ការរញ្ជួយផែនដីដ៏ខ្លាំងមួយបានកើតមានឡើងនៅរសៀលថ្ងៃអង្គារនេះនៅក្នុងប្រទេសនេប៉ាល់ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ក៏២៤នាក់នៅក្នុងប្រទេសដែលកំពុងដោះស្រាយនូវការរញ្ជួយផែនដីដ៏បំផ្លិចបំផ្លាញដែលបានកើតមានឡើងមិនដល់៣សប្តាហ៍ផង។
មជ្ឈមណ្ឌលជាតិប្រតិបត្តិការសង្រ្គោះបន្ទាន់នេប៉ាល់បានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ក៏៣៣៥នាក់ដែរបានរងរបួស។
ការស្រាវជ្រាវភូគព្ភសាស្រ្តរបស់សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ការរញ្ជួយផែនដីដែលមានកម្លាំង៧,៣ រ៉ិចទ័រ មានចំណុចកណ្តាលប្រហែល៨០គីឡូម៉ែត្រភាគខាងកើតរដ្ឋធានីកដ្ឋមណ្ឌូ (Kathmandu)។
ក្នុងរយៈពេលមួយម៉ោង មានការរញ្ជួយផែនដីមួយទៀតបានកើតមានឡើងនៅក្នុងតំបន់នោះដោយមានកម្លាំងដ៏ខ្លាំងបំផុតគឺ ៦,៣រ៉ិចទ័រ។
លោកស្រី Rose Foley នៃអង្គការ UNICEF ដែលបានស្ថិតនៅក្នុងទីក្រុងកដ្ឋមណ្ឌូនៅពេលដែលមានការរញ្ជួយផែនដីនោះបាននិយាយថា បុគ្គលិករបស់ទីភ្នាក់ងារ បានជ្រកនៅក្រោមតុនៅពេលដែលអាគារបានរង្គើ ហើយក្រោយមកបានរត់គេចទៅខាងក្រៅ។
លោកស្រីបានមានប្រសាសន៍ថា «អង្គុយនៅខាងក្រៅកណ្តាលវាល វាមានអារម្មណ៍ថាដូចជាខ្ញុំស្ថិតនៅលើទូកកណ្តាលសមុទ្រនៅពេលដែលការរញ្ជួយផែនដីម្តងទៀតបានកើតមានឡើង។»
លោកស្រីមានប្រសាសន៍ទៀតថា អង្គការសហប្រជាជាតិមានការព្រួយកង្វល់អំពីផលប៉ះពាល់លើកូនក្មេងដែលកំពុងខ្វះខ្វាតរួចទៅហើយ បន្ទាប់ពីការរញ្ជួយផែនដីថ្ងៃទី២៥ ខែមេសា។
ចំណុចនៃការរញ្ជួយផែនដីនៅថ្ងៃអង្គារនេះ នៅប្រហែល១០០គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយផែនដីកាលពីថ្ងៃទី២៥ ខែមេសា ដែលបានសម្លាប់មនុស្សជាង៨០០០នាក់ហើយនឹងធ្វើឲ្យមនុស្សរាប់ពាន់នាក់ទៀតគ្មានទីកន្លែងរស់នៅ៕