ចំនួន​ប្រជាជន​កូរ៉េ​ខាង​ត្បូង​ធ្លាក់​ចុះ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ២០២០

រូបឯកសារ៖ គិលានុបដ្ឋាយិកា​ម្នាក់​មើល​ថែ​ទារក​ដែល​ទើប​នឹង​កើត​នៅ​មន្ទីរពេទ្យ​មួយ ក្នុង​ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧។

ទិន្នន័យ​ជំរឿន​ថ្មី​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​សប្តាហ៍​ទី១​នៃ​ខែមករា​នេះ​បង្ហាញ​ថា ចំនួន​ប្រជាជន​កូរ៉េ​ខាង​ត្បូង​បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ២០២០។ ​ការណ៍​នេះ​ធ្វើ​ឱ្យ​មាន​ការ​បារម្ភ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ដែល​មាន​អត្រា​កំណើត​ទាប​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​នេះ។

ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ប្រជាជន​សរុប​ចំនួន​ ៥១.៨២៩.០២៣ នាក់​គិត​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ នេះ​បើ​យោង​តាម​តួលេខ​ចេញ​ផ្សាយ​ដោយ​ក្រសួង​មហាផ្ទៃ និង​សុវត្ថិភាព។ ទិន្នន័យ​នេះ​ក៏​បង្ហាញ​ផង​ដែរ​ថា ប្រទេស​នេះ​មាន​ចំនួន​ទារក​កើត​ទាប​រហូត​ដល់ ២៧៥.៨១៥ នាក់​បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន ៣០៧.៧៦៤ នាក់​ នៅ​ក្នុង​ឆ្នាំ២០១៩ ដែល​នេះ​ជា​ការ​ធ្លាក់​ចុះ​ចំនួន​ ៣,១%។​

ទិន្នន័យ​នេះ​ក៏​បង្ហាញ​ថា ចំនួន​ប្រជាជន​កូរ៉េ​ខាង​ត្បូង​មាន​អត្រា​វ័យ​ចាស់​ជរា​លឿន ដោយ​មាន​ប្រជាជន​លើស​ពី​៣០%​ស្ថិត​ក្នុង​វ័យ៤០ឆ្នាំ និង​៥០ឆ្នាំ និង​ជិត​១/៤​ស្ថិត​ក្នុង​វ័យ​៦០ឆ្នាំ ឬ​ចាស់​ជាង​នេះ។

ក្រសួង​មហាផ្ទៃ និង​សុវត្ថិភាព​និយាយ​ថា អត្រា​កំណើត​របស់​កូរ៉េ​ខាង​ត្បូង​ដែល​កំពុង​ធ្លាក់​ចុះ​នេះ​បង្ហាញ​ថា «ត្រូវ​មាន​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​នៅ​ក្នុង​គោលនយោបាយ​រដ្ឋាភិបាល​ដូចជា គោលនយោបាយ​សុខុមាលភាព អប់រំ និង​ការ​ការពារ​ជាតិ»។

អ្នក​ជំនាញ​បាន​ចង្អុល​បង្ហាញ​ហេតុផល​ជាច្រើន​ចំពោះ​អត្រា​កំណើត​ធ្លាក់​ចុះ​នេះ រួម​មាន​ការ​ចំណាយ​ខ្ពស់​សម្រាប់​ការ​រស់នៅ និង​សង្គម​ដែល​មាន​ការ​ប្រកួតប្រជែង​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ធ្វើ​ឱ្យ​មនុស្ស​ពេញ​វ័យ​ក្មេងៗ​ចង់​បាន និង​រក្សា​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍ និង​ការ​បង្កើត​កូន​របស់​ពួកគេ។

នា​ពេល​ថ្មីៗ​នេះ​ លោក​ប្រធានាធិបតី Moon Jae-in បាន​បង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​មួយ​ដែល​មាន​គោលបំណង​បង្កើន​ចំនួន​ប្រជាជន​កូរ៉េ​ខាង​ត្បូង​ រួម​ទាំង​ការ​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​សម្រាប់​ការ​ផ្តល់​កំណើត​កូន ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជា​សាច់ប្រាក់​ប្រចាំ​ខែ​សម្រាប់​កុមារ និង​អត្ថប្រយោជន៍​បន្ថែម​សម្រាប់​គ្រួសារ​ដែល​មាន​កូន​ច្រើន៕