថា «តែងតែមានរឿងជាមួយស្ត្រីម្នាក់ជានិច្ច»។
ជាដំបូងឡើយក្រុមមន្ត្រីអេហ្ស៊ីបបានរាយការណ៍ថា អ្នកប្លន់យន្តហោះនោះបានគំរាមកំហែងបំផ្ទុះអាវកាក់ដាក់គ្រឿងផ្ទុះសម្រាប់ធ្វើអត្តឃាតមួយនៅក្នុងយន្តហោះនោះ ដែលបានធ្វើដំណើរពីក្រុង Alexandria ទៅកាន់ក្រុងគែរ។នៅពេលបន្ទាប់មកក្រុមមន្ត្រីទាំងនេះនិយាយថា អាវកាក់គ្រឿងផ្ទុះនោះជាអាវក្លែងក្លាយ៕