ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសថា ខ្លួននឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីធានាសុវត្ថិភាពដល់ជនជាតិកូរ៉េខាងជើង ៧ នាក់ដែលកំពុងជាប់ឃុំនៅប្រទេសចិន បន្ទាប់ពីពួកគេលួចរត់ចេញពីកូរ៉េខាងជើង។
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បាននិយាយថា៖ «យើងកំពុងប្រើមធ្យោបាយការទូតគ្រប់វិធីទាំងអស់ ដើម្បីធានាឲ្យបានថា ពួកជនជាតិកូរ៉េខាងជើងទាំងនោះមានសុវត្ថិភាព និងរារាំងមិនឲ្យមានការចាប់បញ្ជូនពួកគេទាំងនោះត្រឡប់ទៅកូរ៉េខាងជើងវិញ»។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងសេអ៊ូល នៅថ្ងៃសុក្រនេះ លោកស្រី Kang មិនបានធ្វើការអត្ថាធិប្បាយលម្អិតអំពីករណីនេះទេ ដោយលោកស្រីចាត់ទុកថា ករណីនេះគឺជារឿងសំខាន់។
លោកស្រី Kang បាននិយាយបន្តទៀតថា៖ «សុវត្ថិភាពរបស់ពួកគេជារឿងសំខាន់បំផុត។ វាក៏តម្រូវឲ្យមានការពិភាក្សាគ្នាច្បាស់លាស់ជាមួយនឹងប្រទេសជាម្ចាស់ផ្ទះ មិនថាពួកគេនៅកន្លែងណានោះទេ»។
ជនជាតិកូរ៉េខាងជើងទាំង ៧ នាក់នោះអាចប្រឈមនឹងការចាប់បញ្ជូនឲ្យត្រឡប់ទៅកូរ៉េខាងជើងវិញ ដែលនៅទីនោះពួកគេអាចប្រឈមនឹងទារុណកម្មផ្សេងៗ ដូចជាការបង្ខំឲ្យធ្វើការ ជាប់ក្នុងពន្ធនាគារ ទទួលទារុណកម្ម ឬត្រូវប្រហារជីវិត។
ប្រទេសចិនមិនទទួលស្គាល់ជនជាតិកូរ៉េខាងជើងជាជនភៀសខ្លួននោះទេ។ ផ្ទុយទៅវិញ ប្រទេសចិនបានចាត់ទុកជនជាតិកូរ៉េខាងជើងថា ជាជនចំណាកស្រុកខុសច្បាប់ ហើយជាទូទៅចាប់បញ្ជូនពួកគេទៅកូរ៉េខាងជើងវិញ។
យោងតាមពួកសកម្មជនបានឲ្យដឹងថា ជនជាតិកូរ៉េខាងជើងទាំង ៧ នាក់នេះត្រូវបានអាជ្ញាធរចិនចាប់ខ្លួន កាលពីខែមុន នៅភាគឦសាននៃខេត្ត Liaoning បន្ទាប់ពីពួកគេព្យាយាមឆ្លងទន្លេ Yalu ដែលខាន់ចែកប្រទេសចិននិងកូរ៉េខាងជើង។
ក្នុងចំណោមជនជាតិកូរ៉េខាងជើងដែលជាប់ឃុំទាំងនោះ មានក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់។ ម្តាយរបស់ក្មេងស្រីនេះបានរត់ចេញពីកូរ៉េខាងជើងជាច្រើនឆ្នាំមកហើយ និងកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ អ្នកស្រីតែងតែមានវត្តមាននៅក្នុងបាតុកម្មជាច្រើន នៅទីក្រុងសេអ៊ូល ទាមទារឲ្យអាជ្ញាធរចាត់វិធានការដើម្បីឲ្យដោះលែងកូនស្រីរបស់អ្នកស្រី៕